អង្គភាពប្រឆាំងអំពើពុករលួយកំណត់ឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ប្រកាសទ្រព្យសម្បត្តិ ក្នុងរយៈពេល៣០ថ្ងៃ
ចុះផ្សាយនៅថ្ងៃ៖
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ត្រូវតែប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ពីថ្ងៃទី១៥ កក្កដា ដល់ ១៥សីហា។ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្ដីជូនដំណឹងនេះ នៅថ្ងៃអង្គារ ទី១១ ទៅដល់មន្ត្រីដែលមានកាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិប្រមាណជាង៨ពាន់នាក់ ។
អត្ថបទដោយៈ ទី កញ្ញា និង ប៊ុន សៅសុភនាថ
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំង២៥ រាជធានី ខេត្ត ត្រូវផ្ញើឯកសារទាំងឡាយដែលបញ្ជាក់ចំនួនទ្រព្យសម្បត្តិរបស់ខ្លួន ទៅតាមថ្ងៃកំណត់របស់អង្គភាពប្រឆាំងអំពើពុករលួយ។ សូមបញ្ជាក់ថា អ្នកដែលជាប់កាតព្វកិច្ចប្រកាស ដែលមានចំនួនសរុប ៨៦៥៩នាក់ គឺសំដៅលើអ្នកជាប់ឆ្នោតថ្មីដែលមិនធ្លាប់មានមុខតំណែងក្នុងក្រុមប្រឹក្សាឃុំសង្កាត់ និង អ្នកដែលលែងមានតួនាទីជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់។ នេះបើតាមសេចក្តីជូនដំណឹងរបស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ។
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានគូសបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរាជការ មានសារៈសំខាន់ក្នុងការអប់រំ និងទប់ស្កាត់អំពើពុករលួយ។ ហើយនេះជាមធ្យោបាយស៊ើបអង្កេតដ៏មានប្រសិទ្ធិភាព ពេលមានបណ្តឹងទាក់ទងរឿងពុករលួយ ក៏ដូចជា ធ្វើឲ្យមានភាពងាយស្រួលដល់ការអនុវត្តសាលក្រម ពេលរឹបអូសទ្រព្យសម្បត្តិពុករលួយ។
ទាក់ទងនឹងច្បាប់ប្រកាសទ្រព្យសម្បត្តិ ប្រសិនបើមន្ត្រីជាប់ភារកិច្ចប្រកាស គេចវេសប្រកាស ឬមានកំណើនទ្រព្យសម្បត្តិច្រើនមិនអាចពន្យល់បាន នោះនឹងត្រូវពិន័យជាទឹកប្រាក់ រឹបអូសទ្រព្យសម្បត្តិ ឬអាចឈានដល់ការជាប់ពន្ធនាគារទៀតផង។
សូមជម្រាបថា សំណុំឯកសារទ្រព្យសម្បត្តិអាចធ្វើជាទម្រង់អេឡិចត្រូនិក ដោយមានលេខសម្ងាត់ ឬ ធ្វើជាលិខិតជាពីរច្បាប់តាមគំរូដែលកំណត់ដោយអង្គភាព ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ដោយឡែកពីគ្នា ដែលមួយច្បាប់រក្សាទុកដោយសាមីខ្លួន និងមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ។
សូមរំលឹកថា ច្បាប់បញ្ញត្តិស្តីពីការប្រកាសទ្រព្យសម្បត្តិបានចាប់ផ្តើមអនុវត្តនៅក្នុងឆ្នាំ២០១១ និង ត្រូវធ្វើជារៀងរាល់២ឆ្នាំម្តង។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ