កម្ពុជា-នយោបាយ

​វៀត​ណាម​ផ្តល់​ថវិកា​២៥​លាន​ដុល្លារ​អាមេរិក ​ដើម្បី​សាង​សង់​អគារ​រដ្ឋបាល​នៃ​រដ្ឋ​សភា​ជាតិ​កម្ពុជា​

ជំនួបរវាង លោក ហ៊ុន សែន និង លោក ង្វៀង ហ្វ៊ូជុង
ជំនួបរវាង លោក ហ៊ុន សែន និង លោក ង្វៀង ហ្វ៊ូជុង @REUTERS

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ទទួល​ជួប​ជាមួយ​លោក​ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិ​ការ​មជ្ឈឹម​បក្ស​កុំម្មុយ​នីស្ត និង​ជា​ប្រធាន​រដ្ឋ​វៀតណាម​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​។ នៅ​ក្នុង​ជំនួប​នេះ រដ្ឋា​ភិបាល​វៀត​ណាម បាន​ផ្តល់​ជំនួយ​ចំនួន​២៥​លាន​ដុល្លារ​អាមេរិក ដើម្បី​សាង​សង់​អគារ​រដ្ឋបាល​នៃ​រដ្ឋ​សភា​ជាតិ​កម្ពុជា​។ 

ផ្សាយពាណិជ្ជកម្ម

ការ​ផ្តល់​ជំនួយ​របស់​វៀត​ណាម​នេះ ធ្វើ​ឡើង​តាម​រយៈ​អនុស្សា​រណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​២៥​លាន​ដុល្លា​អាមេរិក​សម្រាប់​ការ​អនុវត្ត​គម្រោង​សាង​សង់​អគារ​រដ្ឋបាល​របស់​រដ្ឋ​សភា​ជាតិ​កម្ពុជា​ដែល​ចុះ​ហត្ថ​លេខា​ដោយ លោក ឌីញ គៀនយ៉ុង រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​វៀត​ណាម​ និង​លោក ឡេង ប៉េងឡុង អគ្គ​លេខា​ធិការ​រដ្ឋ​សភា​ជាតិ​កម្ពុជា​។ ការ​ចុះ​ហត្ថ​លេខា​ទទួល​យក​ជំនួយ​នេះ ធ្វើ​ឡើង​ក្រោម​វត្ត​មាន​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន និង​លោក​ង្វៀង ហ៊្វូជុង អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មា​ធិការ​មជ្ឈឹម​បក្ស​កុំម្មុយ​នីស្ត និង​ជា​ប្រធាន​រដ្ឋ​វៀត​ណាម​។

ក្រៅ​ពី​អនុស្សា​រណៈ​នៃ​ការ​យោគ​យល់​គ្នា​នេះ កម្ពុជា និង​វៀត​ណាម​ក៏​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ចំនួន​៤​ទៀត​ផង​ដែរ​។ គឺ ពិធី​សារ​ស្តី​ពី​វិសោធន​កម្ម​លើ​ពិធី​សារ​សម្រាប់​អនុវត្ត​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា-វៀតណាម ស្តី​ពី​ការ​ដឹក​ជញ្ជូន​ផ្លូវ​គោក សេចក្ដី​បន្ថែម​ស្តី​ពី​ការ​កែ​ប្រែ​មាត្រា​៦ និង​មាត្រា​១៧ នៃ​កិច្ច​ព្រម​ព្រៀង​រវាង​កម្ពុជា-វៀតណាម ស្តី​ពី​ការ​ដឹក​ជញ្ជូន​ផ្លូវ​ទឹក​។ កិច្ច​សម្រប​សម្រួល​ជំរុញ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា-វៀតណាម ស្តី​ពី​ការ​អនុ​គ្រោះ​ពន្ធ​សម្រាប់​ឆ្នាំ​២០១៩-២០២០ និង អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ទេស​ចរណ៍​សម្រាប់​ឆ្នាំ​២០១៩-២០២១ រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា និង​ក្រុម​ហ៊ុន​អាកាសចរណ៍​វៀត​ណាម​។​

សូម​ជម្រាប​ជូន​ថា ប្រធាន​រដ្ឋ​វៀត​ណាម​លោក​ង្វៀង ហ៊្វូជុង បាន​មក​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ពីរ​ចាប់​ពី​ថ្ងៃ​ទី២៥ កុម្ភៈ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ​នេះ​។ នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​ប្រធាន​រដ្ឋ​វៀត​ណាម បាន​អះអាង​ថា ដំណើរ​ទស្សន​កិច្ច​របស់​លោក​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​។ ជាមួយ​គ្នា​លោក​ក៏​បាន​លើក​សរសើរ​ពី​ការ​រីក​ចម្រើន និង​ស្ថិរ​ភាព​នៅ​កម្ពុជា​ផង​ដែរ​។

ជា​ការ​ឆ្លើយ​តប​វិញ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អះអាង​ថា កម្ពុជា​ទទួល​បាន​ការ​អភិវឌ្ឍ​មក​ដល់​ពេល​នេះ​គឺ​មិន​អាច​កាត់​ផ្តាច់​បាន​ពី​កងទ័ព ប្រជាជន បក្ស និង​រដ្ឋា​ភិបាល​វៀត​ណាម​ឡើយ​។ លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ប្រាប់​ប្រធាន​រដ្ឋ​វៀតណាម​ផង​ដែរ​ថា កម្ពុជា​នឹង​ជំរុញ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​។ លោក​ហ៊ុន សែន ក៏​បាន​អប​អរ​សាទ​ចំពោះ​ប្រទេស​វៀតណាម​ដែល​បាន​ទទួល​រៀប​ចំ​ជំនួប​លើក​ទីពីរ​រវាង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង គីម ជុង​អ៊ុន​ផង​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI