កម្ពុជា-ចិន

លោក ​សម ​រង្ស៊ី​ ចោទ​ថា ​លោក ​ហ៊ុន ​សែន ​សុខ​ចិត្ត​ឲ្យ​ពលរដ្ឋ​ស្លាប់​ដោយ​សារ​កូរ៉ូណា​ដើម្បី​ការ​ពារ​អំណាច​

法新社在武汉街头拍摄到的尸体,2020年1月30日。
法新社在武汉街头拍摄到的尸体,2020年1月30日。 法新社

មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​ចោទ​ប្រកាន់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក ហ៊ុន សែន ថា​សុខ​ចិត្ត​ទទួល​យក​ហានិ​ភ័យ ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ស្លាប់​ដោយ​ជំងឺ​មក​ពី​ប្រទេស​ចិន​ ព្រោះ​ត្រូវការ​ចិន​ដើម្បី​ការ​ពារ​អំណាច​ដែល​គាត់​ដឹក​នាំ​សព្វ​ថ្ងៃ​។​ ការ​ចោទ​ប្រកាន់​បែប​នេះ​របស់​លោក សម រង្ស៊ី ​គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រកាស​ថា​មិន​មាន​ការ​បិទ​ជើង​ហោះ​ហើរ​រវាង​កម្ពុជា​និង​ចិន​​ ដោយ​សារ​តែ​ផ្ទុះ​មេរោគ​កូរ៉ូណា​វីរុស​ឡើយ​។

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សំណេរ​នៅលើ​ហ្វេស​ប៊ុក​នៅថ្ងៃទី៣១​ខែ​មករា លោក សម រង្ស៊ី បាន​បន្ទោសធ្ងន់​ៗ​ទៅ​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ដែល​មិន​បិទ​ជើង​ហោះ​ហើរ​ពី​ប្រទេស​ចិន​។ ចិន​ដែល​កំពុង​បន្ត​រីក​រាល​ដាល​មេ​រោគ​កូរ៉ូណាវីរុស ដែល​កើន​ឡើង​ដល់​ជាង​មួយ​ម៉ឺន​ករណី និង​សម្លាប់​មនុស្ស​អស់​ជាង​២០០នាក់​គិត​ត្រឹម​ថ្ងៃទី​៣១​មករា​។

បើ​តាម លោក សម រង្ស៊ី ការ​ដែល​កម្ពុជា​មិន​បិទ​ជើង​ហោះហើរ​ពី​ប្រទេស​ចិន​នេះ​ មាន​ន័យ​ថា ​លោក​ ហ៊ុន សែន សុខ​ចិត្ត​ទទួល​យក​ហានិ​ភ័យ ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ស្លាប់​ដោយ​ជំងឺ​មក​ពី​ប្រទេស​ចិន​នេះ ពី​ព្រោះ​គាត់​ត្រូវ​ការ​ចិន ដើម្បី​ការ​ពារ​អំណាច​ដែល​គាត់​ដឹក​នាំ​សព្វ​ថ្ងៃ​។

យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែន បាន​អះអាង​ថា បើ​បិទ​ជើង​ហោះហើរ​ទាំង​អស់​ពី​ចិន គឺ​ស្មើ​នឹង​សម្លាប់​សេដ្ឋ​កិច្ច​កម្ពុជា​និង​កាត់​បន្ថយ​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា-ចិន​យ៉ាង​ដូច្នោះ​ដែរ​។

បើ​តាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា អ្នក​ដែល​រង​គ្រោះ​ខ្លាំង គឺ​អ្នក​រក​ស៊ី និង​ទេសចរ​ចិន ដែល​មិន​មាន​ផល​ប៉ះ​ពាល់ ខណៈ​លោក​អះអាង​ថា លោក​មិន​ខ្វល់​ពី​ប្រទេស​ផ្សេង​គិត​យ៉ាង​ម៉េច​នោះ​ឡើយ​ ប៉ុន្តែ​កម្ពុជា មិន​ជម្លៀស​ពលរដ្ឋ​ខ្មែរ​ចេញ​ពី​ចិន​នោះ​ឡើយ​។

ប៉ុន្តែ​អង្គការ​សុខភាព​ពិភព​លោក​បាន​ប្រកាស​ភាព​អាសន្នហើយ​ ឲ្យ​មាន​ការ​ទប់​ស្កាត់​វីរុសកូរ៉ូណា កុំ​ឲ្យរាល​ដាល​ពី​ប្រទេស​ចិន ចូល​មក​ប្រទេស​ផ្សេង​ទៀត​។ តួ​យ៉ាង​ប្រទេស​វៀតណាម​ដែល​នៅ​ក្បែរ​ខាងកម្ពុជា ប្រទេស​រុស្ស៊ី និងប្រទេស​មួយ​ចំនួន ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និត​ជា​មួយ​ប្រទេស​ចិន គឺសុទ្ធ​តែបាន​សម្រេច​បិទ​ព្រំដែន​របស់​ពួកគេ មិន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​ចូល​បាន​ឡើយ​។

សូម​បញ្ជាក់ថា នៅ​កម្ពុជា​ទើប​តែ​រក​ឃើញ​ករណី​ឆ្លង​មេរោគកូរ៉ូណាវីរុស​នេះ​មួយ​ករណី​ប៉ុណ្ណោះ​ទៅ​លើ​បុរស​ជនជាតិ​ដែល​មកពីទីក្រុង​វូហាន ហើយ​កំពុង​ស្នាក់​នៅ​ខេត្ត​ព្រះ​សីហនុ​ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ព្យាបាល​ដាច់​ដោយ​ឡែក​ពី​គេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI