អានតួអត្ថបទ
កម្ពុជា

អ្នក​វិភាគ បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ស្ថានទូត ស្វាគមន៍​ការ​ដោះ​លែង​មន្ត្រី​អាដហុក និង​មន្ត្រី​គជប

(ពី​ឆ្វេង​ទៅ​ស្ដាំ) លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង លោក នី សុខា ទទួល​ការ​ប្រោះទឹក​ពី​ព្រះ​សង្ឃ ពេល​ចេញ​ពី​ពន្ធនាគារ នា​យប់​ថ្ងៃ​ទី​២៩​មិថុនា២០១៧
(ពី​ឆ្វេង​ទៅ​ស្ដាំ) លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង លោក នី សុខា ទទួល​ការ​ប្រោះទឹក​ពី​ព្រះ​សង្ឃ ពេល​ចេញ​ពី​ពន្ធនាគារ នា​យប់​ថ្ងៃ​ទី​២៩​មិថុនា២០១៧ សមាគម​អាដហុក
ដោយ៖ សឿង ភារៈ
១៨ នាទី

នៅ​ថ្ងៃ​នេះ អ្នក​វិភាគ​នយោបាយ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល និង​ស្ថានទូត​អាមេរិក បាន​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​មន្ត្រី​អាដហុក និង​មន្ត្រី​គជប ឲ្យ​នៅ​ក្រៅ​ឃុំ ហើយ​លើក​ឡើង​ថា​នេះ គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​តុលាការ​ចេញ​ដីកា​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ចំពោះ​មន្ត្រី​អាដហុក​៤​នាក់ និង​មន្ត្រី​គជប​ម្នាក់ ស្ថានទូត​អាមេរិក​តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា បាន​ហៅ​ការ​ដោះ​លែង​នេះ​ថា ជា​ការ​សំរេច​ចិត្ត​តាម​ផ្លូវ​ច្បាប់ ដែល​នឹង​កាត់​បន្ថយ​បន្ទុក ដែល​មាន​ទៅ​លើ​ចុង​ចោទ និង​គ្រួសារ​របស់​គេ ក្នុង​ពេល​ដែល​គេ​ប្រឈម​ដោះ​ស្រាយ​ចំពោះ​បណ្តឹង​ចោទ​ប្រកាន់។

អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​ប៉ុល ហំម បាន​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​នេះ។ លោក​បញ្ជាក់​ថា​ការ​ដោះ​លែង​អ្នក​ទាំង​៥​នេះ នឹង​បន្ថយ​ភាព​តាន​តឹង​ផ្នែក​នយោបាយ ជា​ពិសេស​កុំ​ឲ្យ​មាន​ភាព​តាន​តឹង​រវាង​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល។ លោក​ប៉ុល ហំម​លើក​ឡើង​ថា​លោក​មិន​ចង់​ឃើញ ការ​យក​ប្រព័ន្ធ​តុលាការ​ប្រើ​ប្រាស់​ជា​ឧបករណ៍​នយោបាយ​ទេ។

ចំណែក​លោក អំ សំអាត ប្រធាន​គ្រប់​គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ ក្នុង​នាម​ជា​អ្នក​រួម​ការងារ និង​ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ដូច​គ្នា​បាន​ឲ្យ​ដឹង​ថា លោក​មាន​អារម្មណ៍​រំភើប និង​រីករាយ​ចំពោះ​ការ​ដោះ​លែង​អ្នក​ទាំង​៥​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន។ លោក​បាន​ហៅ​ការ​ដោះ​លែង​នេះ​ថា ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស និង​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ពេល​អនាគត។

ចំណែក​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត មាស នី ក្រៅ​ពី​ស្វាគមន៍ លោក​បាន​សម្តែង​ការ​ខក​ចិត្ត។ ខក​ចិត្ត​ដោយ​សារ​តែ​ការ​ដោះ​លែង​នេះ គឺ​ជា​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។ លោក​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែរ ដោយ​តែ​ការ​ដោះ​លែង​នេះ អាច​ជា​វិធី​បញ្ជូន​មាន់​ចាស់​ចេញ ហើយ​ដាក់​មាន់​ថ្មី​ចូល ព្រោះ​ថ្មីៗ​នេះ​មាន​ការ​គម្រាម​ចំៗ​មក​លើ​បន្ទប់​ស្ថានការណ៍។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក​សូរ ចន្ថា បាន​លើក​ឡើង​ពី​មូលហេតុ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ។ លោក​ថា​មាន​មូល​ហេតុ​ដូច​ជា ការ​ជំរុញ​ឲ្យ​មាន​ការ​ដោះ​លែង​ពី​អាជ្ញាធរ ការ​ជំរុញ​ពី​សហគមន៍​អន្តរជាតិ ការ​ជជែក​គ្នា​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ រួម​ទាំង​ការ​យោគ​យល់​របស់​គណបក្ស​កាន់​អំណាច។

លោក​ឡាត គី មន្ត្រី​សមាគម​អាជហុក​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ថា មន្ត្រី​អាដហុក​ទាំង​៤​នាក់ ដែល​ទើប​តែ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ អាច​បន្ត​ឈប់​សម្រាក​រយៈ​ពេល​១​សប្តាហ៍​ទៀត មុន​ពេល​ពួក​គាត់​ចូល​បំពេញ​ការងារ​ឡើង​វិញ។

សូម​ជម្រាប​ជូន​ថា​អ្នក​ទាំង​៥រួមមាន៖ លោក​នី សុខា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សមាគម​អាដហុក លោក យី សុខសាន្ត អនុប្រធាន​សមាគម​អាដហុក លោក ណៃ រ៉ង់ដា អនុប្រធាន​សមាគម​អាដហុក និង លោកស្រី លឹម មុន្នី មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក ត្រូវ​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨​នៃ​ក្រម​ព្រហ្មទណ្ឌ។ ដោយ​ឡែក​លោក នី ចរិយា អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​សូក​ប៉ាន់​សាក្សី តាម​មាត្រា​២៩ និង មាត្រា ៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ