អានតួអត្ថបទ
កម្ពុជា

ADB ផ្តល់​កម្ចី​ ៤៥​លាន​ដុល្លារ​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា

ស្លាកសញ្ញារបស់ធនាគាអភិវឌ្ឍន៍អាស៊ាន។
ស្លាកសញ្ញារបស់ធនាគាអភិវឌ្ឍន៍អាស៊ាន។ @បណ្តាញសង្គម
ដោយ៖ ស៊ុន មេសា
1 នាទី

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​ថ្ងៃ​ចន្ទ ទី​១៧ តុលា​នេះ បាន​អនុម័ត​កម្ចី​ក្នុង​ទឹក​ប្រាក់ ៤៥​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា។ កម្ពុជា​ដែល​មាន​ប្រព័ន្ធ​អប់រំ​ទន់​ខ្សោយ​នៅ​ឡើយ បាន​បញ្ជាក់​ថា ជំនួយ​នេះ​នឹង​ពង្រឹង​វិស័យ​អប់រំ​ជា​ទូទៅ​ទាំង​ហេដ្ឋារចនា​សម្ព័ន្ធ និង​ទាំង​លោក​គ្រូ​អ្នក​គ្រូ​ ដើម្បី​អាច​ឱ្យ​កម្ពុជា​ទទួល​បាន​ចំណេះ​ដឹង​ប្រកប​ដោយ​គុណភាព។

ផ្សាយពាណិជ្ជកម្ម

កម្ចី​ ៤៥​លាន​ដុល្លារ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នឹង​លើក​កម្ពស់​ឱ្យ​កម្ពុជា​មាន​ការ​ទទួល​បាន​ការ​អប់រំ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ថ្នាក់​មធ្យម​សិក្សា​ទុតិយ​ភូមិ ឬ​ថ្នាក់​វិទ្យាល័យ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ធនធាន​មនុស្ស និង​ដើម្បី​ធានា​និរន្តរភាព​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និង​ការ​ប្រកួត​ប្រជែង​របស់​កម្ពុជា។ នាយក​អេឌីប៊ី ប្រចាំ​នៅ​កម្ពុជា លោក Samiuela Tukuafu បាន​បញ្ជាក់​ថា កម្ចី​នេះ​នឹង​គាំ​ទ្រ​ដល់ ការ​ធ្វើ​កំណែ​ទម្រង់ សំដៅ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អប់រំ​នៅ​ថ្នាក់​វិទ្យា​ល័យ ព្រោះ​ថា​វា​នឹង​ឆ្លើយ​តប​តម្រូវ​ការ​ពលករ​ជំនាញ​ ដែល​កំពុង​កើន​ឡើង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កម្ចី​នេះ គឺ​នឹង​ជួយ​ដល់​សិស្ស​ជួប​ការ​លំបាក​មក​ពី​តាម​បណ្តា​ខេត្ត​ ដើម្បី​ទទួល​បាន​ការ​អប់រំ​កម្រិត​មធ្យម​ផង​ដែរ។

ដូច​គ្នា​នេះ​ដែរ លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ បាន​លើក​ឡើង​ថា កម្ចី​នេះ​នឹង​ជួយ​ពង្រឹង​សមត្ថភាព និង​គុណភាព​វិស័យ​អប់រំ​នៅ​កម្ពុជា។ កម្ពុជា​ដែល​នៅ​ខ្វះ​សមត្ថភាព​ផ្នែក​ថវិកា​ក្នុង​ការ​ជំរុញ​វិស័យ​អប់រំ​ឱ្យ​ដល់​កម្រិត​ខ្ពស់។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ មិន​ទាន់​អាច​បញ្ជាក់​ពី​ការ​បែង​ចែក​កម្ចី​ថវិកា​នេះ​ទេ ប៉ុន្តែ​ក្រសួង​បាន​ផ្តល់​អទិភាព​មួយ​ចំនួន​លើ​ការ​ពង្រឹង​ការ​សិក្សា​ជំនាន់​ថ្មី​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី​៧ និង​សិស្ស​ថ្នាក់​ទី​១០ ដោយ​ក្រសួង​នឹង​បំពាក់​នូវ​គ្រឿង​បរិក្ខារ​បច្ចេក​វិទ្យា​ដូច​ជា​កុំព្យូទ័រ និង​បន្ទប់​ពិសោធន៍ ដើម្បី​ពង្រឹង​ធនធាន​មនុស្ស​ឱ្យ​ក្លាយ​ជា​អ្នក​វិទ្យាសាស្ត្រ​ជាន់​ខ្ពស់។ បន្ថែម​ពី​នេះ ថវិកា​កម្ចី​នេះ ក្រសួង​នឹង​យក​ទៅ​ពង្រីក​នៅ​វិទ្យាល័យ​ពី​បន្ថែម​ទៀត​ គឺ​វិទ្យាល័យ​ឫស្សីកែវ និង​វិទ្យាល័យ​ព្រែក​អញ្ចាញ ក្នុង​ខេត្ត​កណ្តាល​ផង​ដែរ។

អ្នក​ជំនាញ​ផ្នែក​អប់រំ​បាន​វាយ​តម្លៃ​ថា កម្ពុជា​ត្រូវ​ការ​ធនធាន​ថវិកា​ជា​ច្រើន​បន្ថែម​ទៀត ដើម្បី​វិនិយោគ​លើ​វិស័យ​អប់រំ​ព្រោះ​ថា​កម្មវិធី​សិក្សា​នៅ​មាន​ភាព​ទន់​ខ្សោយ និង​មិន​សូវ​សម្បូរ​បែប ហើយ​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ ដែល​តម្រូវ​ឱ្យ​ការ​ខិតខំ​ពង្រឹង​ជា​ច្រើន​បន្ថែម​ទៀត ក្នុង​ការ​បង្កើត​ធនធាន​ដ៏​មាន​ប្រសិទ្ធភាព និង​អាច​ប្រកួត​ប្រជែង​ក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ