លោក សម រង្ស៊ី ចំអកជាថ្មីឲ្យតុលាការកាត់ទោសលោកទន្ទឹមលោក កឹម សុខា ដែរ
ចុះផ្សាយនៅថ្ងៃ៖
លោក សម រង្ស៊ី ដែលពេលនេះកំពុងនៅសហរដ្ឋអាមេរិកបានចេញសារនយោបាយនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩នេះ ដោយចំអកឲ្យតុលាការកម្ពុជា កាត់ទោសរូបលោក ពីបទក្បត់ជាតិ ទន្ទឹមនឹងលោក កឹម សុខា ដែរ ។ ការលើកឡើងបែបចំអករបស់លោក សម រង្ស៊ី ជាថ្មីទៀតនេះ គឺស្របដែលចៅក្រមស៊ើបសួរបានសម្រេចបញ្ជួនសំណុំរឿងលោក កឹម សុខា ដែលតុលាការចោទថាក្បត់ជាតិនោះ ទៅធ្វើការជំនុំជម្រៈនៅថ្ងៃទី១៥ខែមករា ឆ្នាំ២០២០ខាងមុខ។
ការដែលលោក សម រង្ស៊ី ចំអកបែបនេះ ត្រូវ បានមេដឹកនាំបក្សប្រឆាំងរូបនេះ អះអាងថា លោកមានការ«ពាក់ព័ន្ធច្រើនជាង ញឹកញាប់ជាង ហើយស៊ីជម្រៅជាងលោក កឹម សុខា ក្នុងការទាក់ទងជាមួយអង្គការអាមេរិកាំងនានា ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្នុងឋានៈលោកជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ ២០១៣ គឺនៅពេលដែលគេដកស្រង់ពាក្យសម្តីលោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ យកមកធ្វើជាមូលដ្ឋាន នៃការចោទប្រកាន់ ពីបទក្បត់ជាតិនោះ"។ នេះបើតាមហ្វេសប៊ុកលោក សមរង្ស៊ី។
លោក សម រង្ស៊ី បានរំឭកថា តាំងពីលោកនៅជាប្រធានគណបក្ស សម រង្ស៊ី ម្ល៉េះគឺ នៅឆ្នាំ២០០២លោកមានទំនាក់ទំនងជាមួយអង្គការអាមេរិកាំងមួយហៅកាត់ថា IRI ដែលផ្តល់ជំនួយផ្លូវចិត្ត ជំនួយសិក្ខាសាលា ក្នុងដំណើរការបក្សប្រឆាំងនៅកម្ពុជា។
បើតាម លោក សម រង្ស៊ី ប្រសិនបើ តុលាការកម្ពុជា កាត់ទោស លោក កឹម សុខា ដោយសារតែមានទំនាក់ទំនងជាមួយបរទេស គឺគួរតែកាត់ទោស លោក សម រង្ស៊ី និងសហរដ្ឋអាមេរិកផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែធ្នូ សាលាឧទ្ធរណ៍ បានច្រានចោលបណ្តឹងជំទាស់របស់សហមេធាវីការពារក្តី លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលបានប្តឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងដោយបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ ហើយតុលាការជាន់ទាបនេះគ្រោងបើកសវនាការលើករណីលោក កឹម សុខា នៅថ្ងៃ១៥ខែមករាឆ្នាំ២០២០។
សម្រាប់លោក សម រង្ស៊ី បានសម្មត់ជាមុនហើយថាការកាត់ទោសលោក កឹម សុខា នៅថ្ងៃ ១៥ មករា ២០២០ ខាងមុខគឺបង្ហាញពីភាពទាល់ច្រក របស់លោក ហ៊ុន សែន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ