១,៤លានដុល្លារ នឹងត្រូវប្រើដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅកម្ពុជា
ជំនួយជាទឹកប្រាក់ប្រមាណ១,៤លានដុល្លារអាមេរិក នឹងត្រូវប្រើប្រាស់ទប់ទល់ទៅនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា តាមរយៈអង្គការក្រៅរដ្ឋាភិបាលចំនួន១៩ស្ថាប័ន។ ពលរដ្ឋកម្ពុជា២១.០០០គ្រួសារនឹងទទួលបានផលប្រយោជន៍តាមរយៈគម្រោងរបស់អង្គការទាំង១៩ស្ថាប័ននោះ។
ចុះផ្សាយនៅថ្ងៃ៖
អង្គការសង្គមស៊ីវិលទាំង១៩ ស្ថាប័នក្នុងប្រទេសកម្ពុជា នឹងទទួលបានទឹកប្រាក់ប្រមាណ១,៤លានដុល្លារអាមេរិក ពីធនាគារអភិវឌ្ឍន៍អាស៊ី ADB តាមរយៈអង្គការ Plan International Cambodia។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB កាលពីថ្ងៃទី០១ ខែកក្កដា។
សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា អង្គការដែលទទួលបានប្រាក់ពីADB នឹងអនុវត្តគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ ក្នុងវិស័យជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការគ្រប់គ្រងធនធានទឹក ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ អប់រំ និងសុខភាព រួមទាំងការការពារបរិស្ថាន ក្នុងខេត្តចំនួន១៧ ទូទាំងប្រទេសកម្ពុជា។
កម្ពុជាគឺជាប្រទេសនៅក្នុងតំបន់មេគង្គតែមួយគត់ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមនៅក្នុងកម្មវិធីសាកល្បងសម្រាប់ភាពធន់ទៅនឹងអាកាសធាតុនេះ។ ចំពោះមូលហេតុដែលកម្ពុជាត្រូវបានជ្រើសឲ្យចូលរួមក្នុងកម្មវិធីសាកល្បងសម្រាប់ភាពធន់ទៅនឹងអាកាសធាតុ វិទ្យុបារាំងអន្តរជាតិមិនអាចសុំការបំភ្លឺពីមន្ត្រីគ្រប់គ្រងគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានទេ នៅថ្ងៃទី២ ខែកក្កដា។
លោក យុន ស៊ីណា អ្នកឯកទេសកសាងសមត្ថភាព និងបណ្តុះបណ្តាលថ្នាក់ជាតិរបស់អង្គការ Plan អន្តរជាតិ បានឲ្យដឹងថាបច្ចុប្បន្នអង្គការរបស់លោកបានជ្រើសរើសអង្គការសង្គមស៊ីវិលក្នុងស្រុកទាំង១៩រូចរាល់ហើយ ដោយចាប់ផ្តើមអនុវត្តគម្រោងកាលពីខែមិថុនា។ លោកយុន ស៊ីណាបានឲ្យដឹងទៀតថា ការជ្រើសរើសយកតែខេត្ត១៧ ឬ១៩ស្ថាប័ននៃអង្គការសង្គមស៊ីវិលក្នុងស្រុក គឺអាស្រ័យ ដោយការសរសេរគម្រោងរបស់អង្គការក្នុងស្រុកមួយចំនួនមិនចំគោលដៅ ដែលអង្គការរបស់លោកចង់បាន និងដោយសារចំនួនថវិកាមានកំណត់។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១១ កន្លងADB បានជួយរដ្ឋាភិបាលកម្ពុជារៀបចំកម្មវិធីសម្រាប់ភាពធន់ទៅនឹងអាកាសធាតុ ដែលកម្មវិធីនោះមានទឹកប្រាក់ប្រមាណ៥៨៥លានដុល្លារអាមេរិក ដើម្បីបញ្ជ្រាបភាពធន់ទៅនឹងអាកាសធាតុ ក្នុងវិស័យកសិកម្ម គ្រប់គ្រងធនធានទឹក និងអនាម័យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ