បទយកការណ៍

ក្រុម​ទាយាទ​អង្គរ ៖ ក្តី​ស្រឡាញ់​អក្សរសាស្រ្ត​ខ្មែរ​ពិត​ប្រាកដ គួរ​ស្តែង​ចេញ​ជា​សកម្មភាព​

សំឡេង ០៧:៣០
ក្រុមទាយាទអង្គរ ប្រតិបត្តិករ​គម្រោងស្រាវជ្រាវ​ «លក្ខណៈពិសិដ្ឋនៃអក្សរសាស្រ្ត និងសាស្រា្តស្លឹករឹតខ្មែរ»
ក្រុមទាយាទអង្គរ ប្រតិបត្តិករ​គម្រោងស្រាវជ្រាវ​ «លក្ខណៈពិសិដ្ឋនៃអក្សរសាស្រ្ត និងសាស្រា្តស្លឹករឹតខ្មែរ» @RFI/SopheakSREY

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ព្រឹក​ថ្ងៃសុក្រ «ក្រុម​ទាយាទ​អង្គរ» ដែល​ជា បណ្តុំ​នៃ​យុវជន មាន​គោលដៅ​រួម​គ្នា ដើម្បី​វឌ្ឍនភាព​នៃ​ប្រជាជាតិ​ខ្មែរ បាន​ប្រកាស​អោយ​ដឹង​ ពី​ដំណើរ​​ការ ​គម្រោងស្រាវជ្រាវ​លើក​ដំបូង​របស់​ខ្លួន មាន​ឈ្មោះ​ថា «លក្ខណៈ​ពិសិដ្ឋ​នៃ​អក្សរសាស្រ្ត​ និង​សាស្រា្ត​ស្លឹករឹត​ខ្មែរ»។ លោក សី លីហ៊ាង ប្រធាន​ក្រុម​ទាយាទ​អង្គរ បាន​បញ្ជាក់​ថា គម្រោង​នេះ ជា​និន្នាការ​ថ្មី​មួយ ដែល​ជួយ​ធ្វើ​ឱ្យ​មាន​តុល្យភាព​គ្នា រវាង​អត្ត​សញ្ញាណ​ជាតិ​ខ្មែរ និង​ឥទ្ធិពល​នៃ​ទំនើប​ភាព​ដ៏​ខ្លាំងក្លា​នៅ​ក្នុងសង្គម​កម្ពុជា​ផង​ដែរ​។ ក្រុម​ទាយាទ​អង្គរ នឹង​បង្អួត​ពី វិសេសភាព​នៃ​អក្សរសាស្រ្ត​ និង​សាស្រ្តា​ស្លឹករឹតរបស់​ខ្មែរ លើ​វេទិកា​ពេញ​មួយ​ថ្ងៃ ដែល​នឹង​ប្រារព្ធ នៅ ថ្ងៃ​ចេញ​ព្រះវស្សា ត្រូវ​នឹង​ថ្ងៃ​អាទិត្យ ទី​១៦ ខែតុលា ឆ្នាំ​២០១៦ ខាង​មុខ នៅ មជ្ឈ​មណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) ដោយ រួម​មាន​កម្ម​វិធី សិក្ខា​សាលា ភាពយន្ត​ខ្នាត​ខ្លី ការ​តាំង​ពិព័រណ៍ បង្រៀន​ចុះហត្ថលេខា​បែប​ខ្មែរ ការ​ដាក់​ឈ្មោះ​បែប​ខ្មែរ ការ​សម្តែង​ទស្សនីយ​ភាព​ល្ខោន ជា​ដើម​។