អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កំណើន​សេដ្ឋកិច្ច​គួរតែ​ជួយ​កាត់​បន្ថយ​គម្លាត​រវាង​​អ្នក​មា​​ន​និង​​អ្នកក្រ​​!

សំឡេង ០៤:៣៨
ADB៖ កំណើន​​សេដ្ឋកិច្ច​​ឆ្នាំ​​២០១៥​មានជាង​៧ភាគរយ​​នៅ​​កម្ពុជា។​
ADB៖ កំណើន​​សេដ្ឋកិច្ច​​ឆ្នាំ​​២០១៥​មានជាង​៧ភាគរយ​​នៅ​​កម្ពុជា។​ ©វណ្ណារ៉ា
ដោយ៖ ប៉ែន បូណា
៣០ នាទី

ជាថ្មីម្តងទៀត​ ធនាគារ​អភិវឌ្ឍ​អាស៊ី​​បាន​ព្យាករ​អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រហូត​​ដល់​​ជាង​ ៧% ​ក្នុង​ឆ្នាំ​​២០១៥​ នេះ​ និង​ឆ្នាំ​ជា​បន្ត​បន្ទាប់។​ ប៉ុន្តែ ​នៅ​លើ​ទិដ្ឋភាព​ជាក់ស្តែង​ ពលរដ្ឋ​ខ្មែរ​​មិន​​ទទួល​បា​ន​​ភាគ​ផល​ពី​កំណើន​សេដ្ឋកិច្ច​ដោយ​ស្មើគ្នា​នោះ​ទេ។​ គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​​ដែល​​កាន់តែ​​រីកធំ​ឡើង​ៗ​​ជា​លំដាប់​គឺ​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​សម្រាប់​សង្គម​។ ដូច្នេះ ​រដ្ឋាភិបាល​គួរ​តែ​​ខិតខំ​ធ្វើ​យ៉ាងណា​ដើម្បី​បែងចែក​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​សមធម៌​​ ដល់​ប្រជាពល​រដ្ឋ​គ្រប់គ្នា​​ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​។

ផ្សាយពាណិជ្ជកម្ម

វត្តមាន​នៃ​រថយន្ត​ទំនើប​ៗ​តម្លៃ​ខ្ពស់​កប់​ពពក​ដែល​កំពុង​តែ​ចរាចរណ៍​ព្រោងព្រាត​នៅ​​លើ​ដង​​ផ្លូវ​ក្នុង​ទីក្រុង​គឺ​ជា​ភស្តុតាង​ដែល​បង្ហាញ​ថា​ក្រុម​អ្នក​មាន​កាន់តែ​មាន​​ឡើង​ៗ​ហើយ​​សេចក្តី​​ត្រូវ​ការ​​របស់​ពួកគេ​កាន់តែ​ខ្ពស់​ជា​លំដាប់។​ ក្រៅ​ពី​នោះ ​ការ​​រីក​​ដុះដាល​​ព្រោង​ព្រាត​​នៃ​​សំណង់​អាគារ​ខ្ពស់​ៗ​ ផ្ទះវីឡា​ ​ក្លឹប​រាត្រី​ ​ខារ៉ាអូខេ​ ​និង​​ក្លឹប​​កម្សាន្ត​​សប្បាយ​​ផ្សេង​ៗ​​ទៀត​​នៅ​​ក្នុង​​រាជធានី​​និង​​ទី​ប្រជុំ​ជន​​​នានា​​ក៏​ជា​​សក្ខីភាព​​នៃ​​តម្រូវការ​​សប្បាយ​​ចាយ​លុយ​​មិន​​ចេះ​​អស់​​របស់​​ពួក​​អ្នក​មាន។

ប៉ុ​ន្តែ ​នៅ​ឯ​ជ្រុង​​ម្ខាង​​ទៀត​ ​ពលរដ្ឋ​​ខ្មែរ​ជាច្រើន​​ដើរ​​ត្រាច់​​រង្គាត់​​គ្រប់​​ច្រក​ល្ហក​​ដើម្បី​​ស្វែង​​រក​​ប្រាក់​​ចិញ្ចឹម​ជីវិត​​ដោយ​​លំបាក​។ ​អ្នកខ្លះ​​ត្រូវ​​ប្រថុយ​​ជីវិត​​ឆ្លង​ដែន​​ខុស​​ច្បាប់​​ទៅ​ស៊ី​ឈ្នួល​​គេ​នៅ​ក្នុង​​ប្រទេស​​ជិត​ខាង។ ​នេះ​សបញ្ជាក់​ថា​​ គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​​កំពុង​​ផុស​​ត្រដែត​​ឡើង​​ហើយ​​កំពុង​​ញែក​​ពលរដ្ឋ​​ខ្មែរ​​ទាំងពីរ​​ក្រុម​​ឲ្យ​ស្ថិត​នៅ​ក្នុង​ពិភព​ពីរ​ខុសគ្នា​ដាច់​ស្រឡះ​រហូត​​ហៅ​​គ្នា​​មិ​ន​លឺ។

ជា​​ការ​ពិត​​ណាស់​​ ក្នុង​​សង្គម​​មនុស្ស​​តែង​​មាន​​អ្នក​មាន​​និង​​អ្នក​ក្រ​​ជា​រឿង​​ធម្មតា។​ ​គ្មាន​​សង្គម​​ណា​​មួយ​​នៅ​​លើ​​លោក​​យើង​​នេះ​​ដែល​​មនុស្ស​​រស់​នៅ​​ស្មើ​​ភាព​​គ្នា​​ទាំង​ស្រុង​នោះ​​ឡើយ​។ ​ការ​​ស្រមើ​ស្រម៉ៃ​ចង់​​កសាង​​សង្គម​​មួយ​​ស្មើ​ភាព​​របស់​​ពួក​ខ្មែ​រ​ក្រហម​​ដើម្បី​លុប​បំបាត់​វណ្ណៈ​​សង្គម​​នោះ​​ ទី​បំផុត​​បាន​​នាំ​​ប្រទេស​​ជាតិ​​ឲ្យ​​ធ្លាក់​​ក្នុង​​វាល​​ពិឃាត​​ដ៏​​វិនាស​កម្ម​​មួយ។ ​ដូច្នេះ ​​អ្នក​មាន​​និង​​អ្នកក្រ​​គឺ​ជា​ធាតុផ្សំ​របស់​សង្គម​មនុស្ស​​ដែល​​មិន​​អាច​​ចៀស​​វាង​​បាន​។ ម្យ៉ាង​ទៀត​ ការ​​កើន​ឡើង​​នៃ​​ចំនួន​​អ្នក​មាន​ឬ​ក៏​កើនឡើង​នៃ​ទ្រព្យ​សម្បត្តិ​​រ​បស់ពួ​កគេឆ្លុះ​បញ្ចាំង​ពី​កំណើន​សេដ្ឋកិច្ច​របស់​​ប្រទេស។

​ប៉ុន្តែ ​​អ្វី​​ដែល​​គួរ​​ឲ្យ​​កត់​​សម្គាល់​​សម្រាប់​​សង្គម​​ខ្មែរ​​បច្ចុប្បន្ន​​គឺ​​​ ក្រោយ​​សម័យ​​ប៉ុលពត​​ខ្មែរ​​រាល់​រូប​​បាន​​ចាប់​ផ្តើម​​កសាង​​ជីវភាព​​គ្រួសារ​​ពី​​បាត​ដៃ​​ទទេ​​ដូច​ៗ​​គ្នា។ ​ស្រាប់តែ​ជាង​​៣​​ទសវត្សរ៍​​ក្រោយ​​មក​គម្លាត​​រវាង​​អ្នកមាន​​និង​​អ្នក​ក្រ​​បាន​​ចែក​​ភព​​ពីរ​​ឲ្យ​​នៅ​​ឆ្ងាយ​​ពី​​គ្នា​​ស្រឡះ។​ បញ្ហា​នេះ​​បណ្តាល​​​មក​ពី​​កត្តា​​ចៃដន្យ​ផង ​​កត្តា​​សេដ្ឋកិច្ច​ផង ​​និង​​ កត្តា​​នយោបាយ​ផង។ ​កត្តា​ចៃដន្យ​មាន​​ន័យថា​ ​មាន​​គ្រួសារ​​ខ្មែរ​​ជាច្រើន​​បាន​​ក្លាយ​​ខ្លួន​​ជា​អ្នក​​មាន​​ដោយ​​មិន​​ដឹង​​ខ្លួន​​ដោយ​សារ​​អចលន​ទ្រព្យ​​ដូចជា​​ដី​ធ្លី​​ឬ​​ផ្ទះ​​សម្បែង​​ជា​ដើម​​ ជា​ពិសេស​​អ្នក​​ដែល​​មាន​​ផ្ទះ​​សម្បែង​​ក្នុង​​ទីក្រុង​​ភ្នំពេញ​​តែ​ម្តង​។

​​ចំណែក​ឯកត្តា​សេដ្ឋកិច្ច​វិញ​ ​អ្នក​​ដែល​​ពូកែ​​ខាង​ធ្វើ​​ជំនួញ​​ក៏​​អាច​​ក្លាយ​​ជា​​ថៅកែ​​បាន​​យ៉ាង​​ស្រួល​​ដោយសារ​​តែ​​ក្រោយ​​របប​​ខ្មែរ​ក្រហម​ខ្មែរ​​ដែល​​ចេះ​​ធ្វើ​​ជំនួញ​​ពិត​ប្រាកដ​មាន​​ចំនួន​​តិចតួច​​ប៉ុណ្ណោះ​​។​ ប៉ុន្តែ​ គេ​​ក៏​មិន​ត្រូវ​ភ្លេច​ដែរ​ថា​ ក៏​មាន​​អ្នក​ជំនួញ​​ខ្លះ​បាន​​ឆ្លៀត​​ឳកាស​​ដែល​​សង្គម​​មាន​​អំណោយ​ផល​​ដល់​​អ្នក​មាន​​​ដើម្បី​​រក​​ផលប្រយោជន៍​​ផ្ទាល់​ខ្លួន​​​ដោយ​ប្រើប្រាស់​វិធី​មិន​​សុចរិត​ផង​ដែរ​។​ ​វិធី​មិន​សុចរិត​មាន​ប្រសិទ្ធភាព​ដោយសារ​តែ​អំណាច​ទឹកប្រាក់​​ជួយ​ពួក គេ​ឲ្យ​​រួច​ផុត​​ពី​​សំណាញ់​​ច្បាប់​​បាន។​​

កត្តា​នយោបាយ​ក៏​ជា​អ្វី​ដែល​គេ​មិន​ត្រូវ​មើល​រំលង​ដែរ​ពោល​គឺ​​ការ​​ប្រើ​ប្រាស់​​ឥទ្ធិពល​នៃ​អំណាច​​ដែល​​គ្មាន​​អ្នក​ណា​​ហ៊ាន​​ប៉ះពាល់​គឺ​ជា​វិធី​ដ៏​ងាយ​ស្រួល​ក្នុងការ​រក​​ផល​​ប្រយោជន៍​ផ្ទាល់​ខ្លួន​​​​​​។​

កត្តា​​ចុង​​ក្រោយ​​​​​​នេះ​​បាន​​ធ្វើ​​ឲ្យ​​មនុស្ស​​ជា​ច្រើន​​ក្លាយ​ជា​​អ្នកមាន​​ដោយ​​ស្រួល​​បំផុត​។ ​​ដោយសារ​​តែ​​ទ្រព្យ​សម្បត្តិ​​បាន​​មក​ដោយ​​ស្រួល​​បែប​​នេះ​​ហើយ​​បានជា​​ពួកគេ​​ចាយ​​វាយ​​ប្រាក់ដូច​ក្រដាស​​ខណៈ​ដែល​អ្នក​ក្រីក្រ​​ត្រូវ​ចំណាយ​​កម្លាំង​​ញើស​​ឈាម​ដោយ​លំបាក​លំបិន​បំផុត​ទម្រាំ​បាន​​ប្រាក់​បន្តិច​បន្តួច​សម្រាប់​ចិញ្ចឹម​ជីវិត។​

ដូច្នេះ ​​ស្រប​ពេល​ដែល​ប្រទេស​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​ល្អ ​រដ្ឋាភិបាល​​គួរ​​ប្រើប្រាស់​កំណើន​​សេដ្ឋកិច្ច​នេះ​​ដើម្បី​​ដោះស្រាយ​គម្លាត​រវាង​អ្នកមាន​​និង​អ្នក​ក្រ។ ​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​​ចំពោះ​មុខ​គឺ​ការ​កែ​តម្រូវ​គោលនយោបាយ​អភិវឌ្ឍ​សង្គម​​ដោយ​ធ្វើ​យ៉ាង​ណា​​​ឲ្យ​​សង្គម​​មាន​​អំណោយ​​ផល​​ចំពោះ​​អ្នក​ក្រីក្រ​​ដើម្បី​ឲ្យពួកគេ​ចាក​ចេញ​ពី​ភាព​ក្រីក្រ​​ឲ្យ​បាន​​ឆាប់​តាម​ដែល​​អាច​​ធ្វើ​បាន។

បច្ចុប្បន្ន​ សង្គម​ខ្មែរ​មាន​អំណោយ​ផល​យ៉ាងខ្លាំង​ដល់​អ្នក​មាន។​ អំណោយ​ផល​នៅ​ត្រង់​ថា​ អ្នក​មាន​​ប្រាក់​និង​មាន​អំណាច​​អាច​​បង្កើន​ទ្រព្យធន​របស់​ខ្លួន​បាន​យ៉ាងងាយ​ខណៈ​ដែល​អ្នក​ក្រ​​ អាច​បង្កើន​ជីវភាព​របស់​ខ្លួន​​ដោយ​លំបាក​។ ស្ថានភាព​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​គម្លាត​​រវាង​​អ្នក​មាន​​និង​អ្នកក្រ​​កាន់តែ​រីក​ធំ​ឡើង​ជា​លំដាប់។ ​ដើម្បី​លុប​បំបាត់​គម្លាត​ដ៏គ្រោះ​ថ្នាក់​នេះ​ ការ​បែង​ចែក​​កំណើន​សេដ្ឋកិច្ច​ដោយ​សមធម៌​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​គឺ​ជា​មធ្យោបាយ​​ដែល​រដ្ឋាភិបាល​ត្រូវ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ