កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ឈរជើងប៉េអឹម៦នាក់
ចុះផ្សាយនៅថ្ងៃ៖
បន្ទាប់ពីចុះស្រាវជ្រាវអស់រយៈពេលជាង១០ថ្ងៃ គណៈកម្មការចំពោះកិច្ចរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរកឃើញមន្ត្រីកងរាជអាវុធហត្ថខេត្តព្រៃវែង និងត្បូងឃ្មុំចំនួន១២នាក់ដែលបានប្រព្រឹត្តអំពើហិង្សាលើអ្នកបើកបររថយន្តដឹកស្រូវនៅក្នុងខេត្តព្រៃវែងកាលពីថ្ងៃទី១៩ មីនា។ នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃសុក្រនេះ គណៈកម្មការចំពោះកិច្ច បានបញ្ជាក់ថា កម្លាំងកងរាជអាវុធហត្ថចំនួន៦ នាក់ក្នុងចំណោម១២នាក់នេះត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ឈរជើង និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការរួចរាល់ហើយ។
កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសម្រេចផ្អាកមុខងារបណ្តោះអាសន្នរបស់ប៉េអឹមក្រោមឱវាទរបស់ខ្លួនចំនួន៦នាក់។ គឺជាការផ្អាក បន្ទាប់ពីរកឃើញថា ពួកគេទាំងនោះ បានប្រើប្រាស់អំពើហិង្សាយ៉ាងឃោរឃៅទៅលើអ្នកបើកបររថយន្តដឹកស្រូវចំនួនពីរនាក់នៅក្នុងខេត្តព្រៃវែងកាលពីយប់ថ្ងៃទី១៩ មីនាកន្លងទៅ។ ប៉េអឹមទាំងនោះ គឺនៅក្នុងខេត្តព្រៃវែងចំនួន៣ នាក់ និងខេត្តត្បូងឃ្មុំចំនួន៣នាក់។
លោកស៊ិន សុផានី ប្រធានគណៈកម្មការចំពោះកិច្ចដែលបានចុះទៅស្រាវជ្រាវសំណុំរឿងនេះ បានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា ការសម្រេចផ្អាកមុខងារបណ្តោះអាសន្ននេះ គឺដើម្បីទុកផ្លូវឲ្យតុលាការដោះស្រាយសំណុំរឿងនេះទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ជូនថា ដើមចមដែលនាំឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឈានទៅដល់ការបញ្ឈរជើងមន្ត្រីរបស់ខ្លួនទាំងនេះ ដោយសារមានករណីហិង្សាមួយបានកើតឡើងនៅក្នុងខេត្តព្រៃវែង។នោះ គឺកាលពីយប់ថ្ងៃទី១៩ មីនាកន្លងទៅ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ រួមទាំងកងកម្លាំងនគរបាលផ្សេងទៀត បានឃាត់រថយន្តដឹកស្រូវមួយគ្រឿង ដោយសារបានបើកគេចពីជញ្ជីងចល័តរបស់សមត្ថកិច្ច។ ក្នុងហេតុការណ៍នោះ សមត្ថកិច្ចចម្រុះបានប្រើប្រាស់អំពើហិង្សាយ៉ាងឃោរឃៅលើអ្នកបើកបរ ដោយបានចងដៃ ជាន់ក្បាល ដាក់ច្រវ៉ាក់ជើង និង វាយដំយ៉ាងដំណំ។ ក្រោយពីកើតហេតុ បណ្តាសារព័ត៌មាន និងបណ្តាញសង្គមហ៊ុសបុក បានផ្សព្វផ្សាយជាច្រើនពីទង្វើដ៏សាហាវយង់ឃ្នងនោះ។ ការណ៍នេះ បានធ្វើកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដើម្បីស៊ើបអង្កេតស្វែងរកការពិត។ ការពិត គឺមន្ត្រីកងរាជអាវុធខេត្តព្រៃវែងចំនួន៥នាក់ និង ខេត្តត្បូងឃ្មុំចំនួន៧នាក់ ត្រូវបានរកឃើញថា ជាប់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សានោះ។
បើតាម លោកស៊ិន សុផានី ពួកគេទាំង១២នាក់ ត្រូវបានរកឃើញនូវកំហុសមួយចំនួនរួមមានដូចជា បានអនុវត្តផ្ទុយពីក្រមសីលធម៌ អនុវត្តខុសច្បាប់ស្តីពីលក្ខខន្តិកទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ប្រព្រឹត្តខុសនឹងអនុក្រិត្យរបស់រដ្ឋាភិបាលស្តីពីបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ប្រព្រឹត្តខុសនឹងច្បាប់ព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ។
ក្រៅពីបញ្ឈរជើងកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង និងត្បូងឃ្មុំទាំង៦នាក់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានដាក់វិន័យដល់កម្លាំងកងរាជអាវុធហត្ថនៃខេត្តទាំងពីរចំនួន៦នាក់ទៀតផងដែរ។ ក្នុងនោះ២ នាក់ត្រូវធ្វើការអប់រំឡើងវិញ និង ៤នាក់ទៀត ត្រូវស្តីបន្ទោសជាលាយលក្ខណ៍អក្សរ។
យ៉ាងណាក៏ដោយ លោកស៊ិន សុផានី បានគូសបញ្ជាក់ថា មន្ត្រីកងរាជអាវុធហត្ថទាំង៦នាក់នោះ ត្រូវបានឃាត់ខ្លួនបញ្ចូនទៅតុលាការខេត្តព្រៃវែងរួចរាល់ហើយ ដើម្បីដោះស្រាយតាមផ្លូវច្បាប់។ ចំណែកមន្ត្រីពាក់ព័ន្ធផ្សេងទៀតដែលមិនមែនជាកម្លាំងកងរាជអាវុធហត្ថ នឹងត្រូវសាមីស្ថាប័នដាក់វិន័យ និងដោះស្រាយតាមផ្លូវតុលាការដូចគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ