កម្ពុជា

អ្នកសង្កេតការណ៍ស្ម័គ្រ ជាង៤ពាន់នាក់នឹងចូលរួម សង្កេតការណ៍​លើ​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧

អ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្តលើ​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ ២០១៧
អ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្តលើ​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ ២០១៧ @ACU

ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២១ សីហា​ខាងមុខ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​ដាក់​អ្នក​សង្កេតការណ៍​ចំនួន ៤៥១០ នាក់ លើ​បន្ទប់​ប្រឡង​ចំនួន​៤១៥៤ បន្ទប់ ទូទាំង​ប្រទេស។​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​នោះ​គឺ អ្នក​សង្កេតការណ៍​មាន​សិទ្ធិ​ពិសេស​ អាច​កាន់​ទូរសព្ទ​ និង​អាច​ថត​ភាព​មិន​ប្រក្រតី​ក្នុង​មណ្ឌល​បាន។

ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ ជក់ សុភា

ចំនួន​អ្នក​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ឆ្នាំ​នេះ ថយ​ចុះ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ប្រមាណ​ជាង ៦ ពាន់​នាក់។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់ លោកស្រី ម៉ា សូយ៉ិនដា ឧបការី​នៃ​អង្គ​ភាពប្រឆាំង​អំពើ​ពុករលួយ។ លោកស្រី​បន្ត​ថា ការ​ថយ​ចុះ​នេះ​ដោយសារ​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​កំណត់​ចំនួន​អ្នក​សង្កេត​ការណ៍​ស្រប​ទៅ​តាម​បន្ទប់​ប្រឡង​។ ជា​បទពិសោធន៍​កាល​ពី​ពេល​កន្លង​ទៅ ចំនួន​អ្នក​សង្កេត​ការណ៍​ច្រើន​រហូត​ដល់​មួយ​បន្ទប់​មាន​អ្នក​ស្ម័គ្រ​ចិត្ត ៤​ទៅ​៥​នាក់ ហើយ​គាត់ ជជែក​គ្នា​លេង ដែល​រំខាន​ដល់​បេក្ខជន។

គួរ​បញ្ចាក់​ផង​ដែរ​ថា អ្នក​សង្កេតការណ៍​ដែល​ចូល​រួម​ក្នុង​ការ​ប្រឡង​ឆ្នាំ​នេះ​ មក​ពី​សាកលវិទ្យាល័យ​នា​នា បុគ្គល អង្គការ ក្រុមហ៊ុន​ឯកជន ព្រះសង្ឃ សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា និង អ្នក​សង្កេត​ការណ៍​បរទេស​ចំនួន ២​នាក់។

ទន្ទឹម​នឹង​នេះ មុន​នឹង​ចេញ​ទៅ​សង្កេត​ការណ៍ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ បណ្តុះ​បណ្តាល​អំពី តួនាទី​របស់​អ្នក​សង្កេត​ការណ៍ សារាចរ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល ច្បាប់​អប់រំ ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជ​ការ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ និង​បទ​បញ្ញាត្តិ​ផ្សេងៗ​របស់​ក្រសួង​អប់រំ​ដែល​ដាក់​កម្រិត​វិន័យ​ទៅ​លើ​បេក្ខជន​ប្រឡង និង​បុគ្គលិក​អប់រំ ។

លោក​ស្រី ម៉ា សូយ៉ិនដា បាន​ប្រាប់​វិទ្យុ​បារាំង​ថា អ្នក​សង្កេត​ការណ៍​មាន​សិទ្ធិ​អាច​យក​ទូរសព្ទ​ចូល​ក្នុង​មណ្ឌល​ប្រឡង​បាន ហើយ​ពួក​គេ​អាច​ថត​សកម្មភាព​ល្អ និង​ភាព​មិន​ប្រក្រតី ផុស​ជា​សាធារណៈ ព្រោះ​ពួក​គាត់​ជា​ភ្នែក ជា​ច្រមុះ​របស់​ប្រជា​ពលរដ្ឋ​ទូទៅ។

យ៉ាង​ណា​មិញ អ្នក​សង្កេត​ការណ៍​ស្ម័គ្រ​ចិត្ត នឹង​ទទួល​បាន​ចំណេះ​ដឹង ពោល​គឺ​ការ​យល់​ដឹង​ពីច្បាប់ និង​បទ​ពិសោធន៍​ក្នុង​ការងារ​សង្គម។​មួយ​វិញ​ទៀត អ្នក​សង្កេត​ការណ៍​នឹង​ទទួល​បាន​នូវ​វិញាបនបត្រ​ថ្លែង​អំណរ​គុណ​ក្រោយ​ពេល​បំពេញ​ការងារ រីឯ ការ​ឧបត្ថម្ភ​ថវិកា​គឺ​ពុំ​មាន​នោះ​ទេ។

គួ​រ​រំលឹក​ផង​ដែរ​ថា ក្រសួង​អប់រំ បាន​សហការ​ជាមួយ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចំនួន​៣លើក​មក​ហើយ គឺ លើក​ទី​១ ក្នុងសម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៤ មាន​ចំនួន​ជាង​៣​ពាន់​នាក់ លើក​ទី​២ សម័យ​ប្រឡង​ឆ្នាំ​២០១៥ មាន​ចំនួន​ជាង​៥​ពាន់​នាក់ និងលើកទី៣សម័យប្រឡង​​ឆ្នាំ​២០១៦​មាន​ចំនួន​ជាង​៦​ពាន់​នាក់​។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI