កម្ពុជា

ACU ទាត់​ចោល​បណ្តឹង​បទ​ពុក​រលួយ​លើ​មេដឹកនាំ​គ.ជ.ប

ក្រុម​​ការងារ​​ជំនាញ​​របស់​​អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​(ACU)​ បាន​​បើក​​កិច្ច​​ប្រជុំ​​ពាក់​​ព័ន្ធ​​នឹង​​ពាក្យ​​បណ្តឹង​​របស់​ លោក រស់ ​សារ៉ុម ​ប្រធាន​​សមាគម​​ជ័យ​​លាភី​​បញ្ញាជន​ ដែល​​ប្តឹង​​ថ្នាក់​​ដឹក​​នាំ​ គ.ជ.ប អំពី​​រឿង​​ពុក​​រលួយ។​
ក្រុម​​ការងារ​​ជំនាញ​​របស់​​អង្គភាព​​ប្រឆាំង​​អំពើ​​ពុក​​រលួយ​​(ACU)​ បាន​​បើក​​កិច្ច​​ប្រជុំ​​ពាក់​​ព័ន្ធ​​នឹង​​ពាក្យ​​បណ្តឹង​​របស់​ លោក រស់ ​សារ៉ុម ​ប្រធាន​​សមាគម​​ជ័យ​​លាភី​​បញ្ញាជន​ ដែល​​ប្តឹង​​ថ្នាក់​​ដឹក​​នាំ​ គ.ជ.ប អំពី​​រឿង​​ពុក​​រលួយ។​ សហការី

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ក្រុម​ការងារ​ជំនាញ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU) បាន​បើក​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នឹង​ពាក្យ​បណ្តឹង​របស់ លោក រស់ សារ៉ុម ប្រធាន​សមាគម​ជ័យ​លាភី​បញ្ញាជន ដែល​ប្តឹង​ថ្នាក់​ដឹក​នាំ គ.ជ.ប អំពី​រឿង​ពុក​រលួយ។ ក្រោយ​ពី​ចំណាយ​ពេល​សួរ​ដេញ​ដោល​ប្រមាណ​ជិត​ពីរ​ម៉ោង អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​សម្រេច​មិន​ទទួល​យក​បណ្តឹង​នេះ​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

លោក​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​លើក​ហេតុផល​នៃ​ការ​មិន​ទទួល​យក​ពាក្យ​បណ្តឹង​នេះ​ថា គឺ​ដោយសារ​តែ​សំណុំ​រឿង​នេះ​អត់​មាន​តម្រុយ​សូម្បី​តែ​បន្តិច​ទាល់​តែ​សោះ ក្នុង​ការ​ឈាន​ទៅ​ដល់​ការ​ស៊ើប​អង្កេត។ មួយ​វិញ​ទៀត វា​ក៏​អត់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នោះ​ដែរ។ ការ​បដិសេធ​នេះ ធ្វើ​ឡើង ក្រោយ​ពី​ក្រុម​ការងារ​ជំនាញ​ផ្នែក​ពុក​រលួយ រួម​ទាំង​ម្ចាស់​បណ្តឹង​លោក រស់ សារ៉ុម និង​តំណាង​គណៈ​កម្មការ​ធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ផង បាន​ជជែក​ដេញ​ដោល​គ្នា​ប្រមាណ​ជា​ជិត​២​ម៉ោង។

លោក រស់ សារ៉ុម ប្រធាន​សមាគម​ជ័យ​លាភី​បញ្ញាជន​បាន​ប្តឹង ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ៤​រូប គឺ​លោក​ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន អនុប្រធាន លោក ហង់ ពុទ្ធា អ្នកនាំពាក្យ និង​លោក ម៉ៅ សុភារិទ្ធ អគ្គលេខាធិការ​រង គ.ជ.ប។ លោក​រស់ សារ៉ុម​បាន​ចោទ​ពួក​គេ​ ពី​ការ​ឃុប​ឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ការ​តែង​តាំង និង​ការ​ធ្វើ​សមាហរណកម្ម មន្រ្តី​រាជការ​ក្នុង​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០១៦។ នៅ​កិច្ច​ពិភាក្សា​សួរ​ដេញ​ដោល​គ្នា លោក​រស់ សារ៉ុម បាន​លើក​ឡើង​ជា​ច្រើន​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​តែង​តាំង​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន​នេះ​ ដែល​ជា​សែ​ស្រឡាយ​ជាមួយ​ថ្នាក់​ដឹកនាំ និង​ការ​ទិញ​ផ្ទះ​វីឡា​របស់​ថ្នាក់​ដឹក​នាំ​គ.ជ.ប​ជា​ដើម។

លោក​ឱម យ៉ិនទៀង បាន​គូស​បញ្ជាក់​នៅ​ចំពោះ​មុខ​លោក​រស់ សារ៉ុម​ ថា​ការ​តែង​តាំង​មន្ត្រី​រាជការ​មិន​ត្រឹម​ត្រូវ គឺ​គួរ​តែ​មន្ត្រី​នៅ​ក្នុង​ស្ថាប័ន​គ.ជ.ប​ទេ ជា​អ្នក​ប្តឹង​ផ្តល់​នោះ។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​បញ្ចូល​សាច់​ញាតិ​ឲ្យ​ធ្វើ​ការ​ជាមួយ គឺ​មិន​ទាន់​មាន​ច្បាប់​ឯណា​បាន​ហាម​ឃាត់​នោះ​ឡើយ។ ដោយ​មើល​ឃើញ​ថា ករណី​ទាំង​នេះ មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់ និង​មិន​ត្រូវ​នឹង​ដែន​សមត្ថកិច្ច​របស់​ខ្លួន លោក​ឱម ​យ៉ិនទៀង ក៏​បាន​ប្រកាស​បដិសេធ​បណ្តឹង​នេះ​ចោល​តែ​ម្តង​ទៅ។ ចំណែក លោក​រស់ សារ៉ុម មិន​បាន​ជំទាស់​អ្វី​នឹង​ការ​សម្រេច​នេះ​ទេ តែ​លោក​គ្រាន់​តែ​ស្នើ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចេញ​លិខិត​បដិសេធ​ជា​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ។

ក្រោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បដិសេធ​បណ្តឹង​នេះ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​បញ្ជាក់​ថា នៅ​ពេល​នេះ គ.ជ.ប មិន​ទាន់​សម្រេច​ប្តឹង​លោក​រស់ សារ៉ុម ទៅ​កាន់​តុលាការ​ពី​បទ​បរិហារកេរ្តិ៍​នៅ​ឡើយ​ទេ គឺ​កំពុង​តែ​ពិចារណា។ តែ​ទោះ​ជា​យ៉ាង​ណា ប្រធាន​សមាគម​ជ័យ​លាភី​បញ្ញាជន មិន​បាន​ខ្លាច​រអា​នឹង​ការ​ប្តឹង​ផ្តល់​នេះ​ទេ ផ្ទុយ​ទៅ​វិញ លោក​ថែម​ទាំង​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ប្តឹង​លោក​ទៅ​កាន់​តុលាការ​ចុះ ហើយ​លោក​សុខ​ចិត្ត​ទៅ​តតាំង​នៅ​ក្នុង​តុលាការ​តែ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI