ម៉ាឡេស៊ីអះអាងថា ស្ត្រីអាមេរិកម្នាក់ពីនាវា Westerdam លែងមានមេរោគកូរ៉ូណាថ្មី ឬ Covid-19 ហើយ
ចុះផ្សាយនៅថ្ងៃ៖
ម៉ាឡេស៊ីនៅថ្ងៃនេះបានអះអាងថា ស្ត្រីអាមេរិក វ័យ៨៣ឆ្នាំ ដែលចាកចេញពីនាវា Westerdam កាលពីសប្តាហ៍មុន លែងមានមេរោគកូរ៉ូណាថ្មី ឬ Covid-19 ហើយ។ នេះបើតាមការប្រកាសរបស់ឧបនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោកស្រី Wan Azizah នៅថ្ងៃទី ២១កុម្ភៈនេះ។ ភ្លាមៗក្រោយការប្រកាសនេះ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាដែលទំនងជាមិនយល់ស្របនឹងការប្រកាសនេះ អះអាងថា ស្ត្រីជនជាតិអាមេរិកនេះ មិនមាន COVID-19 តាំងពីដំបូងមកម៉្លេះ។
ថ្លែងប្រាប់សារព័ត៌មានThe Star របស់ម៉ាឡេស៊ី ថ្ងៃទី២១កុម្ភៈនេះ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកស្រី Wan Azizah ប្រកាសថា ស្ត្រីជនជាតិអាមេរិកដែលជាអ្នកដំណើរមកពីនាវា Westerdam ដែលឆ្លងកូរ៉ូណាវីរុសថ្មី ឥលូវត្រូវបានបញ្ជាក់ថាគ្មានមេរោគនោះទេ បន្ទាប់ពីទទួលការព្យាបាល និង ការធ្វើតេស្តជាបន្តបន្ទាប់ដោយក្រុមគ្រូពេទ្យម៉ាឡេស៊ី។
ការធ្វើតេស្តចុងក្រោយនេះទទួលលទ្ធផលអវិជ្ជមានក៏ពិតមែន ប៉ុន្តែស្រី្តរូបនេះនៅតែត្រូវបន្តសម្រាកតាមដាននៅមន្ទីរពេទ្យមួយរយៈសិន ពីព្រោះគាត់នៅមានបញ្ហាសុខភាព និង នៅតែមានបង្ហាញចេញនូវរោគសញ្ញានៅឡើយ។ នេះបើតាមលោកស្រី Wan Azizah ។
ជុំវិញរឿងនេះក្រសួងសុខាភិបាលកម្ពុជា មិនមានប្រតិកម្មផ្លូវការភ្លាមៗទេក៏ប៉ុន្តែ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាអះអាងតាមរយៈវិទ្យុបាយ័នថា ស្ត្រីអាមេរិកដែលធ្វើដំណើរតាមនាវា Westerdam ហើយចុះចតនៅកម្ពុជានេះ មិនមានឆ្លងជំងឺអ្វីតាំងពីដំបូងមកម្លេះ ពោលគឺអាជ្ញាធរម៉ាឡេស៊ី ជាអ្នកនិយាយ។ សម្រាប់ លោក លីសុវណ្ណ ប្រសិនបើមានជំងឺនេះមែន នោះមិនមែនចំណាយពេលវេលាខ្លីអាចព្យាបាលជានោះឡើយ។
គួររម្លឹកជូនថា ស្ត្រីអ្នកដំណើរអាមេរិករូបនេះ និងស្វាមី បានចាកចេញពីកម្ពុជាកាលពីថ្ងៃទី១៥ កុម្ភៈសប្ដាហ៍មុនក្នុងចំណោមអ្នកដំណើរ១៥៤នាក់នៅលើនាវាWesterdam។ ទៅដល់ទឹកម៉ាឡេស៊ី អ្នកស្រីក៏ត្រូវប្រកាសថា មានកូរ៉ូណាវីរុស ឯប្ដីរបស់គាត់ មិនមានឡើយ។ ចំណែក ឧបនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោកស្រី Wan Azizah នៅក្នុងសន្និសិទកាសែតកាលពីថ្ងៃទី១៦កុម្ភៈ ក៏បានបញ្ជាក់ថា ម៉ាឡេស៊ីបានធ្វើតេស្តស្ដ្រីជនជាតិអាមេរិកាំងវ័យ៨៣ឆ្នាំនោះ ចំនួនពីរដង។ ការធ្វើតេស្តទាំងពីរដងនោះ ចេញលទ្ធផលដូចគ្នា គឺ ស្ដ្រីរូបនោះ មានផ្ទុកមេរោគកូរ៉ូណា Covid-19 ពិតមែន។
ការបញ្ជាក់នេះធ្វើឡើង ក្រោយពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង នៅថ្ងៃអាទិត្យ ទី១៦កុម្ភៈ បានផ្ញើលិខិតផ្លូវការមួយទៅកាន់សមភាគីម៉ាឡេស៊ី ស្នើឲ្យពិនិត្យឡើងវិញ ចំពោះករណីរកឃើញមេរោគកូរ៉ូណា Covid-19។ ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា អ្នកដំណើរស្ដ្រីរូបនោះ មានសុខភាពល្អប្រសើរពេលចាកចេញពីកម្ពុជា។
បញ្ហានេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បានដាក់ជាសចម្ងល់ថា ប្តីប្រពន្ធរស់នៅជាមួយគ្នាហេតុអ្វីប្រពន្ធមានមេរោគកូរ៉ូណា បែរជាប្តីរបស់គាត់គ្មានទៅវិញ តើវាជាកូរ៉ូណាពិត ឬយ៉ាងណា?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ