កម្ពជា

សាលា​ក្រុង​បដិសេធ​មិន​ឲ្យ​មនុស្ស​ពីរ​ក្រុម​ដង្ហែ​ញត្តិ​ទៅ​កាន់ ​ACU ​ទេ​នៅ​ថ្ងៃ​ស្អែក

@ACU
ដោយ៖ អេង គីមហុង
១៥ នាទី

 សាលារាជធានី​ភ្នំពេញ កាល​ពី​ម្សិល​មិញ​បាន​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​សហគមន៍​ដី​ធ្លីចំនួន​១០​ក្រុម​ដង្ហែ​ញត្តិ​ទៅ​កាន់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទេ​នៅ​ថ្ងៃ​ស្អែក​នេះ។ ហើយ​នៅ​ថ្ងៃ​នេះ​សាលារាជធានី​ក៏​បាន​បដិសេធ​និង​ក្រុម​មួយ​ទៀត ដែល​ជា​ក្រុម​គាំទ្រសកម្ម​ភាព​ការ​ងារ​របស់ ​ACU​ដឹក​នាំ​ដោយ លោក ប៉ាន់ខែម ប៊ុនថន នាយក​ប្រតិបត្តិ​សម័្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ មិន​ឲ្យ​ដង្ហែ​ញត្តិ​ដូច​គ្នា​នេះ​ដែរ។  

ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​មិន​ទទួល​បាន​ភ្លើង​ខៀវ​ពី​សាលារាជធានី​ភ្នំពេញ​នៅ​ក្នុង​ការ​ដង្ហែ​ញត្តិ​ទៅ​ដាក់នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ACU​នៅ​ថ្ងៃ​ស្អែក​ តែ​ជំហរ​របស់​សហគមន៍​ដីធ្លី​ចំនួន១០​ក្រុម​ដែល​អះ​អាង​ថា មាន​គ្នី​គ្នា​ចំនួន​២០០០​នាក់​នៅ​រក្សា​ជំហរ​ដដែល​គឺ​ពួក​គេ​នៅតែ​ដង្ហែ​ញត្តិ​ទៅ​កាន់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

អ្នកស្រី ស ស៊ន តំណាង​ឲ្យ​ពលរដ្ឋ​សហគមន៍​បឹង​កក​ឲ្យ​ដឹង​ថា ការ​រក្សា​ជំហរ​របស់​ពួកគាត់​ក្នុង​ការ​យក​ញត្តិ​ទៅ​ដាក់​នៅ​ACU​គឺ​ដើម្បី​ឲ្យ​ស្ថាប័ន​ជាតិ​មួយ​នេះ បញ្ឈប់​ការ​គំរាមកំហែង​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​សកម្មជន​សិទ្ធិ​មនុស្ស​និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​ តាមរយៈ​ការ​ចោទ​ប្រកាន់​ផ្សេងៗ។ អ្នកស្រី ស ស៊ន បន្ថែម​ថា អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ជួយសង្គម​បាន​ច្រើន​តាម​រយៈ​ការ​ផ្ដល់​ប្រឹក្សា​ផ្នែក​ច្បាប់​ឬ​ជំនួយ​មនុស្ស​ធម៌​ផ្សេង​ទៀត​ដល់ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ដីធ្លី។ អ្នក​ស្រី​ក៏​បាន​ស្នើ​សុំ​បន្ថែម​ទៀត​ឲ្យ​ACU​បញ្ឈប់​ការអនុវត្ត​ច្បាប់​ស្តង់​ដារ​ពីរ។

ទន្ទឹម​គ្នា​នេះ​សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​បដិសេធ​នូវ​គម្រោង​ហែ​ញត្តិ​គាំទ្រ​សកម្ម​ភាពការ​ងារ​របស់​ACU​ពី​សំណាក់​យុវជន​មួយ​ក្រុម​ទៀត​ដែល​អះ​អាង​ថា មាន​ប្រជាពលរដ្ឋចូល​រួម​៥០០០​នាក់​ចូល​រួម ​ដឹក​នាំ​ដោយ​លោក ប៉ាន់ ខែមប៊ុនថន នាយក​ប្រតិបត្តិ​សម័្ពន្ធយុវជន​ស្រឡាញ់​សន្តិភាព។

លោក មាន ចាន់យ៉ាដា នាយក​រដ្ឋ​បាល​សាលារាជធានី​ភ្នំពេញ​បាន​គូស​បញ្ជាក់​ថា ការ​បដិសេធ​​របស់​សាលារាជធានី​ភ្នំពេញ​ដោយ​សារ​ថា នៅ​ថ្ងៃ​ទី​០៧​ឧសភា​គឺ​ចំថ្ងៃ សហភាព​អឺរ៉ុប​មាន​គម្រោង​ជិះ​កង់​ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​៤០០០​នាក់។ ដែល​នាំ​ឲ្យក្បួន​មាន​ការ​ប៉ះ​គ្នា​បង្ក​ទៅ​ជា​ការ​កក​ស្ទះ​ចរាចរណ៍។ និង​ម្យ៉ាង​ទៀត​កាល​ពី​ថ្ងៃ​ទី​៥ឧសភា លោក ឱម យ៉ិនទៀង ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​បាន​ចូល​ខ្លួន​មកបក​ស្រាយ​រួច​ហើយ​នៅ​សាលារាជធានី​ភ្នំពេញ​ជុំវិញ​កង្វល់​នានា​របស់​សហគមន៍​ដែលមាន​ទំនាស់​ដីធ្លី។

សូម​បញ្ជាក់ថា បុគ្គលិក​អង្គ​ការ​អាដហុក​ចំនួន​បួន​រូប​រួម​និង​មន្ត្រី​អគ្គលេខាធិការរង​មួយរូប​ត្រូវ​បាន​តុលា​ការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូក​ប៉ាន សាក្សី ពាក់​សំណុំ​រឿងរបស់​កញ្ញា ខុម ចាន់ដារ៉ាទី ហៅ​ស្រីមុំ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ ជា​នារី​កំណាន់របស់​លោក កឹម សុខា ៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI