កម្ពជា

សម្តេច​ក្រុម​ព្រះ​៖​​“​សម្តេច​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន សែន​​ចង់​​ធ្វើ​អី​ ខ្ញុំ​​គាំទ្រ​​លោក​​ទាំង​អស់​”​

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ RFI/ Siv Channa

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​ព្រឹក​នេះ បានរៀបចំ​សមាជ​វិសាមញ្ញ​របស់ខ្លួន​ដើម្បី​ផ្លាស់ប្តូរ​រូប​សញ្ញា​ថ្មី​របស់​គណបក្ស និង​កែសម្រួល​លក្ខន្តិកៈ​មួយចំនួន​ដើម្បី​ឲ្យ​ស្របទៅតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ។ សមាជ​វិសាមញ្ញ​នេះ ធ្វើឡើង​ក្រោម​វត្តមាន​របស់​សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។ ក្រោយ​បញ្ចប់​សមាជ​ដ៏​កម្រ​នេះ សម្តេចក្រុមព្រះ​បាន​មាន​ព្រះបន្ទូល​ប្រាប់​អ្នកកាសែត​ថា សម្តេច​គាំទ្រ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ទាំងអស់ បើទោះបី​លោក​ចង់​ធ្វើ​អ្វី​ក៏ដោយ។

ផ្សាយពាណិជ្ជកម្ម

ព្រះបន្ទូល​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​ដែល​ចោទសួរ​អំពី​ការយល់ឃើញ​របស់​ព្រះអង្គ​ចំពោះ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន។ ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដែល​គណបក្សធំៗទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជា​ប្រធាន និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក​កឹម សុខា កំពុង​មើលមុខ​គ្នា​មិន​ចំ។ មិន​ចំ គឺ​ដោយសារ​រដ្ឋាភិបាល​កម្ពុ​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចោទ​លោក​កឹម សុខា​ថា បាន​ឃុបឃិត​ជាមួយ​បរទេស​ធ្វើ​សកម្មភាព​ក្បត់ជាតិ​ហើយ​បាន​ចាប់ឃុំខ្លួន​នៅក្នុង​ពន្ធនាគារភ្លាមៗតែម្តង។

ចំពោះ​ការចាប់ខ្លួន​លោក​កឹម សុខា​នេះ សម្តេចក្រុមព្រះ​ក៏បាន​ចំអក​ដាក់​លោក​កឹម សុខា ផងដែរ​ដោយបាន​ព្រលយ​ពាក្យ​ថា មនុស្ស​ដែល​ស្នេហា​ជាតិ​ពិតប្រាកដ​មែន​នោះ គេ​មិនដែល​ទៅ​ពឹង​បរទេស​ឲ្យ​មកជួយ​នោះទេ។ គឺ​បន្ទាប់ពី​បានលើកឡើង​ដូច្នេះ សម្តេចក្រុមព្រះ​ទ្រង់​ក៏បាន​ប្រកាសថា ព្រះអង្គ​គាំទ្រ​ចំពោះ​ការសម្រេច​ទាំងអស់​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចំពោះ​ចំណាត់ការ​លើ​ប្រធាន​គណបក្សប្រឆាំង​នេះ។

សម្តេចក្រុមព្រះ​បានប្រកាស​ជំហរ​បែបនេះ នៅក្នុង​ពេលដែល​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សមាជ​វិសាមញ្ញ ដើម្បី​កែប្រែ​នូវ​ចំណុច​នានា​របស់​បក្ស​ឲ្យ​ស្រប​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ។ នៅក្នុង​សមាជ​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បានសម្រេច​ដ​ក​រូបភាព​សម្តេចក្រុមព្រះ​ចេញពី​រូប​សញ្ញា​គណបក្ស និង​ប្រើប្រាស់​ទង់​គណបក្ស​ថ្មី​ផងដែរ។

សូមបញ្ជាក់ថា សមាជ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​តម្រូវ​ឲ្យ​គណបក្ស​រាជានិយម​មួយ​នេះ ផ្លាស់ប្តូរ​រូប​សញ្ញា​សម្គាល់​គណបក្ស​ដែលមាន​រូបភាព​សម្តេច​ក្រុមព្រះ​ដែល​ផ្ទុយ​នឹង​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ។ ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​បានធ្វើ​វិសោធនកម្ម​ដល់​ពី​ដង​ជា​បន្តបន្ទាប់​នេះ មិន​អនុញ្ញាតឱ្យ​គណបក្សនយោបាយ​ណាមួយ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រើប្រាស់​ឈ្មោះ ឬ​រូប​របស់​រូបវ័ន្ត​បុគ្គល នៅក្នុង​ឈ្មោះ​ឬ​រូប​សញ្ញា​គណបក្ស​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI