កម្ពុជា

អាដហុក​៖ អំពើ​រំលោភ​សេព​សន្ថវៈ​មាន​ការ​កើន​ឡើង

អង្គការ​​អាដហុក​​ ​បាន​​ចេញ​​ផ្សាយ​​របាយការណ៍​​របស់​​ខ្លួន​​ពាក់ព័ន្ធ​​បី​​ករណី​​រួម​មាន​​ហិង្សា​​លើ​​ស្រ្តី​​ រំលោភ​​សេព​សន្ថវៈ​​ និង​​ការ​​ជួញ​​ដូរ​​មនុស្ស​​ នៅ​ទី​ស្នាក់​ការ​កណ្តាល​ សមាគម​អាដហុក។ ​
អង្គការ​​អាដហុក​​ ​បាន​​ចេញ​​ផ្សាយ​​របាយការណ៍​​របស់​​ខ្លួន​​ពាក់ព័ន្ធ​​បី​​ករណី​​រួម​មាន​​ហិង្សា​​លើ​​ស្រ្តី​​ រំលោភ​​សេព​សន្ថវៈ​​ និង​​ការ​​ជួញ​​ដូរ​​មនុស្ស​​ នៅ​ទី​ស្នាក់​ការ​កណ្តាល​ សមាគម​អាដហុក។ ​ សហការី

អង្គការ​អាដហុក​នៅ​ថ្ងៃ​ពុធ​ទី​០៥​សីហា​បាន​ចេញ​ផ្សាយ​របាយការណ៍​ របស់​ខ្លួន​ពាក់ព័ន្ធ​បី​ករណី​រួមមាន​ហិង្សា​លើ​ស្រ្តី រំលោភ​សេព​សន្ថវៈ និង​ការ​ជួញ​ដូរ​មនុស្ស។ ក្នុង​នោះ​អំពើ​រំលោភ​សេពសន្ថវៈ​នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៥​មាន​ការ​កើន​ឡើង​ដល់​ទៅ​៥១​ករណី​បើ​ធៀប​និង​ឆ្នាំ​២០១៤។

ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធ​មនុស្ស​អាដហុក​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​០៥​សីហា​នេះ ដែល​លម្អិត​បន្ថែម​ដោយ លោក ធន សារ៉ាយ ប្រធាន​អង្គការ​អាដហុក​បញ្ជាក់​ថា​ ៦ខែ ដើម​ឆ្នាំ​២០១៥ សមាគម​បាន​ធ្វើ​ការ​អង្កេត​និង​អន្តរាគមន៍​អំពើ​រំលោភ​ចំនួន​១៣១ករណី។ ក្នុង​នោះ​រំលោភ​សេពន្ថវៈ​លើ ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ​៥​ករណី អាយុ​ក្រោម​ ១០​ឆ្នាំ​៣២​ករណី​ ក្រោម​អាយុ​១៨​ឆ្នាំ​មាន​៦៣​ករណី អាយុ​១៨​ឆ្នាំ​មាន​៣១​ករណី។ ១៣១​ករណី​នេះ​ទៀត​រំលោភ​សម្លាប់​ចំនួន​៣​ករណី រំលោភ​បូក​៦​ករណី និង​ជន​ពិការ​១៥​ករណី។ 

បើ​តាម លោក ធន សារ៉ាយ ការ​កើន​ឡើង​អំពើ​រំលោភ​សេពសន្ថវៈ​ដល់​ទៅ​៥១​ករណី​គឺ​កើត​ឡើង​គ្រប់​រូប​ភាព​តាម​រយៈ ឱពុក​រំលោភ​កូន​បង្កើត ជីតា​រំលោភ​ចៅ​បង្កើត​ជា​ដើម ដែល​កត្តា​ទាំង​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​សីលធម៌​សង្គម​គួរ​ឲ្យ​សង្វេគ។ ​មូលហេតុ​នៃ​ការ​កើន​ឡើង​ត្រូវ​បាន​លោក ធន សារ៉ាយ បញ្ជាក់​ថា​ ពាណិជ្ជកម្ម​ស្រា​ភ្ជាប់​ជាមួយ​រូបភាព​ស្រើប​ ស្រាល ការ​ហូរ​ចូល​នូវ​វីដេអូ​អាសអាភាស​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ លោក ធន សារ៉ាយ ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ជា​ជន​រងគ្រោះ​ក្លាយ​ជា​ឃាតករ​ទៅ​វិញ​បន្ទាប់​ពី​មាន​ការ​ធ្វើ​បាប​ពី​ដៃគូរ។

អាដហុក​បាន​ឲ្យ​ដឹង​ទៀត​ចំពោះ​ករណី​ជន​បរទេស​រំលោភ​មក​លើ​កុមារ​កម្ពុជា​មាន​១​ករណី​សម្រាប់​ឆ្នាំ​២០១៥​នេះ។ គឺ​ជនជាតិ​វៀតណាម​អាយុ​៣៦​ឆ្នាំ​រំលោភ​សម្លាប់​ទៅ​លើ​ទារិកា​អាយុ​១​ខួប​៣​ខែ។ អាដហុក​ក៏​បាន​បញ្ជូន​សំណុំ​រឿង​រំលោភ​ប្ដឹង​ដោយ​ជនរងគ្រោះ​ទៅ​កាន់​តុលាការ​មាន​៤៧​ករណី​សម្រាប់​៦​ខែ​ក្នុង​ឆ្នាំ​២០១៥​នេះ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​នេះ​ដែរ លោក​ស្រី ឆន សុគន្ធា ប្រធាន​កម្មវិធី​ស្ត្រី និង​កុមារ របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​បាន​ស្នើ​ទៅ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដាក់​ពិន័យ​ទៅ​កាន់​សមត្ថកិច្ច​ និង​អ្នក​អនុវត្ត​ច្បាប់​ដែល​មាន​និន្នាកា​រើសអើង​ជាមួយ​ជន​រងគ្រោះ ប្រសិន​បើ​ជន​រងគ្រោះ​មាន​និន្នាកា​ទៅ​រក​បក្ស​ប្រឆាំង។

ដោយ​ឡែក​ចំពោះ​ករណី​ហិង្សា​ក្នុង​គ្រួសារ​កើត​ឡើង​៧៤​ករណី​បើ​ធៀប​និង​រយៈពេល​ដូច​គ្នា​កាល​ពី​៦​ខែ​ឆ្នាំ​២០១៤។ ការ​ជួញដូរ​កម្លាំង​ពលកម្ម​មនុស្ស​និង​ផ្លូវ​ភេទ​គឺ​ថយ​ចុះ​ពី​ចំនួន​៩០​ករណី​បើ​ប្រៀប​ធៀប​ឆ្នាំ​២០១៤ តែ​ចំនួន​នៃ​ជន​រងគ្រោះ​មាន​ការ​កើន​ឡើង​ដល់​ទៅ​៤៣៨​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI