កម្ពុជា-អាមេរិក

អាមេរិក​សង្ឃឹម​រក្សា​​ទំនាក់​ទំនង​ល្អ​​បើ​កម្ពុជា​ឈប់​ចោទ​ប្រកាន់ និង​រិះគន់​អាមេរិក​ "ដោយ​គ្មាន​មូលដ្ឋាន"

លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា
លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា REUTERS

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បន្ទាន់​មួយ នៅ​ថ្ងៃ​ទី ១៤​វិច្ឆិកា សម្តែង​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​រឹត​ត្បិត​លើ​សេរីភាព និង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ ជា​សេចក្តី​ថ្លែងការណ៍ ដែល​ធ្វើ​ឡើង​ក្រោយ​ពី​មាន​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ជាមួយ​នឹង​លោក Matt Pottinger ជំនួយ​ការ​រង​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​លោក Patrick Murphy ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍។ លើស​ពី​នេះ អាមេរិក ​ក៏​បាន​កត់​សម្គាល់​ពី​ "ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ការ​រិះគន់​ទៅ​លើ​សហរដ្ឋ​អាមេរិក" ថា​ផ្ទុយ​ពី​ស្មារតី​ដែល​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ។

ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ជា​កង្វល់​បំផុត​របស់​សហរដ្ឋ​អាមេរិក មក​លើ​រដ្ឋាភិបាល​កម្ពុជា គឺ​ជា​ការ​ប្រឆាំង​ទៅ​នឹង​វឌ្ឍនភាព​ប្រជាធិបតេយ្យ​របស់​ប្រទេស ដែល​រួម​មាន ការ​រឹត​ត្បិត​លើ​សេរីភាព​សារព័ត៌មាន ក្រុម​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ដូច​ជា​ការ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ដើម។ នេះ​បើ​តាម​ខ្លឹមសារ ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​សមាគម​អាស៊ាន ក្រោយ​មាន​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ ជាមួយ​នឹង​ជំនួយ​ការ​រង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់​ ត្រាំ និង​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍។

យោង​តាម​សេចក្តី​ថ្លែងការណ៍​នោះ អាមេរិក សង្ឃឹម​ថា​កម្ពុជានឹង​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​​គ្រឹះ​នៃដំណើរ​ការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ហើយ​អាច​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ សន្តិភាព និង​កំណែ​ទម្រង់​ផ្សេងៗ​ជា​បន្ត។ ក្រៅ​ពី​បង្ហាញ​នូវ​ការ​បារម្ភ​ហើយ អាមេរិក បាន​លើក​ឡើង​ពី​ខ្សែ​ចំណ​ង​មិត្ត​ភាព​នៃ​ប្រទេស​ទាំង​ពីរ ថា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​ការ​រិះគន់​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​សហរដ្ឋ​អាមេរិក រួម​ទាំង​ទៅ​លើ​មន្រ្តី​ទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​នោះ​ គឺ​ផ្ទុយ​ពី​ស្មារតី​នៃ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី​ប្រកប​ដោយ​ផល​ផ្លែ រវាង​ប្រទេស​ទាំង​ពីរ។

គួរ​ជម្រាប​ជូន​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ថ្លែង​ប្រាប់​ប្រធានាធិបតី​អាមេរិក ដោយ​លើក​ឡើង​ពី​ចំណុច​អវិជ្ជមាន​របស់​ស្ថានទូត​អាមេរិក​នៅ​ប្រទេស​កម្ពុជា ដែល​មិន​ទាន់​បាន​ដើរ​តាម​គោល​នយោបាយ​កែ​ប្រែ​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។ នៅ​ក្នុង​ជំនួប​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​លើក​ឡើង​ពី​បញ្ហា​គ្រាប់​បែក​គីមី ដែល​ទម្លាក់​ដោយ​សហរដ្ឋ​អាមេរិក​លើ​ទឹក​ដី​កម្ពុជា កាល​ចុង​ទស្សវត្ស​៦០ និង​ដើម​ទស្សវត្ស​៧០ និង​ដែល​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​​ពលរដ្ឋ​កម្ពុជា​រង​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI