កម្ពុជា-កងទ័ព

កម្ពុជានឹងបញ្ជូនកងកម្លាំងជាង២០០នាក់បន្ថែមទៀត ទៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល

កងទ័ព​មួកខៀវ​កម្ពុជា​១៥២​នាក់​​ផ្លាស់​វេន​ទៅ​បំពេញ​បេសកម្ម​រក្សាសន្តិភាព​នៅប្រទេសស៊ូដង់​ខាងត្បូង
កងទ័ព​មួកខៀវ​កម្ពុជា​១៥២​នាក់​​ផ្លាស់​វេន​ទៅ​បំពេញ​បេសកម្ម​រក្សាសន្តិភាព​នៅប្រទេសស៊ូដង់​ខាងត្បូង RFI/Siv Channa

កម្ពុជា​គ្រោង​បញ្ជូន​កងទ័ព​របស់​ខ្លួន​ចំនួន​២១៦​នាក់ ទៅ​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា បន្ទាប់​ពី​កងទ័ព​កម្ពុជា ដែល​បំពេញ​បេសកកម្ម​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ​រង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​ម៉ាលី​។ 

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ប្រកាស​ចុះ​ផ្សាយ​ថ្ងៃ​ទី៣១ ខែតុលា បញ្ជាក់​ថា ក្រសួង​ការពារជាតិ​កម្ពុជា​នឹង​បញ្ជូន​កង​វិសកម្ម​លេខ​៥៩៤ ចំនួន​២១៦​នាក់ ក្នុង​នោះ​រួម​ទាំង​នារី​១០​នាក់ ទៅ​ចូល​រួម​បេសកកម្ម​រក្សា​សន្តិភាព​អង្គការ​សហ​ប្រជាជាតិ នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។ ការ​បញ្ជូន​ទាហាន​កម្ពុជា​ទាំង​២១៦​នាក់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២ ខែវិច្ឆិកា ខាង​មុខ​នេះ​។

ទន្ទឹម​នឹង​ការ​បញ្ជូន​កងទ័ព​ចូល​រួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នេះ កម្ពុជា​ក៏​ធ្វើ​មាតុភូមិ​និវត្តន៍​នៃ​កង​វិស្វកម្ម​លេខ​៩៥៤ ចំនួន​២១៦​នាក់ ក្នុង​នោះ​រួម​មាន​នារី​ចំនួន​១៤នាក់​ពី​ប្រទេស​អាហ្វ្រិក​កណ្តាល និង​កង​រាជអាវុធហត្ថ​លេខ​៦១៨ ចំនួន​៧៣​នាក់ រួម​ទាំង​នារី​៩​នាក់ ពី​សាធារណរដ្ឋ​ស៊ូដង់​ខាង​ត្បូង នា​ថ្ងៃ​ទី០៣ ខែវិច្ឆិកា​ខាង​មុខ​នេះ​ផង​ដែរ​។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​កម្មករ​ក្នុង​ខេត្ត​កណ្តាល នាព្រឹក​ថ្ងៃ​ទី៣១ ខែ​តុលា​នេះ បាន​បញ្ជាក់​ថា​លោក​បាន​ប្រាប់​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ ពី​ការ​ត្រៀម​កង​កម្លាំង​កម្ពុជា ដើម្បី​ចូល​រួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាតិ ហើយ​កម្ពុជា​ក៏​កំពុង​ពិចារណា ថា​តើ​ប្រទេស​ណា​ទៀត ដែល​ត្រូវ​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន​ទៅ​រក្សា​សន្តិភាព​។

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្មីៗ​នេះ បន្ទាយ​ទាហាន​អង្គការ​សហប្រជាជាតិ​ដែល​ក្នុង​នោះ​ក៏​មាន​កង​កម្លាំង​របស់​កម្ពុជា​ដែរ បាន​រង​ការ​វាយ​ប្រហារ​ពី​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ប្រទេស​ម៉ាលី​។ ការ​វាយ​ប្រហារ​នេះ បណ្តាល​ឲ្យ​កង​កម្លាំង​រក្សា​សន្តិភាព​ពីរ​នាក់​ស្លាប់​បាត់បង់​ជីវិត ប៉ុន្តែ​កង​កម្លាំង​របស់​កម្ពុជា​មិន​មាន​គ្រោះ​ថ្នាក់​នោះ​ទេ​។

សូម​ជម្រាប​ជូន​ថា​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ កង​កម្លាំង​របស់​កម្ពុជា​ចំនួន​៤​នាក់ ដែល​បំពេញ​បេសកកម្ម​នៅ​អាហ្វ្រិក​កណ្តាល បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ប្រទេស​នេះ​។

ក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​លើក​ឡើង​ថា ​កម្ពុជា​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​សន្តិភាព​ពិភពលោក​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់អង្គការសហប្រជាជាតិ តាមរយៈ​ការ​បញ្ជូន​កងទ័ព​ចំនួន​ ៥ ៥៧១ ​នាក់​ចាប់ពី​ឆ្នាំ​ ២០០៦ ​មក​ទល់​បច្ចុប្បន្ន​ទៅ​ប្រទេស​ស៊ូដង់​ ស៊ូដង់​ខាង​ត្បូង​ លីបង់ អាហ្វ្រិក​កណ្ដាល ឆាដ ស៊ីរី ម៉ាលី និង​ប្រទេស​ស៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI