អានតួអត្ថបទ
កម្ពុជា

ប្រធាន​សមាគម​អាដហុក៖ ពលរដ្ឋ​ខ្មែរ​ចូល​រួម​ខ្លាំង​ក្លាក្នុង​ការ​បោះ​ឆ្នោត

លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក។
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក។ RFI/ Siv Channa
ដោយ៖ អ៊ឹម រចនា
១៣ នាទី

លោក ធន សារាយ ប្រធាន​សមាគម​អាដហុក បាន​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ខ្មែរមាន​សកម្មភាព​​​ខ្លាំងក្លា​ជាង​មុនក្នុងគ្រប់​ដំណាក់កាល​នៃ​ការ​បោះ​ឆ្នោត​។ ជា​សកម្មភាព​ដែល ប្រធាន​សមាគម​អាដហុករូប​នេះ ចាត់​ទុក​ថា ជា​ជំហាន​ដ៏​វិជ្ជមាន ឆ្ពោះ​ទៅ​កាន់លទ្ធិប្រជាធិបតេយ្យ​មួយ​ពេញ​លេញ​។ នេះ​បើ​តាម​ឃ្លីប​វីដេអូចុះ​ផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​សមាគម​អាដហុក នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​។

ផ្សាយពាណិជ្ជកម្ម

ដ្បិត​តែ​មិន​មាន​វត្តមាន​នៅ​ក្នុង​ស្រុក ប៉ុន្តែ​លោក ធន សារាយ ​បាន​តាម​ដាន​យ៉ាង​ជាប់​លាប់​អំពី​ដំណើរការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​កម្ពុជា​។ នៅ​ក្នុង​សារ​វីដេអូ រយៈ​ពេល​ជិត​៧​នាទី លោក ធន សារ៉ាយ សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ យល់​ដឹង​កាន់​តែ​ច្រើនអំពី​សិទ្ធិ​នយោបាយ​របស់​ខ្លួន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​គាត់​ថែម​ទាំង​បាន​ចូល​រួមយ៉ាង​សស្រាក់សស្រាំ នៅ​ក្នុង​ដំណើរការ​បោះ​ឆ្នោត រាប់​ចាប់​តាំង​ពី​ការ​តាមដាន​គោល​​នយោបាយ​របស់​គណបក្ស បញ្ចេញ​មតិ ចូល​រួម​ឃោសនា និង​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ថែម​ទៀត​។

សម្រាប់ លោក ធន សារាយ ការ​ចូល​រួម​របស់​ពលរដ្ឋ​ដូច្នេះ គឺ​ជា​ការ​បំពេញ​តួនាទី​ជា​ម្ចាស់​អំណាច និង​ម្ចាស់​ឆ្នោត ធ្វើ​ឲ្យ​អ្នក​ដឹក​នាំ​នយោបាយ ​គោរព​កោត​ខ្លាច​ពួក​គាត់​កាន់​តែ​ច្រើន​។

ចំណែក​សកម្មជន​និង​អ្នក​គាំទ្រ​នយោបាយ​វិញ ប្រធាន​សមាគម​អាដហុក បាន​កត់​សម្គាល់​ពី​ចម្ងាយ​ថា មាន​កាយ​វិការ​ជា​គំរូ ដោយ​មិន​ចាត់​ទុក​គ្នា​ជា​សត្រូវ​ឡើយ បើ​ទោះ​បី​ជា​គាំទ្រ​គណបក្ស​នយោបាយ​ផ្សេង​គ្នា​ក៏​ដោយ​។ មិន​ត្រឹម​តែ​មិន​ចាត់​ទុក​គ្នា​ជា​សត្រូវ​ទេ អ្នក​គាំទ្រ​នយោបាយ​ដែល​ពាក់​អាវ​បក្ស​ផ្សេង​គ្នា ថែម​ទាំង​ថត​រូប​ជាមួយ​គ្នា​ជា​អនុស្សាវរីយ៍ ជួយ​គ្នា​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត និង​គោរព​គ្នា​ប្រកប​ដោយ​សីលធម៌​ទៀត​ផង​។ ទាំង​នេះ បើ​តាម​លោក ធន សារាយ វា​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាជន ដែល​ចង់​ឃើញ​ដំណើរ​ការ​អភិវឌ្ឍ ផ្សារ​ភ្ជាប់​ទៅ​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​។ លោក​ជឿ​ថា ទៅ​ថ្ងៃ​មុខ ប្រជាពលរដ្ឋ​ខ្មែរ នឹង​អាច​សម្រេច​បាន​នូវ​ភាព​ជា​ម្ចាស់​អំណាច​ពិត​ប្រាកដ​ក្នុង​កម្រិត​ខ្ពស់ ដូច​ប្រទេស​សេរី​ផ្សេង​ទៀត​ជាក់​ជា​ពុំ​ខាន​។

ក្រៅ​ពី​នេះ ប្រធាន​សមាគម​អាដហុក ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​នយោបាយ យក​ទង្វើ​របស់​ប្រជាជន​ជា​គំរូ ដោយ​ត្រៀម​ទទួល​យក​លទ្ធផល​ទាំង​ឈ្នះ​និង​ចាញ់​នៅ​ក្នុង​ល្បែង​ប្រជាធិបតេយ្យ ហើយ​មិន​គួរ​និយាយ​ថា បើ​បក្ស​ខ្លួន​ចាញ់ នឹង​កើត​មាន​សង្គ្រាម​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ