វិញ្ញាសារកីឡាមួយចំនួនត្រូវបានផ្អាកប្រកួត ជើងហោះហើរដឹកជញ្ជូនកីឡាករទៅកាន់ហ្វីលីពីន ក៏ត្រូវលើកពេលដោយសារព្យុះ
ចុះផ្សាយនៅថ្ងៃ៖
ប្រភេទកីឡាមួយចំនួន ដែលធ្វើការប្រកួតនៅក្រៅសាលត្រូវបានផ្អាកនៅថ្ងៃទី០៣ខែធ្នូនេះ និងថ្ងៃស្អែក នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ដោយសារតែការរំខានពីសំណាក់ព្យុះទីហ្វុង ឈ្មោះKammuri។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC និងជានាយបេសកកម្មកីឡាស៊ីហ្គេមកម្ពុជា បានប្រាប់វិទ្យុបារាំងពីប្រទេសហ្វីលីពីនមកថា កីឡាករ កីឡាការិនីកម្ពុជា ត្រូវបានប្រាប់ឲ្យមានការប្រុងប្រយ័ត្ន ខណៈប្រទេសម្ចាស់ផ្ទះហ្វីលីពីន បានប្រកាសអាសន្នពីការមកដល់នៃព្យុះមួយនេះ។ តាមលោក វ៉ាត់ ចំរើន ជើងហោះហើរដឹកកីឡាករកម្ពុជាដែលទៅចូលរួមប្រកួតនៅថ្ងៃនេះ និងកីឡាករ ដែលប្រកួតចប់ ហើយត្រូវត្រលប់មកផ្ទះវិញ ត្រូវបានពន្យាពេល។ ដោយឡែក ប្រតិភូកីឡាកម្ពុជា កំពុងតែសម្របសម្រួលការប្រកួតមួយចំនួនជាមួយហ្វីលីពីន ពីការខកខានប្រកួត ដែលបណ្តាលមកពីបាតុភូតធម្មជាតិនេះ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានបញ្ចូនកីឡាករ និងប្រតិភូទៅចូលរួមកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីននេះ មានចំនួន៤០០នាក់ ហើយមកទល់ថ្ងៃនេះ កម្ពុជាទទួលបានមេដាយចំនួន១៩ ក្នុងនោះមេដាយមាស១ មេដាយប្រាក់២ និងមេដាយសំរិតចំនួន១៥។ កម្ពុជាឈរបណ្តោះអាសន្ននៅលំដាប់លេខរៀងទី៨ លើប្រទេសភូមា ឡាវ និងទីម័រខាងកើត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ