អង្គការឃ្លាំមើលសិទ្ធិមនុស្ស៖ ការវាយប្រហារដោយទឹកអាស៊ីដនៅកម្ពុជាថយចុះ
ចុះផ្សាយនៅថ្ងៃ៖
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) នៅថ្ងៃទី០៤ ខែកុម្ភៈ តាមរយៈរបាយការណ៍របស់ខ្លួនឲ្យដឹងថាការវាយប្រហារដោយទឹកអាស៊ីដនៅក្នុងប្រទេសកម្ពុជាបានថយចុះ បន្ទាប់ពីរដ្ឋាភិបាលបានអនុម័តច្បាប់គ្រប់គ្រងអាស៊ីដខ្លាំង។ ប៉ុន្តែអង្គការឃ្លាំមើលសិទ្ធិមនុស្សនេះរកឃើញថារដ្ឋាភិបាលបរាជ័យក្នុងការផ្តល់ជំនួយដល់ជនរងគ្រោះ។
នៅកម្ពុជាករណីវាយប្រហារដោយទឹកអាស៊ីដ ដែលត្រូវបានរាយការណ៍មានចំនួន៤០ករណី ដែលជាចំនួនខ្ពស់បំផុតនៅឆ្នាំ២០០០ ហើយនៅឆ្នាំ២០១០ មានរលកនៃការវាយប្រហារមួយទៀត ដែលមានជនរងគ្រោះសរុបចំនួន៣៦នាក់។ ភាគច្រើននៃករណីទាំងនោះកើតឡើងពីជម្លោះរវាងបុគ្គល និងបុគ្គល ហើយនិងការចងគំនុំ។ នេះបើតាមរបាយការណ៍កម្រាសជិត៦០ទំព័រជាភាសាខ្មែរ មានចំណងជើងថា “ដូចរស់ក្នុងឋាននរក” អំពើហិង្សាដោយអាស៊ីដនៅកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩។
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងទៀតថា នៅក្រោយការអនុម័តច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីដខ្លាំង នាឆ្នាំ២០១២ អំពើវាយប្រហារដោយអាស៊ីដ ដែលត្រូវបានរាយការណ៍មានយ៉ាងហោចណាស់២៥ករណី កើតឡើងលើជនរងគ្រោះចំនួន៣២នាក់ក្នុងនោះមាន២៣នាក់ត្រូវបានគេដឹងថា នៅមានជីវិត។ ក្នុងចំណោមជនរងគ្រោះទាំង៣២នាក់មាន១៩នាក់ជាស្ត្រី និង១៣នាក់ទៀតជាបុរស។
លោក ប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានធ្វើការបោះជំហានដ៏សំខាន់មួយជាមួយនឹងច្បាប់គ្រប់គ្រងទឹកអាស៊ីដ ដោយបានធ្វើការសន្យាយ៉ាងច្បាស់លាស់ចំពោះជនរងគ្រោះពីការវាយប្រហារដោយទឹកអាស៊ីដ។
លោកបន្តថា បរាជ័យរបស់រដ្ឋាភិបាលរួមមាន ការអនុវតច្បាប់នេះនៅក្រៅក្រុងភ្នំពេញ, ការចាប់ជនដៃដល់មកទទួលខុសត្រូវ, ការព្យាបាលដល់ជនរងគ្រោះ និងការប៉ះប៉ូវនូវសំណងសម្រាប់ជនរងគ្រោះ បានធ្វើឲ្យការសន្យារបស់រដ្ឋាភិបាលមិនអាចសម្រេចទៅបាន ហើយបានធ្វើឲ្យជនរងគ្រោះមានផលវិបាកអស់មួយជីវិត។
វិទ្យុបារាំងអន្តរជាតិមិនអាចសុំការបំភ្លឺពីក្រសួងមហាផ្ទៃបានទេនៅថ្ងៃទី០៥ ខែកុម្ភៈនេះ ក៏ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មុននឹងឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិលោកបានចាត់ទុកសកម្មភាពអង្គការឃ្លាំមើលសិទ្ធិមនុស្សរបស់លោក ប្រេដ អាដាមថា ជាការវាយប្រហារមកលើរដ្ឋាភិបាល។ បើតាមលោក ផៃ ស៊ីផាន ក្នុងរយៈពេល២ ឬ៣ឆ្នាំចុងក្រោយនេះ ករណីវាយប្រហារដោយទឹកអាស៊ីដមិនបានកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ។ លោកបញ្ជាក់ថា ការថយចុះនេះ គឺបន្ទាប់ពីរដ្ឋាភិបាលបង្កើនការអប់រំ និងដាក់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្ត។
សូមជម្រាបជូនថារបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលចេញផ្សាយនាពេលនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើកិច្ចសម្ភាសន៍ក្នុង ខែធ្នូឆ្នាំ២០១៣, ខែមិថុនា ឆ្នាំ២០១៥, និងខែឧសភាឆ្នាំ២០១៧ ជាមួយអ្នករស់រានមានជីវិតពីការវាយប្រហារដោយអាស៊ីដចំនួន១៧នាក់ នៅភ្នំពេញ និងកំពង់ចាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ