កម្ពុជា-កសិកម្ម

រដ្ឋាភិបាល​ គ្រោង​ទម្លាក់​កញ្ចប់​ថវិកា​២០​ទៅ​៣០​លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​តម្លៃ​ស្រូវ

ស្រូវឆ្នាំនេះទទួលបានទិន្នផលល្អ
ស្រូវឆ្នាំនេះទទួលបានទិន្នផលល្អ © ស៊ីវ​ ចាន់ណា

ដំណោះស្រាយ លើ​បញ្ហា​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​យ៉ាង​គំហុក​នោះ​បាន​វិវដ្ដ​មួយ​កម្រិត​ទៀត​ហើយ​​​គឺរដ្ឋាភិបាល​គ្រោង​នឹង​ទម្លាក់​កញ្ចប់​ថវិកា​ចន្លោះ​ពី​២០​ទៅ​៣០​លាន​ដុល្លារ​ដើម្បីទិញ​ស្រូវ​ពី​ប្រជាពលរដ្ឋ។ នេះ​បើ​យោង​ទៅ​លើ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពិភាក្សា ស្ដីពី​ការប្រមូល​ទិញ​ស្រូវ អង្ករ​សម្រាប់​ការ​នាំ​ចេញ ទៅ​កាន់​ទីផ្សារ​អន្តជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ នា​ក្រសួង​ពាណិជ្ជ​កម្ម។

ផ្សាយពាណិជ្ជកម្ម

តាម​គម្រោង​នៅ​សប្ដាហ៍​ក្រោយ​រដ្ឋាភិបាល នឹង​ទម្លាក់​កញ្ចប់​ថវិកា​ប្រមាណ ២០​ទៅ៣០​លាន​ដុល្លារ តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ដើម្បី​ទិញ​ស្រូវ​ប្រជាពលរដ្ឋ​ ខណៈតម្លៃ​ស្រូវ​នៅ​ពេល​នេះ កំពុង​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក។ កញ្ចប់​ថវិកា ២០​ទៅ ៣០លាន​ដុល្លារ​នេះ​​គ្រាន់​តែ​ជា​ចំនួន​ទឹក​ប្រាក់​មួយ​បណ្ដោះ​អាសន្ន​ប៉ុណ្ណោះ ពោល​គឺចំនួន​ទឹក​ប្រាក់​ផ្លូវ​ការ​នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈបន្ទាប់​ពី​មាន​ចំណា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ។

សូម​បញ្ជាក់​ថា គម្រោង​នៃ​ការ​ទម្លាក់​កញ្ចប់​ថវិកា​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើ​ឡើងមួយ​ថ្ងៃ​បន្ទាប់​ពី ធនាគារ​ស្រូវ​បាន​ប្រកាស​ទិញ​ស្រូវ​ពី​កសិករ​ដែល​ជា​ប្រភេទ​ស្រូវ​សែនក្រអូប​សើម ក្នុង​តម្លៃ​៨៤០ រៀល​ស្មើ​នឹង​៧​បាត​ប្រាក់​ថៃ​ក្នុង​មួយ​គីឡូ​ក្រាម​ពី​កសិករផ្ទាល់​នៅ​នឹង​ស្រែ​ក្នុង​ខេត្តបាត់​ដំបង ពោធិ៍សាត់ និង បន្ទាយ​មាន​ជ័យ។  ធនាគារ​ស្រូវ​ទទួល​បាន​ហិរញ្ញ​ប្ប​ទាន​ពី​ធនាគារ​អភិវឌ្ឍន៍​ជន​បទ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់បន្ថយ​និង​ទប់​ស្កាត់​ការ​ធ្លាក់​​តម្លៃ​ស្រូវ​សែន​ក្រអូប​នា​ពេល​បច្ចុប្បន្ន។

លោក ច័ន្ទ សុផល អភិបាល​ខេត្ត​បាត់​ដំបង លោកឧកញ៉ា ភូ ពុយ ប្រធាន​សភាពាណិជ្ជកម្ម​ខេត្ត​បាត់​ដំបង និងភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​កាល​ពី​ថ្ងៃ​ទី ១៥ កញ្ញា​បាន​ចុះពន្យល់​កសិករ​ឲ្យ​ឈប់​លក់​ស្រូវ​សែន​ក្រអូប​សើម​ក្នុង​តម្លៃ​ក្រោម ៨៤០រៀល​ស្មើ​នឹង​៧បាត​ក្នុង​មួយ​គីឡូ។ កសិករ​គួរ​តែ​លក់​ក្នុង​តម្លៃ​ចាប់​ពី ៨៤០ រៀល​ស្មើ​នឹង​៧​បាត​ឡើងទៅ។

ការ​ចុះ​ទៅ​ពន្យល់​ដល់​កសិករ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​កសិកម្ម​នៅថ្ងៃទី១២កញ្ញា​បាន​​ចេញ​វិធាន​ការ​ទប់​ស្កាត់​ការ​ប្រមូល​ទិ​ញក​សិ​ផល​ពី​កសិករ​ក្នុង​តម្លៃ​ថោក​។ ជាការ​ទប់ស្កាត់ ដើម្បី​រក្សា​ស្ថិរ​ភាព​តម្លៃ​កសិផល​ ពិសេស​ថ្លៃ​ស្រូវ​ ដែល​តែ​ងតែ​កើត​ឡើង​ក្រោយ​ពេលប្រមូល​ផល​។

ដោយ​សារ​តែ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​យ៉ាង​គំហុក​បែប​នេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក វេង សុខន​ក៏​បាន​ចេញ​សូម​ទោស​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ក្រសួង​កន្លង​មក​មិន​បាន​ដោះស្រាយ​ទាន់​ពេល​វេលា នូវ​រាល់​កង្វល់​ទាក់​ទង​ទៅ​នឹង​ក្រុម​ឈ្មួញ​បន្ទាប តម្លៃ​កសិផលដែល​បាន​កើត​ឡើង​។ ព្រោះ​ការ​ងារ​នេះ​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​វិស័យ​ឯកជន ដែល​ត្រូវ​ធ្វើ​ការ​ពិនិត្យ​នឹង​ដោះ​ស្រាយ​រួម​គ្នា។

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​និង នេសាទ បាន​ចាត់​ឲ្យ ក្រុម​ការ​ងារ​តាម​ដាន និង​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​ផលិតកម្ម​កសិកម្ម និង​ការ​រក​ទី​ផ្សារ​កសិផល ពិនិត្យ​និង​ដោះស្រាយ​នូវ​រាល់​កង្វល់​របស់​ពលរដ្ឋ​ដែល​បាន​ជួប​ប្រទះ៕

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI