UN Women ស្នើឲ្យរដ្ឋាភិបាលខ្មែរ គាំទ្រនិងការពារពលករធ្វើការងារផ្ទះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទីភ្នាក់ងារសហប្រជាជាតិដើម្បីសមភាពយេនឌ័រ ហៅកាត់ថា UN Women នៅថ្ងៃសៅរ៍នេះ បានរៀបចំសិក្ខាសាលាបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវជុំវិញលក្ខខ័ណ្ឌការងារនិងអាកប្បកិរិយា ដែលពលករទេសន្ដរការងារផ្ទះ ជួបប្រទះនៅប្រទេសថៃនិងម៉ាឡេស៊ី។ របាយការណ៍នេះរកឃើញថា ពលករខ្មែរធ្វើការងារផ្ទះដែលភាគច្រើនជាស្ដ្រី មិនបានទទួលការយកចិត្តទុកដាក់គ្រប់គ្រាន់ ហើយពេលខ្លះត្រូវប្រឈមនឹងការរើសអើង។ តាមរយៈរបាយការណ៍នេះ UN Women ស្នើឲ្យរដ្ឋាភិបាលខ្មែរ គាំទ្រនិងការពារពលករធ្វើការងារផ្ទះ ដើម្បីលើកតម្លៃ និងលើកកម្ពស់វិស័យការងារផ្ទះនេះ។សេចក្ដីរាយការណ៍ដោយ ព្រឿន បញ្ញារី
របាយការណ៍សង្ខេបកម្រាស់ជិត៤០ទំព័រ ដែលមានចំណងជើងថា «ពលករ អ្នកជួយការងារផ្ទះ មីង អ្នកបម្រើតាមផ្ទះ» គឺជាការសិក្សាមួយក្នុងចំនោមការសិក្សាដំបូងៗ ដែលបានផ្ដោតទៅលើអាកប្បកិរិយា និងឥរិយាបថរបស់និយោជកនិងអ្នកផ្ដល់សេវាទៅលើកម្មករការងារផ្ទះ។ ក្រៅពីនេះ កិច្ចស្រាវជ្រាវក៏បានរួមបញ្ចូលនូវអាកប្បកិរិយារបស់សាធារណជនទៅលើកម្មករការងារផ្ទះ និងវិសាលភាពនៃការផ្ដល់ការការពារតាមផ្លូវច្បាប់ ក៏ដូចជាលក្ខខ័ណ្ឌការងារនៅកម្រិតបុគ្គលនិងកម្រិតគ្រួសារផងដែរ។
គោលបំណងនៃការស្រាវជ្រាវរបស់ UN Women នេះ គឺដើម្បីស្វែងរកការគាំទ្រ លើកកម្ពស់ការយល់ដឹងទៅដល់សង្គមស៊ីវិលទាំងអស់ ជុំវិញគុណតម្លៃនៃការងារផ្ទះ ពីព្រោះថាការងារផ្ទះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការគាំទ្រដល់ការរស់នៅរបស់មនុស្ស។
ជាការកត់សម្គាល់ ការងារផ្ទះគឺជាប្រភេទការងារដែលកន្លងមកពុំបានទទួលការយកចិត្តទុកដាក់ខ្លាំងណាស់ណាទេ បើធៀបនឹងការងារបានកម្រៃដែលធ្វើក្រៅផ្ទះ។ ការងារផ្ទះ មិនត្រូវបានចាត់ទុកថាជាការងារត្រឹមត្រូវទេ ដែលជាហេតុធ្វើឲ្យកម្មករការងារផ្ទះអាចត្រូវបានគេផាត់ចេញពីការទទួលបានសិទ្ធិនិងការការពារដូចពលករទូទៅ ឬអាចទទួលរងការរើសអើងក្នុងបញ្ញត្តិច្បាប់នានា។
លោក ហេង សុជាតិ ប្រធានកម្មវិធីថ្នាក់ជាតិ បានឲ្យដឹងថា ដោយសារតែច្បាប់ការងារដែលមាននៅកម្ពុជាសព្វថ្ងៃនេះពុំទាន់មានច្បាប់គ្របដណ្ដប់ទៅលើពលករការងារផ្ទះនៅឡើយទេ ទើប UN Women សម្រេចសហការជាមួយអង្គការអន្ដរជាតិខាងការងារ ដើម្បីបង្កើតគោលការណ៍ច្បាប់ការងារក្នុងស្រុក ព្រមទាំងច្បាប់ការងារក្រៅស្រុក ដើម្បីការពារពលករចំណាកស្រុក ដែលបម្រើការជាពលករការងារផ្ទះនៅឯក្រៅប្រទេស។
លោកបន្ថែមថា ការងារនេះ ទាមទារឲ្យមានការចូលរួម និងការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការផ្ដល់សច្ចាប័ន ដើម្បីការពារពលករការងារផ្ទះទាំងអស់។ ក្រៅពី នេះ យុវជនក៏ដូចជាសង្គមស៊ីវិល អាចចូលរួមលើកកម្ពស់វិស័យការងារផ្ទះផងដែរ តាមរយៈការផ្លាស់ប្ដូរផ្នត់គំនិតនិងពាក្យសម្ដីដែលធ្លាប់មានពីមុន។ និយាយឲ្យចំគឺត្រូវផ្លាស់ប្ដូរពាក្យស្ដ្រីមេផ្ទះ ទៅជាអ្នកគ្រប់គ្រងផ្ទះ ចៀសវាងប្រើប្រាស់ពាក្យសម្ដីដែលទម្លាក់តម្លៃការងារផ្ទះ។
គួរជម្រាបជូនថា ការងារផ្ទះ គឺជាវិស័យការងារដែលសម្បូរស្ដ្រីធ្វើការច្រើន ហើយនៅក្នុងចំណោមចំនួនកម្មករការងារផ្ទះសរុប មានប្រមាណ៨០ភាគរយគឺជាស្ដ្រី។ អ្នកដែលធ្វើការងារក្នុងវិស័យនេះជាច្រើននាក់ គឺជាជនទេសន្ដរប្រវេសន៍ ដែលចាកចេញពីស្រុកកំណើតនៅជនបទ ទៅធ្វើការតាមផ្ទះនៅទីក្រុង ឬធ្វើចំណាកស្រុកឆ្លងដែន ដែលប្រឈមមុខនឹងហានិភ័យខ្ពស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ