កម្ពុជា-តុលាការ

តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​មន្ដ្រី​សមាគម​​អាដហុក និង​ មន្ដ្រី គ.ជ.ប. រយៈ​ពេល​៦​ខែ​ទៀត

មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី
មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​អាដហុក​ចំនួន​៤ ​នាក់​ និង​ មន្ត្រី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ម្នាក់​ទៀត ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី

មន្ដ្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​​អាដហុក និង​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប. ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​រយៈ​ពេល​៦​ខែ​ទៀត​។ ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​សមាគម​​អាដហុក​​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៥​។ សម្រាប់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ ចំណាត់ការ​របស់​តុលាការ គឺ​ជា​រឿង​អយុត្តិធម៌​និង​បង្ក​ការ​ភិតភ័យ​ដល់​ប្រជាពលរដ្ឋ​។ ចំណែក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ​វិញ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​នេះ​ថា ជា​ការ​បំភ័យ​និង​បំបិទ​មាត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​។

ផ្សាយពាណិជ្ជកម្ម

នៅ​ទី​បំផុត សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បន្ត​នីតិវិធី​ឃុំ​ខ្លួន​មន្ដ្រី​សិទ្ធិ​មនុស្ស​សមាគម​​អាដហុក និង​លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប. រយៈ​ពេល​៦​ខែ​ថែម​ទៀត​ នៅ​ក្នុង​សំណុំ​រឿង​សូកប៉ាន់​សាក្សី​។ លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឲ្យ​ជន​ត្រូវ​ចោទ​ទាំង​៥ បាន​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ដូច្នេះ​ថាបាន​​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជន​ត្រូវ​ចោទ ខណៈ​មាន​ភស្តុតាង​​​គ្រប់​សព្វ ហើយ​សាក្សី​ក៏​ត្រូវ​បាន​សាកសួរ​រួច​អស់​ផង​ដែរ​។

ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែលសមាគម​​អាដហុក​​រំលឹក​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៥​​។ នៅ​ក្នុង​វីដេអូ​ថ្លែងការណ៍​ផ្សាយ​លើ​គេហទំព័រ លោក ធន់ សារាយ ប្រធាន​សមាគម​អាដហុក​បាន​ចាត់​ទុក​ការ​ឃុំ​ខ្លួន​អ្នក​ទាំង​៥​ពី​សំណាក់​​តុលាការ​ដូច្នេះ ថា​ជា​​រឿង​អយុត្តិធម៌​និង​បង្ក​ការ​ភិតភ័យ​ដល់​ប្រជាពលរដ្ឋ​។ លោក​បាន​អំពាវនាវ​ឲ្យ​តុលាការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​​និង​ដោះ​លែង​​​អ្នក​ទាំង​៥ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។

សម្រាប់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្ដរជាតិ​វិញ ចំណាត់ការ​របស់​តុលាការ​ទៅ​លើ​មន្ដ្រី​សមាគម​អាដហុក​ទាំង​៤​រូប និង​អគ្គលេខាធិការ​រង គ.ជ.ប. ធ្វើ​ឡើង​តាម​ការ​បញ្ឆេះ​ពី​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​បំភិតបំភ័យ​និង​គាប​សង្កត់​ការងារ​សិទ្ធិ​មនុស្ស​។ លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​នេះ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​ជាប់​ឃុំ​របស់​អ្នក​ទាំង​៥​រយៈ​ពេល​១​ឆ្នាំ​កន្លង​មក​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​បំផ្លាញ​គណបក្ស​ប្រឆាំង បំភ័យ និង​បំបិទ​មាត់​អ្នក​ការពារ​សិទ្ធិ​​មនុស្ស​។ ដូច​លោក ធន់ សារាយ ដែរ អង្គការ​អន្ដរជាតិ​នេះ បាន​អំពាវនាវ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ទម្លាក់​បទ​ចោទ​និង​ដោះ​លែង​អ្នក​ទាំង​៥​។

គួរ​រំលឹក​ថា មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​ទាំង​៤​រូប រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង​លោកស្រី លឹម មុនី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​រវាង​លោក កឹម សុខា និងនាង​ ស្រីមុំ​។ រីឯ​លោក នី ចរិយា ដែល​ជា​អគ្គលេខាធិការ​រង គ.ជ.ប. វិញ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ សម​គំនិត​សូកប៉ាន់​សាក្សី ក្នុង​សំណុំ​រឿង​ដូចគ្នា​។ នៅ​ថ្ងៃ​ទី​២៦​មេសា​ថ្មី​ៗ​នេះ អ្នក​ទាំង​៥ បាន​ជាប់​ក្នុង​ជម្រើស​ផ្ដាច់​ព្រ័ត្រ សម្រាប់​ពាន​រង្វាន់អ្នក​ការពារ​សិទ្ធិ​មនុស្ស Martin Ennals Award ឆ្នាំ​២០១៧​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI