កម្ពុជា

រដ្ឋាភិបាលកម្ពុជាលើកឡើងពីគម្រោងធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍

លោកស ខេង​បញ្ជាឲ្យ​អាជ្ញាធរ​រាជធានីភ្នំពេញ​បង្ក្រាប​គ្រឿងញៀននៅ​តំបន់​ត្រពាំងឈូក​ឲ្យ​បាន​
លោកស ខេង​បញ្ជាឲ្យ​អាជ្ញាធរ​រាជធានីភ្នំពេញ​បង្ក្រាប​គ្រឿងញៀននៅ​តំបន់​ត្រពាំងឈូក​ឲ្យ​បាន​ @គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ

កាល​ពីថ្ងៃ​ម្សិលមិញ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង​ ថ្លែងថា​ រដ្ឋាភិបាល​មាន​ផែន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អន្តោប្រវេសន៍​ និង​ច្បាប់​ស្តី​ពី​សញ្ជាតិ​ ​ដើម្បី​ឲ្យស្រប​នឹង​សភាពការណ៍​​របស់​សង្គម​កម្ពុជា​បច្ចុប្បន្ន​នេះ​។​ ចំណែក​នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​បាន​បង្ហាញ​ការ​ស្វាគមន៍ ទន្ទឹម​នឹង​ក្តី​បារម្ភខ្លាំង​លើ​បញ្ហា​ជន​អន្តោប្រវេសន៍​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្រសួង​មហា​ផ្ទៃ​កំពុង​រៀបចំ​លិខិត​ស្នាម​ផ្សេងៗ​ ដើម្បី​បង្កើត​នូវ​ក្រុមការងារ​ក្នុងគោល​បំណង​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ពីរ​នេះ​។ ការថ្លែងរបស់លោកធ្វើឡើង​​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​អត្តសញ្ញាណ​កម្ម​ រយៈពេល​៣​ឆ្នាំ​ពីឆ្នាំ​២០១៤ ដល់ឆ្នាំ២០១៧ និង​លើក​ទិស​ដៅ​ការងារ​បន្ដ​ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ កាលពី​ថ្ងៃ​ទី​២២​ ខែមករា​។

គេហទំព័រ​អគ្គស្នង​កា​រដ្ឋាន​នគរបាល​ជាតិ​បាន​ដក​ស្រង់​ការ​លើក​ឡើង​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ ​ថា​ ការ​ផ្តល់​សញ្ជាតិ​ គឺជា​កិច្ចការ​អធិបតេយ្យភាព​របស់​រាជរដ្ឋាភិបាល​ មាន​ន័យ​ថា​ ការ​សម្រេច​ផ្តល់​សញ្ជាតិ​ដល់​អ្នក​ស្នើ​សុំ​ជា​ឆន្ទានុសិទ្ធិ​របស់​រាជរដ្ឋាភិបាល​ ហើយ​អគ្គនាយកដ្ឋាន​គ្រាន់តែ​ធ្វើ​ជា​សេនាធិការ​លើ​ការ​ទទួល​ពិនិត្យ​សំណុំ​បែបបទ​ និង​លើក​យោបល់​ ដោយ​ផ្អែក​តាម​ក្របខ័ណ្ឌ​ច្បាប់​ជា​ធរមាន​តែ​ប៉ុណ្ណោះ​ ។​

យោងតាម​​ច្បាប់ ស្តីពី​សញ្ជាតិ ឆ្នាំ​១៩៩៦ ការទទួលបាន​សញ្ជាតិខ្មែរ អាច​កើតឡើង នៅ​ក្នុង​ករណី ៣ ធំៗ៖ការទទួលសញ្ជាតិខ្មែរ​ពី​កំណើត, ការទទួលសញ្ជាតិខ្មែរ​តាមរយៈ​អាពាហ៍ពិពាហ៍, ការទទួលសញ្ជាតិខ្មែរ​តាមរយៈ​ការ​សុំចូល​សញ្ជាតិ (សញ្ជាតូបនីយកម្ម)។ ការផ្តល់​សញ្ជាតិខ្មែរ តាម​សញ្ជាតូបនីយកម្ម ក៏​ដូចជា ការ​ផ្តល់​សញ្ជាតិ​តាម​រយៈ​អាពាហ៍ពិពាហ៍​ដែរ គឺ​ត្រូវ​ធ្វើ​ឡើង​ ដោយ​ព្រះរាជក្រឹត្យ មានន័យថា ត្រូវ​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ។

សូមជម្រាប​ថា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ កម្ពុជា​បាន​សម្រេច​ផ្តល់​សញ្ជាតិ​តាម​ករណី​ខាង​លើ ដល់​ជនបរទេស​ប្រមាណ​ជាង១,៥ពាន់​នាក់។ នេះ​បើ​តាម​របាយ​ការណ៍​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​។

លោក សន ជ័យ ​នាយក​ប្រតិបត្តិសម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃទី២៣ ខែ​មករា​ថា ការ​ពិនិត្យ​មើល​ណា​មួយ ដែល​ស្វែង​រក​ភាព​វិជ្ជមាន​សម្រាប់​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​ការ​ល្អ។

លោក​បន្ថែម​ថា​បញ្ហា​ផ្តល់​ប័ណ្ណស្នាក់​នៅ​អចិន្ត្រៃយ៍​សម្រាប់​ជន​អន្តោប្រវេសន៍​គឺ​ជា​ចំណុច​មួយ ដែល​លោក​បារម្ភ​ខ្លាំង ព្រោះ​ពួកគេ​គួរតែ​ត្រូវ​បាន​កំណត់​រយៈពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក សន ជ័យ ក៏​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ដែរ ចំពោះ​ជំពូក​ស្តី​ពី​សញ្ជាតូបនីយកម្ម នៃ​ច្បាប់​ស្តីពីសញ្ជាតិ និង​ចំណុចទី៣ នៃ​មាត្រា៨ ​នៃ​ច្បាប់​ខាង​លើ​នេះ​។ លោក​ថា ការ​បារម្ភ​នេះ​កើត​ឡើង​ដោយ​សារជន​បរទេស ជា​ពិសេស ជន​ជាតិ​វៀតណាម​បាន​រស់​នៅ​ដោយ​ខុស​ច្បាប់ ជា​ច្រើន​ឆ្នាំ ហើយ​ការ​អនុវត្តន៍​ច្បាប់​មាន​ការ​យឺតយ៉ាវ​ និង​ស្តង់ដា​ខុស​គ្នា​ក្នុង​ចំណោម​ជនបរទេស​នៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI