ឯកអគ្គរដ្ឋទូតអាមេរិកស្នើសុំផ្ទាល់មាត់ទៅលោកហ៊ុន សែនឲ្យដោះលែងលោកកឹម សុខា
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោកWilliam A. Heidt នៅព្រឹកមិញនេះ បានចូលជួបជំរាបលាលោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន បន្ទាប់ពីលោកត្រូវផុតអាណត្តិនៅកម្ពុជាត្រឡប់ទៅកាន់អាមេរិកវិញ។ នៅក្នុងជំនួបនេះ លោកWilliam A. Heidt បានស្នើត្រង់ៗទៅកាន់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន សុំឲ្យដោះលែងលោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ និងអ្នកទោសខាងនយោបាយផ្សេងទៀត។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គឺនៅក្នុងជំនួបចុងក្រោយជាមួយប្រមុខរដ្ឋាភិបាលកម្ពុជានៅព្រឹកនេះ លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាជិតផុតអាណត្តិ William A. Heidt បានលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាបន្តកែលំអចំណងទាក់ទងទ្វេភាគី ដែលរួមមានការជំរុញការផ្សះផ្សាជាតិ ការដោះលែងលោក កឹម សុខា និង អ្នកទោសនយោបាយដទៃទៀត ព្រមទាំងបន្ធូរបន្ថយការរឹតត្បិតលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ។
ការលើកឡើងរបស់លោក William A. Heidt ត្រូវបានបញ្ចេញឲ្យដឹងដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ ជាមួយការលើកឡើងដូច្នេះ លោកWilliam A. Heidt ក៏បានកត់សំគាល់ដែរថា លោកមានការលើកទឹកចិត្ត ដោយសារជំហានវិជ្ជមានក្នុងពេលថ្មីៗនេះ ដែលរួមមានការបន្តឡើងវិញនូវកិច្ចសហប្រតិបត្តិការទាក់ទងនឹងបញ្ហាឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនអាមេរិកនៅកម្ពុជា។
ដោយឡែក នៅក្នុងសន្និសីទសារព័ត៌មានក្រោយជំនួបនៅព្រឹកមិញនេះដែរ លោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មិនបានបង្ហាញឲ្យដឹងពីការឆ្លើយតបរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅកាន់លោក William A. Heidt ជុំវិញការស្នើសុំឲ្យដោះលែងលោកកឹម សុខា នេះទេ។ ប៉ុន្តែលោកថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានប្រាប់ទៅលោក William A. Heidtថា រដ្ឋាភិបាលកម្ពុជាចង់ឲ្យប្រទេសទាំងពីរបន្តនូវការសន្ទនារវាងគ្នា និងគ្នា ដើម្បីឲ្យយល់គ្នាបានច្រើន។ លោកនាយករដ្ឋមន្រ្តីក៏បានកត់សម្គាល់ផងដែរពីការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក បើទោះបីមានបញ្ហាខ្លះៗនាពេលកន្លងមកក៏ដោយ។
ក្រៅពីបញ្ហាទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផងដែរថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។ លោកនាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ទៅលោក William A. Heidt កុំឲ្យអាមេរិកមានការងឿងឆ្ងល់ និងបារម្ភពីបញ្ហានេះ។ នេះបើតាមការបង្ហាញឲ្យដឹងពីលោកកៅ គឹមហួន។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអាមេរិកបានទទួលស្គាល់នូវការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចខាងលើ ហើយថាការបន្តកិច្ចពិភាក្សាលើបញ្ហានេះ គឺមានសារៈសំខាន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ