ស្ថាប័នពាក់ព័ន្ធមិនអាចអន្តរាគមភា្លមៗលើតម្លៃកសិផល
ចុះផ្សាយនៅថ្ងៃ៖
ក្រោយពីមានការតវ៉ាទាមទារឲ្យមានអន្តរាគមន៏ជួយរកតម្លៃទីផ្សារ ដែលឈានដល់ការបិទផ្លូវកាលពីម្សិលមិញ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មឲ្យដឹងនៅថ្ងៃនេះថា ក្រសួងមិនទាន់មានលទ្ធភាពជួយភ្លាមៗនោះទេ និងបានហៅការបិទផ្លូវថាមិនមែនជាដំណោះស្រាយវៃឆ្លាតទេ។
ឆ្លើយនឹងសំនួររបស់វិទ្យុបារាំងអន្តរជាតិ ថាតើមានដំណោះស្រាយបែបណា ដើម្បីជួយសម្រួលដល់តម្លៃកសិផលរបស់កសិករ កញ្ញាសឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងថា បើរដ្ឋាភិបាលធ្វើបែបនេះ គឺនឹងបបួលគ្នា(ប្រជាកសិករ)ទៅសម្លាប់ខ្លួនហើយ ព្រោះនេះគឺជាសេដ្ឋកិច្ចទីផ្សារសេរី។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា គេមិនអាចជួយឲ្យឡើងថ្លៃភ្លាមៗនោះទេ តែត្រូវការជំហានជាច្រើន ដើម្បីដើរដល់ចំណុចនេះ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែកក្កដា នៅស្រុកកំរៀង ខេត្តបាត់ដំបងប្រជាពលរដ្ឋបានផ្ទុះការតវ៉ាបិទផ្លូវ ដើម្បីសុំការអន្តរាគមន៍រកតម្លៃទីផ្សារពោត និងដំឡូងមី ដែលកំពុងធ្លាក់ថ្លៃ។ ក្រោយមកការតវ៉ានេះ ក៏បានរំសាយទៅវិញ បន្ទាប់ពីមានការអន្តរាគមពីអភិបាលខេត្តបាត់ដំបង។
នៅថ្ងៃទី១៤ ខែកក្កដានេះ លោកច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ប្រាប់វិទ្យុបារាំងយ៉ាងខ្លីថា ពេលនេះ លោកកំពុងតែប្រជុំដោះស្រាយលើបញ្ហាកសិផលរបស់ប្រជាកសិករ ដែលបានតវ៉ា ក្នុងស្រុកកំរៀង។
អ្នកនាំពាក្យក្រសួងកសិកម្មលោកហ៊ាន វណ្ណហន បញ្ជាក់ថាបញ្ហាតម្លៃនេះគឺលោកមិនចេះទេ ហើយលោកបញ្ជាក់ទៀតថាលោកមិនមានការងារទទួលខុសត្រូវលើរឿងនេះដែរ។ ប៉ុន្តែលោកបន្ថែមថា ប្រសិនបើកសិករជួបបញ្ហា ហើយមានកិច្ចសន្យាជាមួយនឹងភាគីមួយទៀត ដែលមានការចូលរួមពីនាយកដ្ឋានកសិកម្ម នោះនាយកដ្ឋានកសិកម្មនឹងចូលរួមដោះស្រាយ។
លោកច័ន្ទ សុផល អ្នកសេដ្ឋកិច្ច និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានលើកឡើងថា តម្លៃកសិផលគឺតែងតែមានឡើងមានចុះ ហើយលោកមិនឯកភាពទេចំពោះការលើកឡើងថា ឲ្យតែកសិករផលិតបាន តម្លៃកសិផលធ្លាក់ចុះ។ លោកបន្ថែមថាការចុះថ្លៃកសិផលនេះ គឺជាបញ្ហារបស់ពិភពលោកទាំងមូលតែម្តង។ លោកលើកឡើងថា ដំណោះស្រាយលើបញ្ហានេះ គឺអាស្រ័យលើរដ្ឋាភិបាល ពោលគឺរដ្ឋអាចទិញស្តុបទុកនៅកន្លែងណាមួយ ដើម្បីលក់ចេញនៅពេលដែលផលិតផលទាំងនោះមានតម្លៃឡើងវិញ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ ក៏មានកសិករ ស្រុកសង្កែ ខេត្តបាត់ដំបង ប្រមាណ៤០០នាក់ បានប្រមូលផ្តុំគ្នា យកគោយន្តដឹកស្រូវ ដាក់ពង្រាយលើផ្លូវជាតិលេខ៥ ដើម្បីបិទផ្លូវក្នុងគោលបំណងទាមទារតម្លៃស្រូវដែលរដ្ឋបានកំណត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ