អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពង្រឹង​​ការ​​អនុវត្ត​​ច្បា​ប់​ ដើម្បី​​កាត់​​បន្ថយ​​គ្រោះថ្នាក់​​​ចរាចរណ៍​​នៅ​​រដូវ​​​បុណ្យ​​ភ្ជុំ​បិណ្ឌ​​

សំឡេង ០៤:៣៨
ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍
ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់ និង​ដោយ​មិនចេះ​អធ្យាស្រ័យគ្នា បង្ក​ឲ្យ​​មាន​គ្រោះថ្នាក់ និង​​ការស្ទះចរាចរណ៍ RFI/Channa Siv
ដោយ៖ អ៊ឹម រចនា
២៩ នាទី

ជា​​រៀងរាល់​ឆ្នាំ​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​សម្រុក​ចេញ​ពី​រាជធានី​ភ្នំពេញ ​ទៅ​កាន់​ស្រុក​កំណើត​ដើម្បី​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​​តែង​តែ​កើន​ឡើង​ជា​គំហុក​ផង​ដែរ។ ​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ទេ ​អ្នក​ប្រើប្រាស់​ដង​ផ្លូវ​គ្រប់​គ្នា​ ត្រូវ​បាន​ណែនាំ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ ​ទន្ទឹម​គ្នា​នេះ ​ប៉ូលិស​ចរាចរណ៍​ក៏​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ​និង​វិជ្ជាជីវៈ​របស់​ខ្លួន​ផង​ដែរ​ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​សម្រុក​ចេញ​ពី​ភ្នំពេញ​ទៅ​កាន់​ស្រុក​កំណើត​នៅខេត្ត​នានា​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​គេ​នឹង​អាច​មើល​ឃើញ​ពី​ភាព អាណា​ធិប​តេយ្យ​ នៃ​​ស្ថាន​ភាព​​ចរាចរណ៍​​នៅ​កម្ពុជា។ ការ​ផ្ទុក​មនុស្ស​លើស​ចំណុះ ​ការ​ដាក់​មនុស្ស​នៅ​លើ​ដំបូល​រថយន្ត​ និង​ការ​បើក​បរ​ហួស​ល្បឿន​កំណត់ ​ដែល​ជា​សកម្មភាព​ផ្ទុយ​នឹង​ច្បា​ប់ ​តែង​តែ​កើត​មាន​ឡើង។​

ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​ គឺ​ជា​ឥរិយាបថ​ដែល​កើត​មាន​នៅ​គ្រប់​ពេល​វេលា ​និង​គ្រប់​ទី​កន្លែង​ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ​ថ្វី​ត្បិតតែ​កម្ពុជា​មាន​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ហើយ​ក៏​ដោយ​ ប៉ុន្តែ​ ជា​ទូទៅ​មនុស្ស​មួយ​ចំនួន​ហាក់​ដូចជា​មិន​សូវ​យក​ច្បាប់​ជា​ធំ​ឡើយ​ តែ​បែរ​ជា​នាំ​គ្នា​ប្រព្រឹត្ត​តាម​ការ​នឹក​ឃើញ ​និង​ប្រើ​កម្លាំង​បាយ ​ឬ​កម្លាំ​ង​អំណាច​រៀងៗ​ខ្លួ​នទៅ​វិញ។ ​ការណ៍​នេះ​ ជា​កត្តា​រួម​ចំណែក​ធ្វើ​ឲ្យ​ស្ថា​នភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុ​ជា ​គ្មាន​ភាព​ធូរ​ស្រាល​សោះ​ឡើយ។

គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​ក្ដី​បារម្ភ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់​គ្រប់គ្នា ​និង​គ្រប់​ពេល​ទាំង​អស់។ ជា​រៀង​រាល់​ថ្ងៃ​ មនុស្ស​យ៉ាង​ហោច​ណាស់​៦​នាក់​ស្លាប់​ដោយសារ​តែ​គ្រោះ​ថ្នាក់​ចរាចណ៍។ ​ហើយ​ចំនួន​នេះ ​នៅ​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដោយ​គ្មាន​ថយ​ចុះ​ទេ។​

របាយការណ៍​របស់​ក្រុម​ការងារ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​បង្ហាញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ភាគ​ច្រើ​នបណ្ដាល​មក​ពី​ ការ​មិន​គោរព​ច្បាប់​ចរាចរណ៍។ ​ក្រៅ​ពី​នេះ ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​កើត​ឡើង​ផង​ដែរ​ ដោយសារ​ឥរិយាបទ​ធ្វេស​ប្រហែស​របស់​អ្នក​បើកបរ​ផ្សេង​ទៀត​ដូចជា ​ការ​បើក​បរ​ហួស​ល្បឿន​កំណត់​ ការ​បើកបរ​ក្នុង​ពេល​ស្រវឹង​ និង​ករណី​យានយន្ត​ជា​ដើម។

​ឥរិយាបទ​ធ្វេស​ប្រហែស​របស់​អ្នក​ប្រើប្រាស់​ផ្លូវ​នៅ​កម្ពុជា​ កើត​ចេញ​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ និង​មិន​ទទួល​ខុស​ត្រូ​វ ទាំង​បញ្ហា​បច្ចេក​ទេសយា​នយន្ត​ និង​ទាំង​បញ្ហា​ការ​បើកបរ​នៅ​តាម​ដងផ្លូវ។ ការ​ប្រើប្រាស់​យានយន្ត​ដែល​គ្មាន​សុវត្ថិភា​ព ​ដោយ​មិន​បាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេក​​ទេស​ត្រឹមត្រូ​វ គឺ​នៅ​តែ​ជា​បញ្ហា​នៅ​កម្ពុជា។​ ចំណែក​ឯការ​បើកបរ​ដោយ​ភាព​ធ្វេស​ប្រហែស ​សរ​បង្ហាញ​តាម​រយៈ​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​ បើកបរ​ហួស​ល្បឿន​កំណត់​ បើកបរដោ​យ​មិន​ពាក់​មួក​សុវត្ថិភាព​ឬមិ​ន​ដាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ និង​បើកបរ​ដោយមិ​ន​គោរព​សិទ្ធិ​អាទិភាព​ជា​ដើម។

​ទន្ទឹម​គ្នា​នេះ ​កម្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ ក៏​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ទទួល​បរាជ័យ​ផង​ដែរ។​

ជាក់​ស្ដែង ​អ្នក​បើកបរ​ខុស​ច្បាប់​តាម​ដង​ផ្លូវ​ អាច​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​បាន​ដោយសារ​ឥទ្ធិពល​នៃ​ទឹក​ប្រាក់។ អ្ន​កផ្ទុក​មនុស្ស​លើស​ចំណុះ ​ល្មើស​នឹង​ការ​កំណត់​របស់​ច្បាប់​ អាច​រួច​ខ្លួន​បាន​ ប្រសិន​ជា​ហ៊ាន​ចំណាយ​អញ្ជើញ​ប៉ូលិស​ពិសារកាហ្វេ​ម្នា​ក់មួយ​កែវ។​ ចំណែក​ការ​ត្រួត​ពិនិត្យ​យានយន្ត​ ជា​រឿយ​ៗ​ គឺ​សុទ្ធ​តែ​អាច​ធ្វើ​ទៅ​បាន​ដោយ​ប្រើ​ប្រាស់​អំណាចទឹ​ក​ប្រាក់​ ដោយ​មិន​ចាំបាច់​យក​យានយន្ត​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ក៏​បាន។ ទាំង​អស់​នេះ​ គឺ​ជា​កត្តា​សំខាន់​ៗ ​ដែល​ជំរុញ​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​កើត​ឡើង​ និង​កើន​ឡើង​ជា​លំដាប់​នៅ​កម្ពុជា​។

ទាក់ទង​ទៅនឹង​ការ​អនុវត្ត​ច្បាប់​នេះ ​មែនទែន​ទៅ​ រដ្ឋសភា​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ​បាន​អនុម័ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​មួយ​ ដើម្បី​ដាក់​ឲ្យ​អនុវត្ត​នៅ​ដើម​ឆ្នាំ​ក្រោយ។ ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​នេះ ​ត្រូវ​បាន ​រដ្ឋាភិបាល​ សង្គម​ស៊ីវិល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​យល់​ថា ​អាច​រួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា។​

ប៉ុន្តែ បើទោះបី​ជា​ច្បាប់​ចរាចរណ៍​ថ្មី​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ​ក៏​ដោយ​ ក៏​មិន​មែន​មាន​ន័យ​ថា ​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ដែរ។​ ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​បច្ចុប្បន្ន​ អាច​ធ្វើ​ទៅ​បាន​ ដោយ​គ្រាន់តែ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​គ្រប់​ៗ​គ្នា​ គោរព​ច្បាប់​ចរាចរណ៍ ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ កុំ​ធ្វេស​ប្រហែស ​ព្រម​ទាំង​លះបង់​ឥរិយាបទ​អាក្រក់​ៗ​របស់​ខ្លួន​នៅ​លើ​ដង​ផ្លូវ។

ហើយ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ ជា​ពិសេស​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ការ​ចូលរួម​របស់​នគរបាល​ចរាចរណ៍​ដើរ​តួ​សំខាន់​ណាស់។ ​ប៉ូលិស​ចរាចរណ៍ ​ចាំ​បាច់​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ​និង​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ ចៀសវាង​ឲ្យ​បាន​នូវ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ មាន​តែ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ និង​ការ​កែប្រែ​ឥរិយាបទ​របស់​អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់​គ្នា​ប៉ុណ្ណោះ ​ដែល​អាច​ធ្វើ​ឲ្យ​សុវត្ថិភាព​លើ​ដង​ផ្លូវ​ពិត​ប្រាកដ​ កើត​មាន​បាន៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ