ការចុះបញ្ជីដីសមូហភាពសហគមន៍ជនជាតិដើមភាគតិចមានឧបសគ្គច្រើន
ចុះផ្សាយនៅថ្ងៃ៖
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកការចុះបញ្ជីដីសមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិច ដែលបានដំណើរការកន្លងមកបានជួបការប្រឈមច្រើន ស្មុគស្មាញ ដោយសារកង្វះឆន្ទៈនយោបាយ និងមិនមានកិច្ចសហការពីសំណាក់ផ្នែកពាក់ព័ន្ធ។ ទោះជាមានឧបសគ្គយ៉ាងណាក៏ដោយ សហគមន៍ជនជាតិដើមភាគតិចនៅតែមានកិច្ចគាំពារដីធ្លីរបស់ពួកគេ តាមមធ្យោបាយផ្សេងៗ។
ការចុះបញ្ជីដីសមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិច មានការប្រឈមនឹងឧបសគ្គជាច្រើន ដោយសារតែលក្ខណៈស្មុគស្មាញនិងប្រើប្រាស់ពេលវេលាវែងក្នុងដំណើរការដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព កង្វះឆន្ទៈនយោបាយនិងដោយសារតែសកម្មភាពរបស់ភាគីពាក់ព័ន្ធដែលបានចូលរួម ក្នុងនោះមានអាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុន និងនៅក្នុងចំណោមអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការជួយជ្រោមជ្រែងដល់សហគមន៍ជនជាតិដើមភាគតិច និងសហគមន៍ខ្លួនឯងផ្ទាល់។
នៅក្នុងការចេញផ្សាយរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍ទី១១កុម្ភៈនេះ ដែលមានកំរាស់ជិត៧០ទំព័រ មានចំណងជើងថា«ការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា» មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចាត់ទុកថារបាយការណ៍នេះ មានបំណងលើកឡើងនូវមូលហេតុនៃកង្វះខាតក្នុងការអនុវត្តការចុះបញ្ជីដីធ្លីសហគមន៍ និងកំណត់នូវអនុសាសន៍នានាសម្រាប់ដាក់ជូនដល់អ្នកពាក់ព័ន្ធដែលអាចជួយលើកកម្ពស់អនុវត្តឲ្យបានប្រសើរ ដើម្បីបង្កើនការការពារសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជា។
នៅក្នុងរបាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សដដែល ក៏បានលើកឡើងពីកង្វះខាតការគាំទ្រពីសមត្ថកិច្ច ការស៊ុំគ្រលំជាមួយក្រុមហ៊ុន ការគាបសង្កត់ឲ្យទទួលយកកម្មសិទ្ធិដីធ្លីឯកជន ការធ្វើទុក្ខបុកម្នេញពីប្រព័ន្ធយុត្តិធម៌និងកង្វះខាតការយល់ដឹងពីសិទ្ធិនៃសហគមន៍ជនជាតិដើមភាគតិចជាដើម។
លើសពីនេះនៅក្នុងសេចក្តីសន្និដ្ឋាន របាយការណ៍នៃការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច បានទម្លាក់ការទទួលខុសត្រូវទៅលើរដ្ឋាភិបាលក្នុងការការពារសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិចក្នុងការធានាថាសហគមន៍អាចចុះបញ្ជីដីធ្លីរបស់ពួកគេបានទាន់ពេលវេលា។ ប៉ុន្តែកង្វះឆន្ទៈនយោបាយនៅតែជាបញ្ហាប្រឈមក្នុងការការពារដីរបស់ជនជាតិដើមភាគតិច ដែលមានភស្តុតាងច្បាស់ដោយសារតែមានការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព តែមួយចំនួនតូចប៉ុណ្ណោះរហូតមកទល់បច្ចុប្បន្ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ