អានតួអត្ថបទ
កម្ពុជា

បន្ទាប់​ពី EU និង UN ដល់​វេន​អាមេរិក​ដែល​បារម្ភ​ចំពោះ​ការ​ឃុំ​ខ្លួន​មន្ដ្រី​អាដហុក

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល១២ថ្ងៃ មកហើយ។ ​
មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល១២ថ្ងៃ មកហើយ។ ​
ដោយ៖ អ៊ឹម រចនា
២០ នាទី

បន្ទាប់​ពី​សហភាព​អឺរ៉ុប និង​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ឥឡូវ​នេះ​ដល់​វេន​សហរដ្ឋ​អាមេរិក​ម្ដង ដែល​ចេញ​មុខ​មក​សម្ដែង​ក្ដីព្រួយ​បារម្ភ​ចំពោះ​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ចំនួន​៤​រូប និង​អគ្គលេខាធិការ​រង គជប ១​រូប​។ សម្រាប់​សហរដ្ឋ​អាមេរិក កម្ពុជា​គួរ​ពិចារណា​លើ​អនុសាសន៍​ទាំង​ឡាយ​របស់​អង្គការ​អន្ដរជាតិ ដោយ​ត្រូវ​គោរព​តាម​កាតព្វកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៥​ឧសភា អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប និង ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដែល​បារម្ភ​ពី​​ការ​បន្ត​ឃុំ​ខ្លួន​មន្ដ្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​៤​រូប និង​អគ្គលេខាធិការ​រង គជប ១​រូប​។ តាម​រយៈ​លិខិត​ដដែល អាមេរិក​ចាត់​ទុក​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ពី​សំណាក់​តុលាការ​កម្ពុជា ថាជា​ទង្វើ​ដែល​ធ្វើ​តាម​អំពើ​ចិត្ត និង​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​។ សហរដ្ឋ​អាមេរិក ជំរុញ​ឲ្យ​កម្ពុជា​ពិចារណា​លើ​អនុសាសន៍​ទាំង​ឡាយ​របស់​អង្គការ​អន្ដរជាតិ ដោយ​ត្រូវ​គោរព​តាម​កាតព្វកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​។

សូម​ជម្រាប​ថា ជំហរ​​របស់​សហរដ្ឋ​អាមេរិក​ជុំ​វិញ​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​មន្ដ្រី​សិទ្ធិ​មនុស្ស​ទាំង​៥​រូប​ដូច្នេះ ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពីការ​ចេញ​ផ្សាយ​សេចក្ដី​ថ្លែងការណ៍​របស់​​ប្រតិភូ​សភាព​អឺរ៉ុបប្រចាំ​កម្ពុជា ដែល​មាន​ខ្លឹមសារ​ស្រដៀង​គ្នា​នេះ​ដែរ​។ នៅ​ថ្ងៃ​ទី​៤​ខែ​ឧសភា សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា វា​សំខាន់​ណាស់​ដែល​សិទ្ធិ​របស់អ្នក​ទាំង​៥​រូប ត្រូវ​បាន​គោរព​ដោយ​ពេញ​លេញ ហើយ​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​នូវ​រាល់​ការ​រំលោភ​បំពាន​សិទ្ធិ​ណាមួយ​របស់​ពួក​គេ ស្រប​តាម​ច្បាប់កម្ពុជា និង​កិច្ច​ព្រម​ព្រៀង​​អន្ដរជាតិ។

ចំណែក​ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​វិញ បាន​​ទាមទារ​ចំនួន​ពីរ​ដង​មក​ហើយ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​ជន​ត្រូវ​ចោទ​ទាំង​៥ ព្រោះ​​​ស្ថាប័ន​អន្ដរជាតិ​មួយ​នេះ​សន្និដ្ឋាន​ថា បុគ្គល​ទាំង​ប្រាំ​រូប ត្រូវ​ជាប់​ឃុំ​ដោយ​សារ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​។ សម្រាប់​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ សំណុំ​រឿង​ព្រហ្មទណ្ឌ​លើ​អ្នក​ទាំង​៥​នេះ គឺ​ជា​លេសមួយ ដើម្បី​បង្ក្រាប​និង​ទប់​ស្កាត់​ការ​អនុវត្ត​ដោយ​ស្រប​ច្បាប់​នូវ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ដើម្បី​បំបិទ​សំឡេង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក្រសួង​ការបរទេស​កម្ពុជា​ចាត់​ទុក​ថា ការ​សម្រេច​របស់​តុលាការ​លើ​ករណី​មន្ដ្រី​សិទ្ធិ​មនុស្ស​ទាំង​៥​រូប គឺ​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​។ ហើយ​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​អន្ដរជាតិ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ គឺ​ជា​ការ​លូក​ដៃ​ជ្រៀតជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា រំលោភ​លើ​អនុសញ្ញា​ស្ដី​ពី​ទំនាក់ទំនង​ការទូត​។

គួរ​រំលឹក​ថា មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៤​រូប រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង​លោកស្រី លឹម មុនី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និងនាង​ ស្រីមុំ​។ រីឯ​លោក នី ចរិយា ដែល​ជា​អគ្គលេខាធិការ​រង គជប វិញ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ សម​គំនិត​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​ដូចគ្នា​។ រហូត​មក​ទល់​ពេល​នេះ អ្នក​ទាំង​៥​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​ហើយ​។ អំឡុង​ពេល​ឃុំ​ខ្លួន​មួយ​ឆ្នាំ​ពេញ​នេះ មេធាវី​អ្នក​ទាំង​៥​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ចំនួន​៦​លើក ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ​។ កាល​ពី​ថ្ងៃ​ទី​២៧​មេសាកន្លង​ទៅ​នេះ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួនអ្នក​ទាំង​៥​​រយៈ​ពេល​៦​ខែ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ