ឆ្នាំ២០២០៖ ស្ថានទូតអាមេរិកប្រារព្ធខួបលើកទី៧០នៃទំនាក់ទំនងការទូតជាមួយកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
គិតមកដល់ឆ្នាំ២០២០នេះ ចំណងការទូតរវាងអាមេរិក និង កម្ពុជាបានឈានដល់អាយុកាល៧០ឆ្នាំហើយ។ នៅល្ងាចថ្ងៃពុធ ទី០៨ ខែមករានេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានឹងធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រគុំតន្រ្តីអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតនេះ និង បង្ហាញពីប្រធានបទដែលស្ថានទូតនឹងត្រូវរៀបចំធ្វើសម្រាប់ខែនីមួយៗក្នុងឆ្នាំ ២០២០។
កម្ពុជានិងអាមេរិកបានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាលើកដំបូងកាលពីខែមិថុនា ឆ្នាំ១៩៥០។ ក្នុងមួយទសវត្សរ៍៥០នេះ អាមេរិក និងកម្ពុជា គឺមានភាពល្អូកល្អឹននឹងគ្នាគ្មានបញ្ហាល្អក់កករឡើយ។ ប៉ុន្តែ នៅឆ្នាំ១៩៦៥ កម្ពុជា និងអាមេរិកបានផ្តាច់ទំនាក់ទំនងជាមួយគ្នាទាំងស្រុងតែម្តង។ ការផ្តាច់នេះ ដោយសារតែអាមេរិកបានលូកដៃចូលជ្រៅក្នុងសង្រ្គាមវៀតណាម ហើយកម្ពុជាចោទអាមេរិកថាបានចូលលុកលុយនិងទម្លាក់គ្រាប់បែកលើទឹកដីកម្ពុជា។ ឯអាមេរិកវិញចោទកម្ពុជាថា ផ្តល់កំពង់ផែនិងឱ្យកងទ័ពកុំមុយនីស្តវៀតណាមដឹកនាំសម្ភារៈសឹកឆ្លងកាត់ទឹកដីកម្ពុជា។ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានស្តារឡើងវិញនៅឆ្នាំ១៩៦៩ ដោយអាមេរិកបានបើកស្ថានទូតខ្លួនឡើងវិញនៅភ្នំពេញ។
លុះចូលដល់ឆ្នាំ១៩៧០ ទំនាក់ទំនងរវាងកម្ពុជា-អាមេរិកល្អច្រើនជាងមុន បន្ទាប់ពីមានរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ ដោយក្រុមលោកសេនាប្រមុខលន់ ណុល។ ចូលដល់ឆ្នាំ១៩៧៥ ពោល គឺមុនខ្មែរក្រហមកាន់កាប់ក្រុងភ្នំពេញទាំងស្រុង ស្ថានទូតអាមេរិកបានបិទជាថ្មី។ របបខ្មែរក្រហមនេះ រដ្ឋាភិបាលអាមេរិកសម័យនោះបានចេញមកថ្កោលទោស និង បានហៅថាជាសកម្មភាពប្រល័យពូជសាសន៍ថែមទៀត។ មិនត្រឹមតែរបបខ្មែរក្រហមទេ អាមេរិកក៏ថ្កោលទោសដែរនៅពេលដែលកងទ័ពវៀតណាមចូលលុកលុយកម្ពុជា ដើម្បីផ្តូលរបបខ្មែរក្រហមនេះ។
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ រដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីវៀតណាម។ ជារដ្ឋាភិបាលដែលអាមេរិកមិនពេញចិត្ត និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើថែមទៀត។ ប៉ុន្តែ នៅឆ្នាំ១៩៩០ ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកត្រូវស្តារឡើងវិញដោយអាមេរិកបញ្ឈប់ទណ្ឌកម្មសេដ្ឋកិច្ចនិងផ្តល់ជំនួយអភិវឌ្ឍដល់កម្ពុជា។ គឺនៅពេលនោះហើយដែលទង់ជាតិអាមេរិកត្រូវបានបង្ហូតឡើងជាថ្មីនៅទីក្រុងភ្នំពេញ។
ប៉ុន្តែនៅឆ្នាំ១៩៩៧ ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកក៏បានធ្លាក់ចុះម្តងទៀត។ ស្ថានភាពនេះ គឺដោយសារមានការផ្ទុះគ្រាប់បែកលើក្រុមបាតុករដឹកនាំដោយលោកសម រង្ស៊ី និង ការប្រយុទ្ធគ្នាមួយប្រ៉ាយរវាងកងទ័ពសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និង លោកហ៊ុន សែន ដែលជានាយករដ្ឋមន្រ្តីទីមួយ និង ទីពីរ។ ប៉ុន្តែចូលដល់ចន្លោះឆ្នាំ២០០០ដល់ឆ្នាំ២០១០ ទំនាក់ទំនងកម្ពុជានិងអាមេរិកមានភាពល្អប្រសើរឡើង។ អាមេរិកបានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ហើយនៅឆ្នាំ២០០៦ អាមេរិកក៏បានបើកសម្ពោធអាគារស្ថានទូតថ្មីនៅទីក្រុងភ្នំពេញ។ ចាប់តាំងពីពេលនោះ ថ្នាក់ដឹកនាំក៏ដូចជាមន្រ្តីជាន់ខ្ពស់អាមេរិកបានដល់ទស្សនកិច្ចនៅកម្ពុជាគួរឱ្យកត់សម្គាល់។
នៅទសវត្សរ៍ចុងក្រោយនេះ កម្ពុជានិងអាមេរិកនៅតែបន្តមានទំនាក់ទំនងនឹងគ្នា តែមិនជាល្អហើយក៏មិនអាក្រក់ខ្លាំងដូចកាលពីអតីតកាលដែរ។ អាមេរិកនិងកម្ពុជាហាក់មើលមុខគ្នាមិនចំនៅក្នុងឆ្នាំ២០១៧ គឺពេលដែលមានចាប់ខ្លួនលោកកឹម សុខានិងការរំលាយអតីតបក្សប្រឆាំង។ អាមេរិកចោទកម្ពុជាថា រំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ មិនតែប៉ុណ្ណោះ អាមេរិកបានដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់កម្ពុជា និងសេដ្ឋីកម្ពុជាមួយចំនួនមិនឱ្យចូលទឹកដីអាមេរិកនិងបង្កក់ទ្រព្យសម្បត្តិ។
ឯកម្ពុជាវិញ ក៏បានតបទៅវិញខ្លាំងៗដែរថា អ្វីៗដែលខ្លួនបានធ្វើ គឺជាកិច្ចការផ្ទៃក្នុងនិងធ្វើតាមច្បាប់របស់កម្ពុជា។ ប៉ុន្តែទំនាក់ទំនងនេះហាក់ល្អឡើងវិញបន្តិច បន្ទាប់ពីអាមេរិកបានដាក់ឯកអគ្គរដ្ឋទូតថ្មីនិងបន្ទាប់ពីមានការឆ្លងឆ្លើយលិខិតគ្នារវាងលោកប្រធានាធិបតអាមេរិក ដូណាល់ ត្រាំ និង លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីចុងឆ្នាំ២០១៩ ក្នុងន័យបង្ហាញចេតនាបង្កើនទំនាក់ទំនងរវាងគ្នា និង គ្នាឱ្យល្អប្រសើរឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ