កម្ពុជា-កសិកម្ម

ក្រសួង​កសិកម្ម​ព្រមាន​ពី​ការ​ផ្ទុះ​រាលដាល​ដង្កូវ​ហ្វូង​ ដែល​កំពុង​បំផ្លាញ​ស្រូវ​និង​ដំណាំកសិករ

រូបថតៈសត្វដង្កូវហ្វូងកំពុងរាតត្បាតដំណាំនិងស្រូវកសិករ
រូបថតៈសត្វដង្កូវហ្វូងកំពុងរាតត្បាតដំណាំនិងស្រូវកសិករ @RFI

ក្រោយ​ផ្ទុះ​សត្វ​ល្អិត​ប្រភេទ​ដង្កូវ​ហ្វូង​ឬ​ដង្កូវ​ទ័ព ដែល​ស៊ី​បំផ្លាញ​ស្រូវ​និង​ដំណាំ​របស់កសិករ​នៅ​ក្នុង​ខេត្ត​ចំនួន​៨​រួម​មក​ មន្ត្រី​ជំនាញ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទបាន​ព្រមាន​ពី​​លទ្ធភាព ​ដែល​​សត្វ​​ដង្កូវ​​ទាំង​​នោះ​​អាច​​នឹង​​ផ្ទុះ​​ឡើង​​ជា​​បន្ត​​បន្ទាប់​​នៅ​​ក្នុង​​ខេត្ត​ផ្សេង​​ទៀត​ ប្រសិន​​បើ​​អាកាសធាតុ​​មិន​​អំណោយ​​ផល។ ជាង​​ពីរ​​សប្ដាហ៍​​ចាប់​​តាំង​​ពី​​ករណី​នេះ​​កើត​​ឡើង​​ស្រូវ​​និង​​ដំណាំ​​កសិករ​​ ប្រមាណ​​ជាង​​បី​​ពាន់​​ហិក​តា​​ រង​​ផល​​ប៉ះ​ពាល់។ ហើយ​​ថ្មី​ៗ​​នេះ​​សត្វ​​ដង្កូវ​​បាន​​បន្ត​​ផ្ទុះ​​ឡើង​​​នៅ​​ខេត្ត​​នៅ​​សៀមរាប​ និង​កំពង់ធំ។

ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​សត្វ​ដង្កូវ​ហ្វូង​ឬ​ដង្កូវទ័ព​ដែល​កំពុង​តែ​ស៊ី​បំផ្លាញ​ដំណាំ​និង​ស្រូវ​របស់​កសិកររហូត​មក​ដល់​ពេល​នេះនៅ​មិន​ទាន់​ថម​ថយ​នៅ​ឡើយ​ទេ​ដោយ​គ្រាន់​តែ​ខេត្ត​មួយចំនួន​ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន៨​ដែល​កំពុង​ជួប​ប្រទះ​នោះ​គឺ​ដង្កួវ​បាន​វិវដ្ដ​ទៅ​ជា​ដុកឌឿ។ មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា ដង្កូវ​ដែល​វិវដ្ដ​ទៅ​ជា​ដុក​ឌឿ​នេះ​លែង​ចោទ​ជា​បញ្ហា​ទៀតហើយ​ព្រោះ​វា​បាន​ទៅ​រស់​នៅ​ក្នុង​ដី។

លោក ស៊ូខន រិទ្ធីគន់ មន្ត្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា ប្រសិន​បើ​អាកាសធាតុ​មិន​អំណោយ​ផល​ជា​ពិសេស​ភ្លៀង​ធ្លាក់​មក​តិច​តួច​សត្វ​ដង្កូវ​ហ្វូងឬ​ដង្កូវ​ទ័ព​នឹង​ផ្ទុះ​ឡើង​ជា​លើក​ទី​ពីរ​ហើយ​វា​នឹង​បន្ត​ស៊ី​បំផ្លាញ​ដំណាំ​និង​ស្រូវ​របស់​កសិករ។ លោក​ពន្យល់​ថា សត្វ​ដង្កូវ​ទាំង​នេះ​ងាយ​នឹង​កើត​ឡើង​បន្ទាប់​ពី​កម្ពុជា​ជួបអាកាសធាតុ​ក្ដៅ​ខ្លាំង​និង​រាំង​ស្ងួត​ខុស​ពី​ឆ្នាំ​ធម្មតា ហើយ​មាន​ភ្លៀង​ធ្លាក់​ចុះ​មិន​គ្រប់គ្រាន់​នៅតាម​ខេត្ត​មួយចំនួន ចាប់តាំងពី​ដើមខែ​មិថុនា​នេះ ទើប​បង្ក​ភាពងាយស្រួល​ដល់​ការកកើត​នៃ​ដង្កូវ​ចង្រៃ​ទាំងនេះ​។​

លោក ស៊ូខន រិទ្ធីគន់ បាន​គូស​បញ្ជាក់​ថា នៅ​ខេត្ត​ត្បូង​ឃ្មុំ​សត្វ​ដង្កូវ​កំពុង​តែ​វាយ​លុកខ្លាំង​លើ​ដំឡូង​មី ហើយ​មន្ត្រី​ជំនាញ​របស់​ក្រសួង​កសិកម្ម​ក៏​កំពុង​មាន​វត្ត​មាន​នៅ​ទី​នោះដែរ​ដើម្បី​រក​វិធី​សាស្ត្រ​សង្គ្រោះ​ដំឡូង​មី។

ក្រសួង​កសិកម្ម​ក៏​បាន​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​តាម​ដាន​វត្ត​មាន​ដង្កូវ​ហ្វូង​ឬ​ដង្កូវ​ទ័ព​ទាំង​នោះដើម្បី​សង្គ្រោះ​ដំណាំ​ទាន់​ពេល​វេលា ។ កសិករ​អាច​កម្ចាត់​ដង្កូវ​ហ្វូង ឬ​ដង្កូវ​ទ័ព​ទាំងនោះ​បាន​ដោយ​ខ្លួនឯង ដោយ​ប្រើ​វិធី​ងាយៗរួមទាំង​ការដាក់​អន្ទាក់​សម្លាប់​ហ្វូង​មេអំបៅការជីក​ចង្អូរ​ទឹក​ព័ទ្ធ​ជុំវិញ​ដំណាំ​របស់ខ្លួននិង​ការ​កម្ចាត់​ដង្កូវ​ទាំងនោះ ដោយ​ការសំអាត​ស្មៅ​នៅ​ជុំវិញ​ដំណាំ​ជាដើម​។

សូម​បញ្ជាក់​ថា ខេត្ត​ដែល​កំពុង​ជួប​ប្រទះ​ដង្កូវ​ហ្វូង​រួម​មាន ខេត្តព្រះវិហារ ត្បួ​ង​ឃ្មុំ កំពង់ចាម បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រៃវែង និង​ស្ទឹងត្រែង ជាដើម។ ថ្មីៗ​នេះ​វា​បានរាល​ដាល​ដល់​ខេត្ត​សៀមរាប​និង​កំពង់​ធំ។  ក្នុង​នោះ​ដំណាំ​គ្រប់​ប្រភេទ​រួម​មាន ស្រូវ​ សំណាប ស្ពៃ សណ្ដែក ពោត ឱឡឹក ដំឡូងមី ល្ពៅ រង​ការ​ស៊ី​បំផ្លិច​បំផ្លាញ​ពី​ដង្កូវ​ហ្វូង។ យ៉ាង​ណា​ក៏​ដោយ​វត្ត​មាន​ដង្កូវ​ហ្វូង​នេះ​មិន​ប៉ះ​ពាល់​សុខភាព​មនុស្ស​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI