ក្រុមមេដឹកនាំសហជីពរំឭកទិវាពលកម្មអន្តរជាតិនៅទីតាំងផ្សេងៗ ក្រោមប្រធានបទប្រហាក់ប្រហែលគ្នា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅថ្ងៃនេះគឺជាទិវាពលកម្មអន្តរជាតិខួបលើក១៣៣ឆ្នាំ។ នៅកម្ពុជា ក្រុមមេដឹកនាំសហជីពធំៗបាននាំគ្នាជួបជុំកម្មករ-និយោជិតរាប់ពាន់នាក់ នៅទីតាំងផ្សេងៗគ្នា តែធ្វើឡើងនៅក្រោមប្រធានប្រហាក់ប្រហែលគ្នា។ លោក អាត់ ធន់ បានដឹកនាំការហែក្បួនជុំវិញវត្តភ្នំ ដោយមានការចូលរួមពីសមាជិកសហភាពការងារកម្ពុជាប្រមាណពីរពាន់នាក់ ខណៈលោក រ៉ុង ឈុន ដឹកនាំពិធីនេះនៅទីលានប្រជាធិបតេយ្យដោយមានអ្នកចូលរួមប្រមាណមួយពាន់នាក់ និងមានវត្តមានរបស់លោកស្រី រ៉ូណា ស្មីត ផងដែរ។
សម្រាប់សហភាពសហជីពកម្ពុជារបស់ លោក រ៉ុង ឈុន ទិវាពលកម្មអន្តរជាតិនៅឆ្នាំនេះ គឺផ្តោតលើស្ថានភាពការងារកម្មករនៅកម្ពុជា បើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធEBA។
នៅក្នុងសេចក្តីថ្លែងការណ៍សហភាពសហជីពកម្ពុជា បានយល់ឃើញថា ការគំរាមកំហែងពិតប្រាកដនៃការដកEBAរបស់សហភាពអឺរ៉ុប និងការដកអត្ថប្រយោជន៍GSPរបស់សហរដ្ឋអាមេរិកនឹងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មកាត់ដែរដែលមានកម្មករប្រមាណ៨០ម៉ឺននាក់។
បើតាមសហជីពមួយនេះ រដ្ឋាភិបាលកម្ពុជាត្រូវទទួលយកសំណើរបស់សហភាពអឺរ៉ុបដើម្បីបានអត្ថប្រយោជន៍EBAបន្តទៀត។ បន្ថែមពីនេះ លោក រ៉ុង ឈុន បានស្នើឲ្យដោះលែង លោក រ៉ាត់ រត្នមុនី ផ្តល់ក្របខណ្ឌដល់គ្រូបង្រៀន១៣នាក់ឡើងវិញ បញ្ចុះតម្លៃប្រេងមកត្រឹម៣៥០០រៀលក្នុងមួយលីត្រ។
ដោយឡែក លោក អាត់ ធន់ បានរំឭទិវាពលកម្មអន្តរជាតិនេះ ដោយដឹកនាំសមាជិកសហភាពការងារកម្ពុជាជាង២០០០នាក់ ហែក្បួនចេញពីសួនច្បារក្បែរក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហែជុំវិញវត្តភ្នំ ដើម្បីជំរុញឱ្យមានភាពប្រសើរឡើងក្នុងវិស័យការងារ។
លោក អាត់ ធន់ បានលើកឡើង ការរំលោភសិទ្ធិការងារ ការរើសអើងលើកម្មករដែលប្រើប្រាស់បណ្ណ ប ស ស បញ្ហាប្រាក់ឈ្នួលមិនសមស្របនឹងតម្លៃទំនិញលើទីផ្សារ និងបញ្ហាEBA ជាដើម។
ជាការកត់សំគាល់នៅក្នុងទិវាពលកម្មអន្តរជាតិនៅឆ្នាំនេះ គឺមានវត្តមានរបស់ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដែលកំពុងបំពេញទស្សនៈកិច្ចនៅកម្ពុជា បានទៅទទួលញត្តិដោយផ្ទាល់ដៃពីមេដឹកនាំសហជីពទាំងនោះ ខណៈតំណាងរដ្ឋាភិបាលកម្ពុជាក៏បានទៅទទួលញត្តិផ្ទាល់ដៃដូចគ្នា។
សូមបញ្ជាក់ថា បញ្ហាសិទ្ធិការងារក៏ជាប្រធានបទសំខាន់មួយសម្រាប់ដំណើរទស្សនៈកិច្ចរបស់លោកស្រី រ៉ូណា ស្មីត មកកម្ពុជាលើកនេះផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ