កម្ពុជា-ច្បាប់

​អង្គការ សមាគម​ចំនួន​១០០​ស្នើ​ឲ្យ​ផ្អាក​គម្រោង​សាង​សង់​ទាំង​អស់​នៅ​ខេត្ត​ព្រះ​សីហនុ រង់​ចាំ​ការ​វាយ​តម្លៃ​ពី​ស្ថាប័ន​ជំនាញ​

អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍ ដែល​បំរើ​ការងារ​ក្រៅ​រដ្ឋា​ភិបាល​ចំនួន​១០០ នៅ​ថ្ងៃ​ចន្ទ​ទី០១​ខែ​កក្កដា​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​អំពាវនាវ​ដល់​រដ្ឋា​ភិបាល ឲ្យ​មាន​ការ​ធានា​នូវ​គុណ​ភាព​សំណង់ និង​សុវត្ថិភាព​កម្មករ​សំណង់​នៅ​កម្ពុជា​។ ការ​អំពាវ​នាវ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដូច្នេះ ធ្វើ​ឡើង​ក្រោយ​ពេល​១០​ថ្ងៃ បន្ទាប់​ពី​មាន​ការ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះ​សីហនុ បណ្តាល​ឲ្យ​កម្មករ​សំណង់​សរុប​៥៤​នាក់​ស្លាប់ និង​របួស​។ 

ក្រុមជួយសង្គ្រោះបានរកឃើញសាកសពអ្នកស្លាប់ដោយសារការរលំអគារ
ក្រុមជួយសង្គ្រោះបានរកឃើញសាកសពអ្នកស្លាប់ដោយសារការរលំអគារ @សហការី
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​នានា​ចំនួន​១០០ នេះ បាន​ស្នើ​ឲ្យ​មាន​វិធាន​ការ​ចំនួន​៥​ចំណុច​ទាក់​ទង​ទៅ​នឹង​ការ​សាង​សង់ បន្ទាប់​ពី​មាន​ការ​បាក់​អគារ​យ៉ាង​រន្ធត់​នៅ​ខេត្ត​ព្រះសីហនុ​រយៈ​ពេល​ជាង​១សប្តាហ៍​កន្លង​ទៅ​នេះ​។ ចំណុច​ទាមទារ​ទាំង​នោះ គឺ​សុំ​ឲ្យ​ផ្អាក​ជា​បន្ទាន់ នូវ​គម្រោង​សាង​សង់​ទាំង​អស់​នៅ​ខេត្ត​ព្រះ​សីហនុ រង់​ចាំ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ វាយ​តម្លៃ​ពី​ស្ថាប័ន​ជំនាញ ដើម្បី​ឲ្យ​ប្រាកដ​ថា គម្រោង​សាង​សង់​នីមួយៗ​មាន​ច្បាប់​អនុញ្ញាត និង​មាន​គុណ​ភាព​តាម​ស្តង់​ដារ​សុវត្ថិភាព​។

ជាមួយ​គ្នា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​ជម្រុញ​ផង​ដែរ ឲ្យ​មាន​ការ​ចុះ​ធ្វើ​អធិការ​កិច្ច​ការងារ​ជា​ប្រចាំ​ឲ្យ​មាន​ប្រសិទ្ធ​ភាព និង​តម្លា​ភាព ដើម្បី​ពិនិត្យ​មើល​អំពី​លក្ខ​ខណ្ឌ​សុវត្ថិភាព និង​បទ​ដ្ឋាន​ការងារ​របស់​កម្មករ​សំណង់ នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

ក្រៅ​ពីនេះ អង្គការ​សង្គម​ស៊ីវិល ដែល​ក្នុង​នោះ​មាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លីកា​ដូរ អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​ការងារ(សង់ត្រាល់) និង​អង្គការ សមាគម​ក្នុង​ស្រុក និង​បរទេស​នៅ​តាម​វិស័យ​នានា​ជា​ច្រើន​ទៀត បាន​សំណូម​ពរ​ឲ្យ​មាន​ការ​ផ្តល់​សំណង​សមរម្យ​ដល់​ជន​រង​គ្រោះ ស្រាវ​ជ្រាវ​រក​ជន​ល្មើស និង​អ្នក​សម​គំនិត​ឲ្យ​មក​ទទួល​ទោស​តាម​ច្បាប់ និង​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់ នូវ​សកម្មភាព​ម៉ៅ​ការ​ដែល​គ្មាន​អាជ្ញា​ប័ណ្ឌ និង​អនុវត្ត​បទ​ដ្ឋាន និយាម​សុវត្ថិភាព​គ្រប់​ការ​ដ្ឋាន​សំណង់​។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី២២​ខែមិថុនា កម្មករ​សំណង់​ចំនួន​២៨​នាក់ បាន​ស្លាប់ និង​២៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស ដោយ​សារ​ការ​បាក់​រលំ​អគារ​ដែល​មាន​កំពស់​៧​ជាន់ នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ជា​ខេត្ត​ដែល​ទទួល​បាន​ការ​អភិវឌ្ឍ​ដោយ​ល្បឿន​លឿន ពី​សំណាក់​អ្នក​វិនិយោគ​ចិន​។

ក្រសួង​ដែន​ដី​មិន​មាន​ការ​ធ្វើ​អត្ថា​ធិប្បាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ជុំវិញ​ការ​ស្នើ​ឡើង​របស់​អង្គ​ការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​នេះ​។ ក៏​ប៉ុន្តែ​មួយ​ថ្ងៃ​ក្រោយ​ការ​បាក់​អគារ ក្រសួង​ដែនដី តាម​បញ្ជា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានបង្កើត​ក្រុមការងារ​ពិសេស​មួយ ដែល​បែង​ចែក​ជា​៨ក្រុម​ ​ដើម្បី​គាំទ្រ​ដល់​ការស្រាវជ្រាវ​ ជាពិសេស​សិក្សា​លម្អិត​ទៅលើ​ករណី​នៃ​ការ​បាក់​រលំ​អគារ​កម្ពស់៧ជាន់​នេះ។ ជា​លទ្ធផល​ក្រុម​ការងារ​ក្រសួង​ដែន​ដី​បាន​រក​ឃើញ​អគារ​ដែល​សាងសង់​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន​៦ ក្នុង​នោះ​នៅ​ខេត្ត​ព្រះ​សីហនុ​ចំនួន​៥ និង​នៅ​ភ្នំពេញ​១អគារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI