ស្ថានទូតអាមេរិកអះអាងថា អាមេរិកមិនបានជាប់ព័ន្ធនឹងការធ្វើរដ្ឋប្រហាររបស់ លោក លន់ នល់ ឡើយ
ចុះផ្សាយនៅថ្ងៃ៖
ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ តាមរយៈទំព័រហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចេញមុខមកអះអាងថា អាមេរិកមិនបានជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហាររបស់លោកលន់ នល់ ដើម្បីទម្លាក់សម្តេចនរោត្តម សីហនុនៅក្នុងឆ្នាំ១៩៧០ឡើយ។ ការចេញមកអះអាងនេះ ធ្វើឡើងក្រោយពីមន្រ្តីរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋខ្មែរមួយចំនួនបានចោទប្រកាន់រដ្ឋបាលអាមេរិកថា បានចូលរួមជាមួយលោកសេនាប្រមុខលន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ។
“សូមអរគុណចំពោះមតិរបស់លោកអ្នក។ តែយើងសូមធ្វើការកត់សម្គាល់ថា សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធនៅក្នុងរដ្ឋប្រហារដែលនាំឱ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ”។ នេះ គឺជាសារអត្ថាធិប្បាយ(Comment) របស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ឆ្លើយតបទៅនឹងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ដែលបានចោទប្រកាន់អាមេរិកថា បានជួយលោកលន់ នល់ ទម្លាក់ សម្តេច នរោត្តម សីហនុ ហើយក្រោយមកក៏បានបណ្តាលឱ្យកើតមាននូវរបបខ្មែរក្រហម។ ប៉ុន្តែអាមេរិក បានទាត់ចោលនូវការចោទប្រកាន់នេះ ដោយអះអាងថា រហូតមកដល់ពេលនេះ គ្មានភស្តុតាងណាមួយដែលបញ្ជាក់ពីការពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងការជួយដល់លោកលន់ នល់ ធ្វើរដ្ឋប្រហារក្នុងឆ្នាំ១៩៧០នោះទេ។
ផ្ទុយពីការលើកឡើងរបស់ស្ថានទូតអាមេរិក ការិយាល័យអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា អះអាងថា អាមេរិកបានលូកដៃចូលក្នុងនយោបាយផ្ទៃក្នុងរបស់កម្ពុជាក្នុងឆ្នាំ១៩៧០។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អ្នកនយោបាយអាមេរិក និងបេក្ខជនប្រធានាធិបតីទី៤៥របស់អាមេរិកបានទទួលស្គាល់ និងស្វែងនូវការសោកស្តាយក្នុងកិច្ចពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកដែលបានឈ្លានពានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាចន្លោះ ឆ្នាំ១៩៧០ ដល់១៩៧៥។ ជាការជ្រៀតជ្រែកនយោបាយផ្ទៃក្នុងរបស់កម្ពុជាដែលបង្កើតឱកាសឱ្យខ្មែរក្រហមឈានឡើងមកកាន់អំណាចជាមួយនឹងការសម្លាប់រង្គាល។
ក៏ប៉ុន្តែសហរដ្ឋអាមេរិកមិនទទួលស្គាល់នូវការលើកឡើងនេះទេ។ មិនប៉ុណ្ណោះ អាមេរិកបានទម្លាក់បញ្ហាទាំងអស់នេះទៅលើរដ្ឋាភិបាលចិន។ អាមេរិកបានគូសបញ្ជាក់ថា គេមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ និង នៅក្នុងរយៈកាលក្រោយពីនោះមក។ បន្ថែមលើនេះ តាមរយៈសេចក្តីការណ៍មួយកាលពីថ្ងៃពុធ អាមេរិក បានរំលេចឱ្យដឹងដែរថា ក្រុមខ្មែរក្រហមបានពឹងផ្អែកយ៉ាងងប់ងល់ទៅលើមហាអំណាចធំមួយ ដែលមានផលប្រយោជន៍ខុសពីផលប្រយោជន៍របស់ប្រជាជនកម្ពុជា។
ជាមួយគ្នានេះ អាមេរិកក៏បានអំពាវនាវត្រង់ៗមកកាន់រដ្ឋាភិបាលកម្ពុជាឱ្យប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ អធិបតេយ្យភាព និងប្រកបដោយតុល្យភាព ដែលរក្សាបាននូវអនាគតរបស់ប្រទេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ រីឯរដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវត្រង់ៗទៅវិញដែរ ដោយស្នើឱ្យអាមេរិក កុំលូកដៃចូលជ្រៀកជ្រែកបញ្ហាផ្ទៃក្នុងកម្ពុជា ដែលជាប្រជាជាតិអធិបតេយ្យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ