ACU បញ្ជូនមេធាវីដែលពាក់ព័ន្ធនឹងអំពើពុករលួយ ទៅតុលាការនៅថ្ងៃនេះ
ចុះផ្សាយនៅថ្ងៃ៖
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី ២ មិថុនានេះ បានបញ្ជូនខ្លួនមេធាវី ពេជ រតនា ដែល ACU ថាមានពាក់ព័ន្ធនឹងអំពើពុករលួយ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ សាលាដំបូង នៅមិនមានមានសេចក្តីសម្រេចយ៉ាងណានោះទេ ប៉ុន្តែនៅព្រឹកនេះ ប្រធានគណៈមេធាវី បានស្នើសុំតុលាការ ឲ្យមេធាវី ពេជ រតនា បាននៅក្រៅឃុំ។ ក្នុងនោះ គណៈមេធាវី ក៏បានត្រៀមមេធាវីចំនួន ៦នាក់ ដើម្បីការពារក្តីជនជាប់ចោទរូបនេះផងដែរ។
ទោះបីជាមេធាវីពេជ រតនា ត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ពីបទចោទប្រកាន់ទៅលើរូបលោកនៅឡើយនោះទេ។ វិទ្យុបារាំងអន្តរជាតិ មិនអាចទាក់ទងសុំការបំភ្លឺពីលោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU នៅឡើយទេ ដោយសារលោកមិនបានលើកទូរស័ព្ទ។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី ២ មិថុនានេះ ប្រធានគណៈមេធាវីកម្ពុជា លោកប៊ុន ហុន និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីការពារក្តី ៦នាក់ទៀត បានធ្វើដំណើរទៅកាន់សាលាដំបូងក្រុងភ្នំពេញ។ លោកប៊ុន ហុន បានប្រាប់អ្នកកាសែតនៅតុលាការថា លោកមកសួរសុខទុក្ខ និងស្នើស្ថាប័នតុលាការ កុំឲ្យឃុំខ្លួនលោកពេជ រតនា។ ចំណែកមេធាវី ៦នាក់ទៀត បានមកតុលាការ ដើម្បីដាក់ពាក្យការពារក្តីជូនលោក ពេជ រតនា។
សមាជិកក្រុមប្រឹក្សាគណៈមេធាវី ៦នាក់ ដែលសម្រេចការពារក្តីលោកពេជ រតនា រួមមាន លោកសាំង វណ្ណៈ - លោកអ៊ីវ ប៉ូលី - លោកជូ ចាន់ធីរ៉ា - លោកលីវ សុវណ្ណា - លោក ឈី សម្បត្តិ និងអ្នកស្រីសៅ កញ្ញា។
សូមបញ្ជាក់ថា លោកពេជ រតនា អាយុ ៤០ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងបរវេណពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីល្ងាចថ្ងៃអង្គារ ដោយ ACU។ ACU បានសាកសួរលោកពេជ រតនា ពេញមួយថ្ងៃ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតពីបទចោទទាក់ទងនឹងសំណុំរឿងពុករលួយនោះឡើយ។
ក្រោយការចាប់ខ្លួននោះ គណៈមេធាវីកម្ពុជា បានចេញសេចក្តីណែនាំចំនួន ៩ចំនុច ស្តីពីការប្រកបវិជ្ជាជីវៈមេធាវី បានព្រមានចាត់វិធានការចំពោះសមាជិក សមាជិការូបណា ដែលបង្កការលំបាកដល់គណៈមេធាវី និងមិនគោរពតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌មេធាវី បទបញ្ជាផ្ទៃក្នុង ដោយមិនអត់អោនចំពោះអ្នកប្រព្រឹត្តបំពាននោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ