អត្តពលិកបរទេសប្រមាណ ២៥០នាក់ កំពុងត្រៀមខ្លួនរត់ប្រណាំងព្រឹត្តិការណ៍ Angkor Ultra Trial នៅខេត្តសៀមរាប
អត្តពលិក ២៥០នាក់ មកពីប្រមាណ ២០ប្រទេស បានទៅដល់ខេត្តសៀមរាបហើយ នៅថ្ងៃទី ២០មករានេះ ដើម្បីចូលរួមនៅក្នុងព្រឹត្តិការណ៍ Angkor Ultra Trial ដែលជាព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង ក្នុងរយៈចម្ងាយឆ្ងាយ រហូតដល់ ១២៨គីឡូម៉ែត្រ។ ព្រឹត្តិការណ៍ Angkor Ultra Trial នឹងធ្វើឡើងរយៈពេល ១ថ្ងៃ ១យប់ ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤មករា ចុងសប្តាហ៍នេះ នៅជុំវិញតំបន់អង្គរ ក្នុងខេត្តសៀមរាប។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានអត្តពលិកបរទេស ប្រមាណ ២៥០នាក់ បានមកដល់ខេត្តសៀមរាប នៅថ្ងៃទី ២០មករា បន្ទាប់ពីបានឆ្លងផុតដំណាក់កាលទី១ នៃការពិនិត្យសុខភាព ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំង Angkor Ultra Trial នៅចុងសប្តាហ៍នេះ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រាប់វិទ្យុបារាំងថា អត្តពលិកទាំងនោះ នឹងត្រូវធ្វើការពិនិត្យសុខភាពមួយលើកទៀត នៅថ្ងៃទី ២២មករា មុនពេលចូលរួមប្រកួត នៅថ្ងៃទី ២៣មករា។
លោកវ៉ាត់ ចំរើន បានឲ្យដឹងទៀតថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានត្រៀមរួចរាល់ហើយនូវអ្នកបច្ចេកទេស ដែលជាមន្ត្រីជំនាញផ្នែកកីឡា ប្រមាណ ៥០នាក់ និងអ្នកស្ម័គ្រចិត្ត ១៥០នាក់ ដើម្បីជួយសម្រួល និងត្រួតពិនិត្យលើអ្នករត់ប្រណាំងទាំងអស់។ អត្តពលិកទាំងអស់ ត្រូវរត់ឥតឈប់ដោយឆ្លងកាត់តាមតំបន់ធម្មជាតិ តាមស្រែ ឬតាមប្រាសាទនានា។ ហើយអ្នករត់ប្រណាំងទាំងនោះ នឹងត្រូវតាមឃ្លាំមើលយ៉ាងម៉ត់ច្មត់ពីអ្នកបច្ចេកទេស ដែលជិះម៉ូតូតាមពីក្រោយ។
អត្តពលិកទាំងអស់ នឹងត្រូវត្រួតពិនិត្យការប្រកួត ពីរដំណាក់កាល ដើម្បីរកឲ្យឃើញអ្នកឈ្នះ ដោយដំណាក់កាលទី១ ពេលដែលអ្នករត់ រត់បាន ៧៤គីឡូម៉ែត្រ នឹងមានការពិនិត្យថា តើក្រោម ឬលើស ២១ម៉ោង។ បើសិនជាលើស ២១ម៉ោង អ្នករត់នោះ នឹងអស់ឱកាសសម្រាប់ទៅរត់បន្តទៀត ដោយសារម៉ោងនេះ មិនគ្រប់តាមស្តង់ដារ។ ការពិនិត្យដូចគ្នាដែរ គឺនៅពេលអត្តពលិក រត់បាន ១២៨គីឡូម៉ែត្រ ប្រសិនបើគេរត់លើសពី ២៨ម៉ោង គេនឹងមិនអាចទទួលបានជ័យជំនះទេ។ អ្នកឈ្នះ គឺអ្នកដែលប្រើថេរវេលាតិចជាងគេ ហើយរត់ត្រូវតាមផ្លូវនៃផែនទី ដែលគណៈកម្មការរៀបចំការប្រកួត បានកំណត់។
សូមបញ្ជាក់ថា អ្នកចូលរួមដែលជាជនជាតិបរទេស ត្រូវតម្រូវឲ្យបង់ប្រាក់ ១៦០ដុល្លារ សម្រាប់អ្នករត់ចម្ងាយ ១២៨គីឡូម៉ែត្រ ៩០ដុល្លារ សម្រាប់អ្នករត់ ៦៤គីឡូម៉ែត្រ និង៦០ដុល្លារ សម្រាប់អ្នករត់ ៣២គីឡូម៉ែត្រ។ ទឹកប្រាក់ពីព្រឹត្តិការណ៍នេះ នឹងត្រូវបង្វែរយកទៅឧបត្ថម្ភដល់អង្គការកុមារកំព្រា។
មន្ត្រីកីឡា និងទេសចរណ៍កម្ពុជា រំពឹងថា ព្រឹត្តិការណ៍ Angkor Ultra Trial នេះ នឹងធ្វើឲ្យកម្ពុជា អាចផ្សព្វផ្សាយពីវិស័យទេសចរណ៍បានកាន់តែទូលំទូលាយ និងជាពិសេស គឺអាចទាក់ទាញបានភ្ញៀវទេសចរបរទេស មកទស្សនាតំបន់រមណីយដ្ឋាន ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូចជាប្រាសាទអង្គរវត្តជាដើម ឲ្យកាន់តែច្រើនឡើង។ ក្នុងផ្នែកកីឡាវិញ ព្រឹត្តិការណ៍នេះ រំពឹងថា នឹងធ្វើឲ្យពលរដ្ឋខ្មែរ យល់ដឹងបន្ថែមពីប្រភេទនៃការរត់ប្រណាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ