សភាជាន់ទាបអាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជា
សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក ឬ សភាជាន់ទាប កាលពីល្ងាចថ្ងៃចន្ទ ឬនៅព្រឹកថ្ងៃអង្គារនេះម៉ោងនៅកម្ពុជា បានអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដែលមានឈ្មោះថា (Cambodia Democracy Act) ឬ H.R. 526។ ខ្លឹមសារនៃសេចក្តីស្នើច្បាប់នេះត្រូវបានគេពិព៌ណនាថា នឹងដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៅកម្ពុជាដែលស្និទនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដែលគេសំដៅដល់ការរំលាយគណបក្សសង្រ្គោះជាតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលមានឈ្មោះថា (Cambodia Democracy Act) ឬ H.R. 526 នេះត្រូវបានគាំទ្រដោយគណបក្សធំៗទាំងពីរនៅសហរដ្ឋអាមេរិក គឺបក្សសាធារណៈរដ្ឋ និងគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការអះអាងរបស់ លោក ឬទ្ធី អ៊ុង តំណាងគណបក្សសង្រ្គោះជាតិ ប្រចាំរដ្ឋម៉ាស្សាជូសេត។
គោលបំណងនៃការអនុម័តសេចក្តីស្នើច្បាប់នេះ ត្រូវបានសភាជាន់ទាបអាមេរិកអះអាងថាដើម្បីជំរុញឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរពសិទ្ធិសេរីភាពនយោបាយនិងសិទ្ធិមនុស្សនៅកម្ពុជា។
ចំណែកឯខ្លឹមសារសំខាន់នៃច្បាប់នេះត្រូវបានគេពិព៌ណនាថា នឹងដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់នៅកម្ពុជាដែលស្និទលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សដែលគេសំដៅដល់ការរំលាយគណបក្សសង្រ្គោះជាតិ។ ទណ្ឌកម្មទាំងនោះ គឺមាន ការបិទទិដ្ឋាការ ដោយមិនឱ្យមន្ត្រី និងអ្នកពាក់ព័ន្ធទាំងនោះ ចូលទឹកដីអាមេរិក និងការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា និងអ្នកពាក់ព័ន្ធដែលរក្សាទុកនៅក្រៅប្រទេស។
ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនមានអ្វីភ្ញាក់ផ្អើលចំពោះការអនុម័តច្បាប់នេះទេ ដោយលោកអះអាងថា មន្រ្តីរដ្ឋាភិបាលកម្ពុជាមិនមានប្រាក់រាប់រយលានដុល្លារទៅផ្ញើទុកនៅអាមេរិកឡើយ។ ចំណែកការបិទទិដ្ឋាការមិនឲ្យមន្រ្តីកម្ពុជាទៅលេងបងប្អូននៅអាមេរិកនោះ ក៏អ្នកនាំពាក្យដដែលអះអាងថា មិនមានអ្វីចាំបាច់ត្រូវទៅលេងអាមេរិកនោះទេ។
សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់នេះ ត្រូវបានខកខានអនុម័តម្តងហើយ កាលពីចុងឆ្នាំ២០១៨ ដោយសារតែសភាអាមេរិកឈប់សម្រាក។ យ៉ាងណាក៏ដោយ សេចក្តីស្នើច្បាប់ដែលមានខ្លឹមសារដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលកម្ពុជានៅពេលនេះ គឺត្រូវឆ្លងកាត់សភាជាន់ខ្ពស់ឬព្រឹទ្ធសភាអាមេរិកមួយជំហានទៀត មុននឹងបញ្ជូនទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការអនុម័ត ឬ សម្រេច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ