កង្វះសេវាដឹកជញ្ជូនតាមផ្លូវអាកាស ធ្វើឲ្យកម្ពុជាបាត់បង់អត្ថប្រយោជន៍ពីភ្ញៀវទេសចរតាមកប៉ាល់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
វិស័យឯកជននៅថ្ងៃអាទិត្យនេះបានជម្រុញឲ្យក្រសួងទេសចេណ៍ក៏ដូចជាផ្នែកអាកាសចរណ៍គិតគូរដល់ការបន្ថែមជើងហោះហើរ ដើម្បីស្រូបយកចំនួនភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទៅទស្សនាតំបន់ផ្សេងទៀត ខណៈដែលភ្ញៀវទេសចរទាំងនោះស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេលខ្លី។ ការជម្រុញយ៉ាងដូច្នេះ បន្ទាប់ពីក្រសួងទេចរណ៍បានទទួលស្គាល់ថា ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាបានបាត់បង់ឱកាសទៅទស្សនាកន្លែងផ្សេងទៀតនៃប្រទេសកម្ពុជា ដោយសារតែខ្វះសេវាដឹកជញ្ជូនតាមផ្លូវអាកាស។
កង្វះមធ្យោបាយដឹកជញ្ជូនតាមផ្លូវអាកាសបានធ្វើឲ្យកម្ពុជាបាត់បង់ឱកាសស្រូបយកការចំណាយរបស់ភ្ញៀវទេសចរតាមវានាយ៉ាងច្រើន ខណៈភ្ញៀវទេសចរធ្វើដំណើរតាមនាវាមានចំនួនច្រើនចន្លោះពី៣០០០ ទៅ៤០០០នាក់ នៅពេលនាវាចូលចតកំពុងផែខេត្តព្រះសីហនុម្ដងៗ។ ដើម្បីដោះស្រាយបញ្ហានេះ លោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរកម្ពុជា បានជម្រុញឲ្យផ្នែកអាកាសចរណ៍ស៊ីវិលបន្ថែមជើងហោះហើរឲ្យមានភាពសម្បូរបែប និងពង្រឹងសេវាហោះហើរដែលមានស្រាប់ឲ្យគោរពម៉ោងពេលចេញដំណើរឲ្យបានទៀងទាត់។
បើតាមលោកស្រី ឆាយ សៀវលីន ជារឿងគួរឲ្យសោកស្ដាយដែលភ្ញៀវទេចរចូលដល់ទឹកដីកម្ពុជាហើយ តែកម្ពុជាបានមិនស្រូបយកការចំណាយរបស់ពូកគេ តាមរយៈការធ្វើដំណើរទៅកំសាន្តកន្លែងផ្សេងទៀត ដូចជា៖ តំបន់កោះ ឬខេត្តសៀមរាបអង្គរ ក្នុងរយៈពេលខ្លី។
ក្រសួងទេចរណ៍កាលពីពេលថ្មីៗនេះបានទទួលស្គាល់ថា ភ្ញៀវទេសចរដែលមកដល់កម្ពុជាតាមនាវាទេសចរណ៍ ក៏ចង់ទៅទស្សនាអង្គរក្នុងរយៈពេលខ្លីដែរ ប៉ុន្តែមិនទាន់មានសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលអាចវិលមកវិញទាន់ការចាកចេញរបស់នាវា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន លើកឡើងថា ពាក់ព័ន្ធនឹងបញ្ហានេះចាំបាច់ត្រូវដោះស្រាយជាកញ្ចប់ ហើយតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងផ្នែកឯកជន។ ក្នុងនោះ ក្រសួងកំពុងត្រៀមរៀបចំកិច្ចប្រជុំពិសេសបន្ទាន់មួយ ជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនេះ ពីព្រោះនេះ មិនមែនគ្រាន់តែជាឱកាស ដែលកម្ពុជាអាចចាប់យកភ្ញៀវទេសចរអន្តរជាតិជាក្រុមធំៗប៉ុណ្ណោះទេ តែវាក៏ជាឱកាសនៃការត្រៀមរៀបចំជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ ផងដែរ។
គួរជម្រាបជូនថា នៅរយៈពេល៤ខែក្នុងឆ្នាំ២០១៩នេះ កំពង់ផែស្វយ័តខេត្តព្រះសីហនុ ទទួលបាននាវាទេសចរណ៍ចូលចតចំនួន៣០គ្រឿង ដោយផ្ទុកភ្ញៀវទេសចរអន្តរជាតិចំនួន ២៩,១១១នាក់ ។ ដោយឡែកនៅឆ្នាំ២០១៨ កំពង់ផែស្វយ័តខេត្តព្រះសីហនុមាននាវាទេសចរណ៍ចូលចតចំនួន៣៧គ្រឿង ដោយផ្ទុកភ្ញៀវទេសចរអន្តរជាតិចំនួន ៤០,៥៩៨នាក់។ វិស័យទេសចរណ៍ត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាវិស័យអាទិភាពទី២ ក្នុងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាពីមួយឆ្នាំមួយឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ