កម្ពុជា

លោក​សម រង្ស៊ី ​ចោទ​​រដ្ឋាភិបាល​​ខ្មែរ​​ថា ​កំពុង​​ធ្វើ​សង្គ្រាម​​ប្រឆាំង​​រាស្ត្រ​​ឯង​

លោក​សម រង្ស៊ី ​ចោទ​​រដ្ឋាភិបាល​​ខ្មែរ​​ថា ​កំពុង​​ធ្វើ​សង្គ្រាម​​ប្រឆាំង​​រាស្ត្រ​​ឯង​
លោក​សម រង្ស៊ី ​ចោទ​​រដ្ឋាភិបាល​​ខ្មែរ​​ថា ​កំពុង​​ធ្វើ​សង្គ្រាម​​ប្រឆាំង​​រាស្ត្រ​​ឯង​ @Kem Sokha Facebook

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​យប់មិញ​នេះ​ពី​ក្រៅប្រទេស​បាន​បង្ហោះ​វី​ឌី​អូ​ក្លិប​មួយ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​បរិហារ​រ​ដ្ឋា​ភិ​បាល​ខ្មែរ​ជាថ្មី។ ជាការ​បរិហារ​ដោយ​ចោទថា រដ្ឋាភិបាល​ខ្មែរ​សព្វថ្ងៃ ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ​របស់​ប្រទេសជាតិ​ដោយ​ខុសច្បាប់ ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំងនឹង​ប្រជារាស្ត្រ​ខ្លួនឯង។

ផ្សាយពាណិជ្ជកម្ម

 

ការធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ប្រជារាស្ត្រ​ខ្លួនឯង​នេះ លោក​សម រង្ស៊ី បាន​ចែកចេញជា​ពីរ គឺ​មួយ ការធ្វើ​សង្គ្រាម​នយោបាយ តាមរយៈ​ប្រជាធិបតេយ្យ​ក្លែងក្លាយ​ដែល​គ្រាន់តែ​ជា​សម្បក​ក្រៅ ដើម្បី​ប្រើ​អំណាច​ផ្តាច់​ការជិះជាន់​ប្រជារាស្ត្រ និង​កម្ចាត់​អ្នក​ដែល​ហ៊ាន​ទាមទារ​សេរីភាព​និង​យុត្តិធម៌។ ចំណែក​ទី​ពីរ គឺ ការធ្វើ​សង្គ្រាម​សេដ្ឋកិច្ច តាមរយៈ​ការអភិវឌ្ឍន៍​ក្លែងក្លាយ ដែល​គ្រាន់តែ​ជា​ល្បិច​ដើម្បី​លួច​ប្លន់​ដីធ្លី​ប្រជារាស្ត្រ កាប់បំផ្លាញ​ព្រៃឈើ និង​យក​ទ្រព្យសម្បត្តិ​សាធារណៈ​ទៅ​លក់ដូរ​តាមចិត្ត។ បន្ថែម​លើ​នេះ លោក​ប្រមុខ​គណបក្សប្រឆាំង​កម្ពុជា ក៏បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​ខ្មែរ​រករឿង​អ្នក​សេ្ន​ហា​ជាតិ​ឥតឈប់ឈរ​បង្ក​ឲ្យ​មាន​ភាព​តាន​តឹ​ន ដើម្បី​ជា​លេស​ធ្វើបាប​ប្រជារាស្ត្រ​ខ្មែរ និង​បង្ក្រាប​អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ និង​អ្នក​ស្រឡាញ់​យុត្តិធម៌​ពិតប្រាកដ។

លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា បាន​ប្រតិកម្ម​ថា ការលើកឡើង​របស់លោក​សម រង្ស៊ី ទាំងនេះ គឺជា​ការ​ប្រឌិត​ដែល​លោក​ចាត់ទុក​លោក​សម រង្ស៊ី​ថា ជា​មនុស្ស​ពូកែ​ខាង​ប្រឌិត និង​ពូកែ​ខាង​ភូតភរ។ លោក​ផៃ ស៊ី​ផាន បាន​គូសបញ្ជាក់ថា ការ​លើកឡើងថា​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ក្លែងក្លាយ​នោះ គឺជា​ការ​ឲ្យ​តម្លៃ​តែម្នាក់ឯង​របស់លោក​ស​ម រង្ស៊ី តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកអ្នក​នាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា បាន​អះអាង​ដែរ​ថា រដ្ឋាភិបាល​កម្ពុ​ជាមាន​ភារកិច្ច​ក្នុងការ​ការពារ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សង្គម និង​សន្តិភាព​ជូន​ដល់​ប្រជាពលរដ្ឋ។

ជាការ​កត់សម្គាល់ ការ​បរិហារ​ទៅលើ​រដ្ឋាភិបាល​ខ្មែរ​ពី​សំណាក់​លោក​សម រង្ស៊ី​លើក​នេះ បានកើត​ឡើង ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​វាយប្រហារខ្លាំងៗលើ​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​គម្រោង​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំងប្រទេស ដើម្បី​ទាមទារ​ឲ្យ​មានការ​ចរចា​រវាង​គ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​គោលបំណង​បង្វិល​ស្ថាន​ការ​នយោបាយ​ឲ្យ​វិល​មករក​ភាពប្រក្រតី​ឡើងវិញ។ លោក​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​គូសបញ្ជាក់​ជាថ្មី​ថា មិនមាន​ការចរចា​ន​យោ​បាយ​ណាមួយ​រវាង​គណបក្ស​ទាំងពីរ​នោះឡើយ។

គួរ​ជំរាបជូន​ថា នៅពេលនេះ លោក​សម រង្ស៊ី កំពុងស្នាក់នៅ​ក្នុងប្រទេស​បារាំង បន្ទាប់ពី​តុលាការ​ខ្មែរ​បានចេញ​ដី​កោះហៅ​លោក​ជាច្រើន​ដង​លើ​សំណុំរឿងផ្សេងៗគ្នា​ស្ទើរ​រាប់មិនអស់។ ចំណែក​នៅថ្មីៗនេះ​ទៀតសោត លោក​សម រង្ស៊ី ក៏​កំពុង​ប្រឈមមុខ​នឹង​តុលាការ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  ជុំវិញ​ការអត្ថាធិប្បាយ​របស់លោក​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​ចោទ​រដ្ឋអំណាច​របស់លោក​ហ៊ុន សែន ថា​ជា​អ្នករៀបចំ​អំពើ​ភេរវកម្ម​បាញ់សម្លាប់​លោក បណ្ឌិត កែម ឡី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI