តើគ្រឹះរបស់គណបក្សសង្គ្រោះជាតិកំពុងរង្គើមែនឬ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គណបក្សសង្គ្រោះជាតិដែលកើតចេញពីការរួមបញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានកើនសំឡេងគាំទ្រយ៉ាងសន្ធឹកសន្ធាប់ក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ ២០១៣។ លទ្ធផលនេះបានមកពីការបង្រួបបង្រួមដែលជាគ្រឹះរបស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ គណបក្សនេះមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយចំពោះមុខ ជាពិសេសការរក្សាឯកភាពផ្ទៃក្នុងជាបញ្ហាសំខាន់ជាងគេបំផុត។ ប៉ុន្តែ ពេលនេះ សញ្ញានៃការមិនចុះសម្រុងគ្នាកំពុងបង្ហាញឡើងជាថ្មី។ តើនេះមានន័យថា គ្រឹះរបស់គណបក្សសង្គ្រោះជាតិកំពុងរង្គើមែនឬ?
បន្ទាប់ពីបានធ្វើឲ្យគណបក្សប្រជាជនជ្រុះអស់ ២២ កៅអីពីក្នុងរដ្ឋសភាមក គណបក្សសង្គ្រោះជាតិបានឡើងប្រជាប្រិយភាពដល់កម្រិតខ្ពស់បំផុតមួយ។ ដើម្បីឈានដល់ដំណាក់កាលនេះ គណបក្សប្រឆាំងពិតជាមានចំណុចខ្លាំងរបស់ខ្លួន៖
ចំណុចខ្លាំងទី១ គឺការបង្រួបបង្រួមនេះឯង។ នរណាក៏ដឹងដែរថាការបង្រួបបង្រួមជាផ្លូវតែមួយគត់ដើម្បីក្លាយជាគូប្រជែងពិតប្រាកដជាមួយគណបក្សប្រជាជនកម្ពុជាដែលកាន់អំណាចជាង ៣០ឆ្នាំ។ ទីបំផុត ក្រោមសម្ពាធនៃស្ថានការណ៍ចាប់បង្ខំ ការបង្រួបប្រងួមរវាងគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្សរបស់លោកកឹម សុខា ក៏កើតចេញជារូបរាងយ៉ាងតក់ក្រហល់កាលពីខែមេសាឆ្នាំ ២០១៣។ ការបង្រួបបង្រួមនេះហើយដែលជាគ្រឹះដ៏រឹងមាំសម្រាប់ការទាក់ទាញការគាំទ្រពីអ្នកបោះឆ្នោត។
ចំណុចខ្លាំងទី២ ៖ មេដឹកនាំបក្សប្រឆាំងគឺលោកសម រង្ស៊ី និងលោកកឹម សុខា សុទ្ធតែជាអ្នកប្រឆាំងដ៏ល្បីល្បាញជាមួយរដ្ឋាភិបាលគណបក្សកាន់អំណាចជាពិសេសគឺជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកទាំងពីរតែងហ៊ានចេញមុខតវ៉ានិងដឹកនាំបាតុកម្មតាមដងផ្លូវដ៏សកម្មដើម្បីការពារផលប្រយោជន៍ពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌ផ្សេង។ សកម្មភាពទាំងនេះហើយដែលបានផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្រីក្រជាពិសេសអ្នករងគ្រោះដោយបញ្ហាណាមួយក្រោមការដឹកនាំរបស់រដ្ឋាភិបាលគណបក្សអំណាច។
ចំណុខ្លាំងទី៣៖ គោលនយោបាយដែលវាយចំចំណុចខ្សោយរបស់គណបក្សកាន់អំណាច៖ ការដំឡើងប្រាក់ខែមន្ត្រីរាជការនិងកម្មករ ការផ្តល់ប្រាក់ឧបត្ថម្ភដល់ជនចាស់ជរា ផ្តល់ការព្យាបាលជំងឺដល់អ្នកក្រីក្រដោយឥតគិតថ្លៃ រួមទាំងគោលនយោបាយដីធ្លី និងការបញ្ចុះតម្លៃជីកសិកម្ម និងប្រេងសាំងជាដើម គឺជាការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋខ្មែរជាច្រើនតែគណបក្សកាន់អំណាចមិនអាចធ្វើបាន។
ម្យ៉ាងទៀត សំណាងនិងឱកាសក៏ជាអំណោយផលមួយទៀតដែលជួយបង្កើនថាមពលដល់គណបក្សប្រឆាំងផងដែរពោលគឺអ្នកបោះឆ្នោតឲ្យគណបក្សផ្សេងមួយចំនួនរាប់ទាំងអ្នកដែលធ្លាប់បោះឆ្នោតឲ្យគណបក្សប្រជាជនមួយចំនួនផងបោះបង្ខំចិត្តទម្លាក់សន្លឹកឆ្នោតឲ្យបក្សសង្គ្រោះជាតិដើម្បីជាការព្រមានគណបក្សរបស់ខ្លួនឲ្យភ្ញាក់រលឹកធ្វើកំណែទម្រង់។
ប៉ុន្តែ ទន្ទឹមនឹងចំណុចខ្លាំងទាំងនេះ គណបក្សសង្គ្រោះជាតិក៏មានចំណុចប្រឈមជាច្រើនដែរ។ ចំណុចប្រឈមនិងដ៏រសើបជាងគេមួយគឺសម្ព័ន្ធភាពមិនសូវមាំទាំរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។ ឥឡូវនេះ សញ្ញានៃការមិនចុះសម្រុងបានស្តែងឲ្យឃើញជាថ្មីម្តងទៀតតាមរយៈសេចក្តីថ្លែងការណ៍មិនស៊ីសង្វាក់គ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី ទាក់ទងនឹងកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ២២ក្កដា ឆ្នាំ ២០១៤។
ជាការពិត ចាប់តាំងពីគណបក្សសង្គ្រោះជាតិយល់ព្រមចូលធ្វើការក្នុងសភាមក អ្នកគាំទ្រគណបក្សនេះមួយចំនួនបានដកសេចក្តីទុកចិត្ត។ នេះគឺជាសម្ពាធយ៉ាងខ្លាំងមួយទៅលើបក្សប្រឆាំងដែលអាចធ្វើឲ្យសម្ព័ន្ធភាពដាច់ខ្សែក៏ថាបានប្រសិនបើភាគីទាំងពីរមិនប្រឹងទប់ទេនោះ។ លោកកឹម សុខា ដែលទំនងជាទទួលយកកិច្ចព្រមព្រៀងនេះដោយបង្ខំនោះបានធ្លោយមាត់ប្រាប់អ្នកគាំទ្រអំពីការសោកស្តាយក្នុងការទទួលយកកិច្ចព្រមព្រៀងជាមួយបក្សកាន់អំណាចដែលលោកអះអាងថា«មិនសូវច្បាស់លាស់»។
ក្រៅពីនោះ អនុប្រធានបក្សប្រឆាំងដែលទំនងជារងសម្ពាធពីអ្នកគាំទ្រនៅឯក្រៅប្រទេសក៏បានទទួលស្គាល់អំពី«បរាជ័យ»នៃការចង់ឲ្យមានការផ្លាស់ប្តូររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សេចក្តីថ្លែងការណ៍បែបនេះអាចឲ្យគេយល់បានអំពីស្ថានភាពរបស់បក្សប្រឆាំង។
សរុបមកវិញ ភាពរឹងមាំរបស់គណបក្សសង្គ្រោះជាតិគឺអាស្រ័យទាំងស្រុងទៅលើភាពរឹងមាំនៃសម្ព័ន្ធភាពរវាងគណបក្សសិទ្ធិមនុស្ស និង គណបក្សសម រង្ស៊ី ។ ពេលនេះ បក្សប្រឆាំងកំពុងឆ្លងកាត់របត់ដ៏លំបាកមួយ។ លំបាកដោយសារតែការរង្គោះនៃសម្ព័ន្ធភាព ដោយសារសម្ពាធពីអ្នកគាំទ្រ និងដោយសារការកកើតឡើងនៃគណបក្សថ្មីៗមួយចំនួន។ នេះជាវិញ្ញាសាដ៏សំខាន់ណាស់សម្រាប់វាស់ស្ទង់ពីភាពរឹងមាំនៃគ្រឹះរបស់សង្គ្រោះជាតិខណៈដែលការបោះឆ្នោតនឹងចូលមកដល់នាពេលខាងមុខនេះ។ ប្រសិនបើគណបក្សសង្គ្រោះជាតិមិនអាចរក្សាសម្ព័ន្ធភាពបានទេ ចប់ហើយនិទាឃរដូវសម្រាប់បក្សប្រឆាំងនៅកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ