កម្ពុជា-នយោបាយ

អង្គការ​សង្គម​ស៊ីវិល​ជិត​៧០​បារម្ភ​ចំពោះ​ការ​ផ្តាច់ ​EBA ​ ស្រប​ពេល​មាន​ទស្សនកិច្ច​ប្រតិភូ​អឺរ៉ុប​នៅ​កម្ពុជា​

អង្គការ ​សមាគម ​សហជីព ​និង​​សហគ​មន៍ ​​ប្រមាណ​៧​០​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ​​កាល​ពី ​ថ្ងៃទី ​១៩ ​មីនា ​ដោយ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​សេចក្តី​សម្រេច​ជា​ផ្លូវ​ការ​នៃ​ដំណើរ​ការ​នីតិ​វិធី​ព្យូរ​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​ពី​កម្ពុជា​។ ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៦៨ ​បាន​ធ្វើ​ឡើង​ស្រប​ពេល​មាន​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូអឺរ៉ុប​នៅ​កម្ពុជា ​ដើម្បី​ស្វែង​យល់​ការ​ពិត​។ ​យ៉ាង​ណា​ក្តី ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​នេះ ​បាន​ព្រមាន​បង្រ្កាប​លើ​មន្ត្រី​អតីត​បក្ស​ប្រឆាំង​បន្ថែម​ទៀត ​បើទោះបីជា​មាន​ដំណើរ​ទស្សន​កិច្ច​របស់​ប្រតិភូ​អឺរ៉ុប​នៅ​កម្ពុជា​ក្តី​។ 

ជំនួបរវាងគណៈប្រតិភូ​កម្ពុជា និង​សហភាពអឺរ៉ុបក្រៅកិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប
ជំនួបរវាងគណៈប្រតិភូ​កម្ពុជា និង​សហភាពអឺរ៉ុបក្រៅកិច្ច​ប្រជុំ​អាស៊ី-អឺរ៉ុប @FB/hun-Sen
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តី​ថ្លែងការណ៍​រួម​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​៦៨​ បាន​បញ្ជាក់​ក្នុង​នាម​ជា​អ្នក​ធ្វើ​ការ​ដើម្បី​លើក​ស្ទួយ​ និង​ការពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​និង​សិទ្ធិ​ការងារ​នៅក​ម្ពុជា​ថា ​ពួក​គេ​យល់​ច្បាស់​ពី​គោល​ជំហរ​ និង​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​។ ​សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប ​លើ​ដំណើរ​ការ​នីតិវិធី​ដក​ ឬ ​ព្យួរ ​ប្រព័ន្ធ​អនុគ្រោះពន្ធ ​EBA ​ពី​ប្រទេស​កម្ពុជា​ ដែល​នឹង​ជះផល​អវិជ្ជមាន​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល​ដល់​ជីវភាព​រស់​នៅ ​និង​សុខុមាលភាព​របស់​ពលរដ្ឋ ​និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ទាំង​មូល។​

នេះ​គឺ​ជា​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៦៨​ នៅ​កម្ពុជា ​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម ​កាល​ពី​ថ្ងៃទី​ ១៩ ​មីនា ​និង​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​ចាត់​វិធាន​ការ​ជាក់​ស្តែង​ និង​ម៉ត់​ចត់ ​ក្នុង​ការ​ស្តារ ​ការ​ពារ ​និង​បំពេញ​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​ ដើម្បី​ធានា​សុខុមាល​ភាព​ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពល​រដ្ឋ​។ ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​សហជីព​ និង​សហគមន៍​ចំនួន​៦៨​នៅ​កម្ពុជា​នេះ ​បាន​ធ្លាក់​មក​ ចំពេល​ដែល​ប្រតិភូ​សហភាព​អឺរ៉ុប​មួយ​ក្រុម​កំពុង​ទស្សនកិច្ច​នៅ​ក​ម្ពុជា​ នៅ​ក្នុង​បេសកម្ម​ស្វែង​រក​ការ​ពិត​។ ​ការពិត ដែល​សហ​ភាព​អឺរ៉ុបនឹងយកទៅពិចារណា ថ្លឹងថ្លែង ថាតើ ត្រូវបន្ត ឬ ព្យួប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍រួមនេះ ក្រុមអង្គការសង្គមស៊ីវិលទាំង៦៨ ដែល​ក្នុង​នោះ​មាន​អង្គការសិទ្ធិមនុស្សអាដហុក ខុមហ្វ្រែល អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC រួមជាមួយអ្នកវិភាគលោក ឡៅ ម៉ុងហៃ និងលោកបណ្ឌិត មាស នី ជាដើម បានរំលឹកថា សហភាពអឺរ៉ុប បានសម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលរួមបញ្ចូលទាំងការបង្ក្រាបគណបក្សប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​លំ​ហ​សង្គម​ស៊ីវិល​ក្នុង​អំឡុង​ពេល​បោះឆ្នោត​សកល ​ចាប់​តាំង​​ពី​​ខែ​ក​ក្កដា​ ឆ្នាំ ​២០១៨ ​មក​។ ​ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ​តាម​រយៈសេចក្តី​ថ្លែង​ការណ៍​រួ​ម​នេះ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​៦៨ ​ជឿជាក់​ថា ​ស្ថានភាព​អាក្រក់​នេះ ​នឹង​ចៀស​វាង​បាន ​ប្រសិន​​បើ​រដ្ឋាភិបាល​កម្ពុជា​ខិត​ខំ​ប្រឹង​ប្រែង ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ចំពោះ​​ពលរដ្ឋ ​និង​អនុវត្ត​រដ្ឋ​ធម្មនុញ្ញ​ ឲ្យ​មាន​ប្រសិទ្ធភាព​និង​ត្រឹម​ត្រូវ​។

​ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២០ មីនានេះ បាន​ផ្ញើសារ​ព្រមាន​បង្រ្កាប​លើ​អតីតមន្ត្រីបក្សប្រឆាំងបន្ថែមទៀត ប្រសិនបើពួកគេប្រព្រឹត្តខុសច្បាប់ បើទោះបី​ជាការ​បង្រ្កាបនោះ ត្រូវធ្វើឡើងនៅក្នុងកាលៈទេសៈ ដែលមាន​ទស្សនកិច្ច​របស់ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI