គម្រោងយុត្តិធម៌ពិភពលោក៖ កម្ពុជាស្ថិតនៅជិតបាតតារាងក្នុងប្រព័ន្ធយុត្តិធម៌ពិភពលោក
ចុះផ្សាយនៅថ្ងៃ៖
ចំណាត់ថ្នាក់យុត្តិធម៌របស់កម្ពុជា គិតក្នុងឆ្នាំ ២០១៧ និង ២០១៨ ស្ថិតនៅជិតបាតតារាង ពោលជាប់លេខចំណាត់ថ្នាក់ទី ១១២ ក្នុងចំណោម ១១៣ប្រទេស ។ នេះបើតាមរបាយការណ៍ស្រាវជ្រាវ របស់គម្រោងយុត្តិធម៌ពិភពលោក ឬ World Justice Project របស់អង្គការសង្គមស៊ីវិលអន្តរជាតិ។ សម្រាប់ក្រសួងយុត្តិធម៌កម្ពុជា មានការប្រយ័ត្នប្រយែងក្នុងវាយតម្លៃលើរបាយការណ៍នេះ ដោយត្រូវការពេលសិក្សាបន្ថែម។ ទោះជាយ៉ាងណា អ្នកនាំពាក្យបានអះអាងថា កម្ពុជាបានធ្វើការកែទម្រង់ច្រើនហើយលើប្រព័ន្ធយុត្តិធម៌នេះ។
យោងតាមរបាយការណ៍ World Justice Project ប្រទេសដែលមានចំណាត់ថ្នាក់ទាបជាងគេ ក្នុងប្រព័ន្ធយុត្តិធម៌ពិភពលោក គឺ វេណេហ្សុយអេឡា ដែលទទួលបានចំណាត់ថ្នាក់លេខ ១១៣ និងតាមពីក្រោយដោយប្រទេសកម្ពុជា ដែលស្ថិតនៅលេខរៀងទី ១១២ ខណៈអាហ្វហ្កានីស្ថាន ស្ថិតនៅលេខរៀងទី ១១១។ ចំណែកប្រទេសដែលមានយុត្តិធម៌ពេញលេញ ទទួលបានចំណាត់ថ្នាក់លេខ១ គឺប្រទេសដាណឺម៉ាក។
សម្រាប់ក្រសួងយុត្តិធម៌កម្ពុជា តាមរយៈអ្នកនាំពាក្យ មានការប្រយ័ត្នប្រយែងក្នុងវាយតម្លៃលើរបាយការណ៍នេះ ដោយត្រូវការពេលសិក្សាបន្ថែម ថាតើរបាយការណ៍នេះធ្វើវាយតម្លៃផ្អែកលើកត្តាអ្វីខ្លះ។ ទោះជាយ៉ាងណា លោក ជិន ម៉ាលីន បានអះអាងថា កម្ពុជាបានធ្វើការកែទម្រង់ច្រើនហើយលើប្រព័ន្ធយុត្តិធម៌នេះ ត្បិតតែនៅមានការខ្វះចន្លោះខ្លះ។
បើតាមរបាយការណ៍គម្រោងយុត្តិធម៌ពិភពលោក មូលហេតុដែលកម្ពុជានៅមានចំណាត់ថ្នាក់ទាបលើប្រព័ន្ធយុត្តិធម៌ គឺមកពីរដ្ឋាភិបាលនៅតែប្រើឥទ្ធិពលទៅលើប្រព័ន្ធតុលាការ ជាពិសេសរឿងក្តីធំៗទាក់ទងនឹងនយោបាយ។
ចំណុចនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយថា កម្ពុជាមិនបានបែងចែកប្រភេទរឿងក្តីឬតូចនោះទេ ដោយអះអាងថា ឲ្យតែអ្នកណាប្រព្រឹត្តខុសច្បាប់ គឺនឹងត្រូវទទួលទោសតែទាំងអស់។ តែលោកបានរិះគន់ទៅលើរបាយការណ៍នោះថា ច្រើនតែសន្និដ្ឋានដោយលំអៀងទៅរកអង្គការសង្គមស៊ីវិល ឬគណបក្សដែលពួកគេគាំទ្រ។
សូមរំឭកថា កាលពីឆ្នាំ២០១៦ របាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោកដដែលក៏បានធ្វើការវាស់ស្ទង់ពីនីតិរដ្ឋ និងយុត្តិធម៌នៅកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១១២ នៃប្រទេសសរុបចំនួន១១៣ ដូចពេលនេះដែរ ពោលនៅលើតែប្រទេសវ៉េណេស៊ុយអេឡាតែមួយប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ