កម្ពុជា

លោក​ស៊ូយ៉ា ស៊ូប៊ឺឌី ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើក​ទី៣

លោក​ស៊ូយ៉ា ស៊ូប៊ឺឌី ពេល​ចូល​ជួប​លោក​នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន
លោក​ស៊ូយ៉ា ស៊ូប៊ឺឌី ពេល​ចូល​ជួប​លោក​នាយករដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន ©វណ្ណារ៉ា/RFI

អ្នក​រាយការណ៍​ពិសេស​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោក​ស៊ូយ៉ា ​ស៊ូប៊ឺឌី​ នឹង​មក​បំពេញ​បេសកកម្ម​នៅកម្ពុជា​ ចាប់​ពី​ថ្ងៃ​ទី​៨​ ដល់​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ខាង​មុខ​នេះ។​ នេះ​ជា​បេសកកម្ម​លើក​ទី​៣​ របស់​លោក​​នៅ​កម្ពុជា​ ដោយ​មាន​ការ​ស្វាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​គណបក្ស​ប្រឆាំង​ផង ​ដែរ ​ហើយ​រំពឹង​ថា ​មន្ត្រី​រូប​នេះ​នឹង​ជួយ​កែប្រែ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឲ្យ​ កាន់​តែ​ប្រសើរ។

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ នេត្រ ភក្រ្តា ពី​ភ្នំពេញ

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ការិយា​ល័យ​ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​ប្រចាំ​កម្ពុជា​ ដំណើរ​បេសក​កម្ម​របស់​លោក​ស៊ូយ៉ា​ ស៊ូប៊ឺឌី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ លើក​ទី​៣​នេះ​ គឺ​ផ្តោត​លើ​ដំណើរ​ការ​វិស័យ​យុត្តិ​ធម៌​។ អ្នក​រាយ​ការណ៍​ពិសេស ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គូស​បញ្ជាក់​ថា វិស័យ​យុត្តិ​ធម៌​​ គឺ​​ស្ថាប័ន​ដ៏សំខាន់​ ដែល​លោក​នឹង​​​បន្ត​វាយ​តម្លៃ​ ដើម្បី​ចូល​រួម​លើក​ស្ទូយ​ និង​ការ​ពារ​សិទ្ធិ​មនុស្ស​ ពោល​គឺ​ ដើម្បី​ឲ្យ​មាន​ការ​ចូល​រួម​ពី​មនុស្ស​ទូទៅ​ ដើម្បី​ធ្វើ​ឲ្យ​មាន​ប្រព័ន្ធ​យុត្តិ​ធម៌​មួយ​ល្អ ​និង​ត្រឹម​ត្រូវ។ គួរ​បញ្ជាក់​ថា​ នៅក្នុង​បេសក​កម្ម​លើក​ទី​១​ ​កាលពី​​ឆ្នាំ​ ២០០៩​ អ្នក​រាយ​ការណ៍​ពិសេស​រូប​នេះ​​បាន​ផ្តោត​ជា​សំខាន់​ លើ​ការ​ស្វែង​យល់​ពី​ស្ថាន​ការណ៍​សិទ្ធិ​មនុស្ស​ទូទៅ​នៅ​កម្ពុជា​ ក្រោយ​ពី​លោក​ត្រូវ​បាន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ជ្រើស​តាំង​​ឲ្យ​ធ្វើ​ជា​អ្នក​រាយ​ការណ៍​ពិសេស​ ជំនួស​តំណាង​ពិសេស​របស់​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ យ៉ាស្ហ​ ហ្គាយ​ ហើយ​បេសក​កម្ម​លើក​ទី​២​របស់​លោក ​នៅ​ខែ​មករា​ ឆ្នាំ​ ២០១០​ គឺ​តាម​ដាន​ និង​ពិនិត្យ​មើល​ប្រសិទ្ធ​ភាព​​ការ​ងារ​របស់​ស្ថាប័ន​រដ្ឋ​ទាំង​ឡាយ​ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​លើក​ស្ទួយ​ និង​ការ​ពារ​នីតិ​រដ្ឋ​ និង​ដោះ​ស្រាយ ​បញ្ហា​សិទ្ធិ​មនុស្ស​របស់​ប្រជា​ជន​កម្ពុជា។

អ្នក​រាយ​ការណ៍​ពិសេស​ ស្តីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​មហា​ក្សត្រ​ខ្មែរ​ សម្តេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហ​មុនី​ និង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន។​ តាម​ការ​គ្រោង​ទុក​ លោក​នឹង​ជួប​ពិភាក្សា​ជា​មួយ​នឹង​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា​ ជា​ពិសេស ​ក្រុម​មន្ត្រី​តំណាង​​ឲ្យ​ស្ថាប័ន ​ដែល​មាន​ការ​ពាក់​ព័ន្ធ​នឹង​កំណែ​ទម្រង់​ច្បាប់​​និង​យុត្តិ​ធម៌​ និង​មន្ត្រី​នៅ​ក្រសួង​យុត្តិធម៌​ ក៏​ដូច​ជា​ប្រជា​​ពល​រដ្ឋ ​ដែល​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលា​ការ​ សង្គម​ស៊ីវិល​ព្រម​ទាំង​ដៃ​គូ​អភិ​វឌ្ឍន៍​នានា​ ដែល​បាន​ចូល​រួម​នៅ​ក្នុង​វិស័យ​យុត្តិ​ធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មន្ត្រី​គណ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ក៏​ត្រូវ​គេ​រំពឹង​ថា​នឹង​មាន​ការ​ជួប​​ពិភាក្សា​ជាមួយ​នឹង​អ្នក​រាយការណ៍​ពិសេស ​ស្តី​ពី​សិទ្ធិ​មនុស្ស​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ដែរ​។ បញ្ហា​ជា​ច្រើន​ ជា​ពិសេស​ទាក់​ទង​នឹង​ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុជា​បច្ចុប្បន្ន​នឹង​ត្រូវ​បាន​គេ​លើក​ឡើង​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​ លោក​ស៊ូយ៉ា ​ស៊ូប៊ឺឌី​ នៅ​កម្ពុជា​លើក​នេះ។

នៅ​ពេល​ទាក់​ទង​ នៅ​ថ្ងៃ​អាទិត្យ​នេះ​ ទាំង​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា​ និង​មន្ត្រី​គណ​បក្ស​ប្រឆាំង​បាន​ស្វា​គមន៍​ ចំពោះ​បេសក​កម្ម​នេះ ​ដោយ​រំពឹង​ថា​នឹង​ទទួល​បាន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្លែផ្កា​ និង​អាច​កែ​ប្រែ​ប្រព័ន្ធ​យុត្តិ​ធម៌​ នៅ​កម្ពុជា។ ប្រព័ន្ធ​យុត្តិធម៌​ និង​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែល​តាម​ការ​កត់​សម្គាល់​របស់​លោក​កឹម ​សុខា ​ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​ គឺ​មិន​ទាន់​បាន​ឆ្លើយ​តប​នៅ​ឡើយ ​ចំពោះ​អ្វី​ដែល​រដ្ឋា​ភិបាល​បាន​សន្យា។​ ដូច្នេះ​ការ​ចុះ​មក​​ត្រួត​ពិនិត្យ​របស់​មន្ត្រី​អង្គការ​សហ​ប្រជា​ជាតិ​នេះ​ គឺ​ជា​ការ​ល្អ ​ដើម្បី​កែប្រែ​ចំណុច​អវិជ្ជ​មាន​។ លោក​កឹម​ សុខា​ បាន​ថ្លែង​ថា​ ដំណើរ​ការ​ប្រព័ន្ធ​យុត្តិ​ធម៌​ ដែល​ជា​ប្រធាន​បទ​សំខាន់​នៃដំ​ណើរ​ទស្សន​កិច្ច​របស់​លោក​ស៊ូប៊ឺឌី​លើក​ នេះ ​គឺ​ជា​ប្រធាន​បទ​សំខាន់​ ខណៈ​ដែល​ប្រជា​ជន​ខ្មែរ​កំពុង​តែ​ជួប​ប្រទះ​នូវ​ភាព​អយុត្តិ​ធម៌​ និង​ក្នុង​ពេល​ដែល​​រដ្ឋា​ភិបាល​បាន​ប្រើ​ប្រាស់​ឥទ្ធិ​ពល​តុលា​ការ​មក​គាប​សង្កត់​លើ​ប្រជា​ពល​រដ្ឋ ​ដែល​បាន​សម្តែង​មតិ​របស់​ខ្លួន​ និង​កំពុង​តែ​ធ្វើ​ការ​ទាម​ទារ​ដី​ធ្លី​របស់​ខ្លួន​ជាដើម។ បើ​តាម​លោក​កឹម​ សុខា ​ប្រជា​ពល​រដ្ឋ​ខ្មែរ​​កំពុង​តែ​អស់​សង្ឃឹម​លើ​​ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុជា។ ដូច្នេះ​វត្ត​មាន​របស់​លោក​ស៊ូយ៉ា ​ស៊ូប៊ឺឌី​ គឺ​នឹង​មាន​សារៈ​សំខាន់​ក្នុង​ការ​កែ​ប្រែ​​បញ្ហា​ទាំង​នេះ។

ក៏​ប៉ុន្តែ​ការ​លើក​ឡើង​ថា​ ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុជា​មិន​ដំណើរ​ការ​ល្អ ​មាន​ភាព​អយុត្តិធម៌​នេះ​​ត្រូវ​បាន​ច្រាន​ចោល​ដោយ​មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា។ លោក​ទិត​ សុធា ​មន្ត្រី​អ្នក​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌​មាន​ និង​​ប្រតិ​កម្ម​រហ័ស​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ថា​ អ្វី​ដែល​លើក​ឡើង​ដោយ​មន្ត្រី​គណ​បក្ស​ប្រឆាំង​គ្រាន់​​តែ​ជា​មតិ​រិះ​គន់​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​បាន​ស្តែង​ពី​ការ​ពិត​នៅ​កម្ពុជា​ឡើយ។ លោក​ទិត​ សុធា​ ​បាន​អះអាង​ថា កម្ពុជា​មាន​ប្រព័ន្ធ​តុលា​ការ​មួយ​ ដែល​កំពុង​តែ​ដើរ​លើ​ផ្លូវ​ត្រូវ​ក្នុង​ការ​ផ្តល់​យុត្តិ​ធម៌​ជួន​ដល់​ពល​រដ្ឋ​ខ្មែរ។
 
មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា​ ទំនាក់​ទំនង​រវាង​រដ្ឋា​ភិបាល​កម្ពុជា ​និង​លោក​ស៊ូយ៉ា ​ស៊ូប៊ឺឌី​ គឺ​មាន​លក្ខណៈ​ល្អ​បំផុត​ និង​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​ទំនាក់​ទំនង​ជា​មួយ​នឹង​លោក​យ៉ាស្ហ ​ហ្គាយ។ ខុស​គ្នា​នៅ​​ត្រង់​ថា​ អ្នក​រាយ​ការណ៍​ពិសេស​ថ្មី​នេះ​បាន​ស្គាល់​ពី​ស្ថានការណ៍​គោរព​សិទ្ធិ​មនុស្ស​ជាក់ស្តែង​នៅ​កម្ពុជា​ និង​បាន​សរសេរ​របាយការណ៍​ដោយ​ឈរ​នៅ​លើ​ការ​ពិត​ ស្តាប់​ទាំង​គ្រប់​ភាគី​ទាំង​អស់​មិន​ថា​ រដ្ឋា​ភិបាល​ ឬ​បក្សប្រឆាំង​ និង​សង្គម​ស៊ីវិល​ទេ​ ពោល​គឺ​លោក​ស៊ូយ៉ា​ ស៊ូប៊ឺឌី​ បាន​ធ្វើ​សំយោគ​របាយការណ៍​ ស្តី​ពី​សិទ្ធិ​មនុស្ស​របស់​ លោក​បាន​ល្អ​។ លោក​ទិត​ សុធា​ បាន​បន្ត​ថា​ រដ្ឋា​ភិបាល​រំពឹង​ថា ​របាយការណ៍​របស់​លោក​ស៊ូយ៉ា​ ស៊ូប៊ឺឌី​ នឹង​ផ្តល់​​យុត្តិ​ធម៌​ សម្រាប់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​ស្វាគមន៍​ចំពោះ​អ្នក​រាយ​ការណ៍​ពិសេស​​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI