កម្ពុជា-នយោបាយ

លោក ​សម​ រង្ស៊ី​ ដាក់​ផែន​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជា​ថ្មី​ក្នុង​ឆ្នាំ​២០​២០​នេះ​

លោក សម រង្ស៊ី ដែល​កំពុងនិរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​ដាក់​ចេញ​ផែន​ការ​ជា​ថ្មី​ថា​លោក​និង​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំង​នឹង​ធ្វើ​មាតុ​ភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កំណើត​វិញ​នៅ​ឆ្នាំ​២០២០​នេះ​។​ ការ​កំណត់​ផែន​ការ​ជា​ថ្មី​របស់​ប្រធាន​ស្តីទី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​ គឺ​៣​ខែ​ក្រោយ​លោក​ខក​ខាន​ចូល​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៩​វិច្ឆិកា​ឆ្នាំ​២០១៩​។

លោក សម រង្ស៊ី និង​សហការីនៅទីក្រុង​ឡូវែល8-2-2020
លោក សម រង្ស៊ី និង​សហការីនៅទីក្រុង​ឡូវែល8-2-2020 @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ច​ពិភាក្សា​ជា​មួយ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់ របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ទី​ក្រុង​ឡូវែល រដ្ឋ​ម៉ាស្សា​ជូសេត សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​៨​ខែ​កុម្ភៈ លោក​សម រង្ស៊ី បាន​ប្រាប់​ទៅ​សហការី ​និង​អ្នក​គាំ​ទ្រ​របស់​លោក​ឲ្យ​រៀប​ចំ​ផែន​ការ​លម្អិត​ចំពោះ​គម្រោង​មាតុ​ភូមិ​និវត្តន៍​ជា​ថ្មី​នេះ​។​

​លោក អេង ឆៃអ៊ាង អនុ​ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ចូលរួម​កិច្ច​ប្រជុំ​ជា​មួយ​លោក សម រង្ស៊ី នោះ​បាន​ថ្លែង​ថា​ ផែន​ការ​លម្អិត​នៃ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ឆ្នាំ​២០២០​នេះ គឺ​លោក​នឹង​មាន​ការ​ប្រជុំ​ជា​មួយ​អ្នក​គាំទ្រ​ជា​លម្អិត​នៅ​ពេល​ក្រោយ ដោយ​មិន​អាច​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​បានទេ​។

ជាការ​កត់​សំគាល់ ការ​ដាក់​ផែន​ការ​វិល​ចូល​ស្រុក​វិញជាលើកទី២​របស់ លោក សម រង្ស៊ី គឺស្របពេល​សម្លេង​បែក​ធ្លាយ​មួយ​ដែល​គេ​ស្គាល់​ថា ជា​សម្លេង​របស់​អ្នក​តំណាង​រាស្ត្រ​អតីត​គណ​បក្សប្រឆាំងម្នាក់​ បាន​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​និង​អតីត​គណ​បក្ស​ប្រឆាំង កំពុង​ស្វែង​រក​ការ​ចរចា​គ្នា​មួយ នៅ​មុន​សេច​ក្តី​សម្រេច​លើ EBA។ ការ​ចរចា​គ្នា គឺ​ធ្វើ​ឡើង​រវាង​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​អន្តរ​ជាតិ​ផង​។ ក៏​ប៉ុន្តែ​អ្នកនាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​ បាន​ចាត់​ទុក​សម្លេង​បែក​ធ្លាយ​នេះ​ថា ជា​ល្បិច​របស់​អតីត​គណ​បក្ស​ប្រឆាំង​ប៉ុណ្ណោះ ហើយថាជា​ជំហរ​របស់​គណ​បក្ស​កាន់​អំណាច គឺ​គ្មាន​ការ​ចរចា​ឡើយ​។

យ៉ាងណា​ក៏​ដោយ បើ​តាម លោក សម រង្ស៊ី នៅ​ពេល​ដែល​សហភាព​អឺរ៉ុប​ធ្វើ​ការ​សម្រេ​ចិត្ត​ចុង​ក្រោយ​លើ​បញ្ហា​EBA នោះ​គឺ​ជា​សម្ពាធ​បន្ថែម​ទៀត​ធ្លាក់​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ហើយ​ពេល​នោះគឺ​ជា​ឱកាស​ល្អ​ដែល​ផែន​ការ​វិល​ចូល​ស្រុក​របស់​លោក​ទទួល​បាន​ជោគ​ជ័យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI