កម្ពុជា

បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី បារម្ភ​ពី​ការ​ព្រមានលើ​បន្ទប់​ស្ថានការណ៍

បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​អាណត្តិទី៤នេះ​
បន្ទប់​ស្ថាន​ការណ៍ ដែល​សង្កេត​មើល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ ស​ង្កាត់ ​អាណត្តិទី៤នេះ​ Phearak Soeung

បណ្ដាញ​អាស៊ី​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី ហៅ​កាត់​ថា អាន់ហ្វ្រែល បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​ព្រមានពិនិត្យ​និង​ចាត់​វិធានការ​​លើ​ភាព​ស្រប​ច្បាប់​នៃ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍ ចុះ​ថ្ងៃ​ទី​៣០​មិថុនា​ម្សិលមិញ​។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​អាន់ហ្វ្រែល ការ​ព្រមាន​ចាត់​វិធានការ​លើ​បន្ទប់​ស្ថានការណ៍ បានបង្កើត​បរិយាកាស​ដាក់​​កម្រិត​មួយ​សម្រាប់​ការងារ​អង្គការ​សង្គម​ស៊ីវិល​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​បាន​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​លទ្ធភាព​ធ្វើ​ការងារ​របស់​សង្គម​ស៊ីវិល សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​ថែម​ទៀត​ផង​។ នេះ​បើ​តាម​អាន់ហ្វ្រែល​។

សូម​រំឭក​ជូន​ថា ការ​ព្រមាន​ពិនិត្យ​និង​ចាត់​វិធានការលើ​ភាព​ស្រប​ច្បាប់​នៃ​បន្ទប់​ស្ថានការណ៍ កើត​ឡើង​ក្រោយ​ពី​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​មួយ​ក្រុម​នេះ​ ​រិះគន់ពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៤ នៅ​កម្ពុជា​​។ ប៉ុន្តែអាន់ហ្វ្រែល​ចាត់​ទុក​ការ​រិះគន់ និង​មតិ​យោបល់​របស់​បន្ទប់​ស្ថានការណ៍​ចំពោះ​ការ​បោះ​ឆ្នោត​កន្លង​ទៅ​ថា ជា​ប្រការ​សំខាន់​ណាស់ ដើម្បី​រួម​ចំណែក​រំឭក​អំពី​ចំណុច​ដែល​ត្រូវ​កែ​លម្អ និង​រឿង​​អាទិភាពដែល​ត្រូវ​ធ្វើ មិន​ត្រូវ​​​ភ្លេច​។

ក្នុង​ន័យ​នេះ អាន់ហ្វ្រែល ស្នើ​ឲ្យ​រាជរដ្ឋាភិបាលគោរព​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ក្នុង​នោះ​ក៏​មាន​រួម​បញ្ចូល​ផង​ដែរ មតិ​រិះគន់​គោលនយោបាយ​របស់​រដ្ឋាភិបាល និងដំណើការ​​បោះ​ឆ្នោត​ជា​ទូទៅ​។

ជា​ការ​កត់​សម្គាល់ សេចក្ដី​ថ្លែងការណ៍​បារម្ភ​របស់​អាន់ហ្វ្រែល​ដូច្នេះ ធ្លាក់​ចុះ​មក​ចំ​ពេល​ដែល​ក្រសួង​មហាផ្ទៃ​កំពុង​តែ​ពិនិត្យ​មើល​ផ្លូវ​ច្បាប់ ថា​តើ​សកម្មភាព​របស់​បន្ទប់ស្ថានការណ៍​ខុស​ច្បាប់​ឬ​យ៉ាង​ណា​។ បន្ទាប់​ពី​ពិនិត្យ​ផ្លូវ​ច្បាប់​រួច ក្រសួង​នឹង​សម្រេច​អំពី​វិធានការ​ដែលត្រូវ​ធ្វើ​ចំពោះ​បន្ទប់​ស្ថានការណ៍​នា​ពេល​ខាង​មុខ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃទី​៣០​មិថុនា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI