យុវជនម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីលួចគណនីហ្វេសប៊ុកអ្នកដទៃជាង២០០គណនី ដើម្បីបោកយកប្រាក់
ចុះផ្សាយនៅថ្ងៃ៖
យុវជនម្នាក់ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣០ឧសភា បន្ទាប់ពីយុវជនរូបនេះ ធ្វើសកម្មភាព Hack ហ្វេសប៊ុកអ្នកដទៃ រហូតដល់ជាង២០០គណនី ដើម្បីឆបោកយកប្រាក់។ បើតាមការឲ្យដឹងពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ មានជនរងគ្រោះជាម្ចាស់គណនីហ្វេសប៊ុកចំនួន៥០ ដែលបានចាញ់បោកយុវជនម្នាក់នេះ។
យុវជនដែលធ្វើសកម្មភាព Hack ហ្វេសប៊ុកអ្នកដទៃដើម្បីឆបោកយកប្រាក់នេះ មានឈ្មោះ គ្រួច ស៊ីឆៃ អាយុ២២ឆ្នាំ រស់នៅក្រុងភ្នំពេញ។ សមត្ថកិច្ចបានបើកប្រតិបត្តិការប្រមាញ់យុវជនរូបនេះ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ។ ជនរងគ្រោះចោទប្រកាន់យុវជន គ្រួច ស៊ីឆៃ ថាបានលួចចូលទៅប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នកដទៃដោយគ្មានការអនុញ្ញាត រួចផ្ញើសារទៅខ្ចីប្រាក់ពីមិត្តភក្តិនៅក្នុងហ្វេសប៊ុក ដោយតម្រូវឲ្យផ្ញើប្រាក់តាមក្រុមហ៊ុនវេរលុយ។
ក្រោយពេលត្រូវបានចាប់ខ្លួន យុវជន គ្រួច ស៊ីឆៃ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនធ្លាប់ឆរបោកប្រាក់ជាច្រើនលើកច្រើនសារ តាមរយៈការលួចចូលគណនីហ្វេសប៊ុកបានប្រមាណ២០០គណនី។ ក្នុងនោះ ម្ចាស់គណនីហ្វេសប៊ុកជាង៥០ បានក្លាយជាជនរងគ្រោះ ចាញ់បោកការឆរបោកយកប្រាក់នេះ។ រហូតមកទល់ពេលនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ កំពុងតែកសាងសំណុំរឿងនេះ បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
តាមរយៈករណីនេះ លោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្ន។ ប្រយ័ត្នចំពោះករណីផ្ញើសារជាអក្សរឬសំឡេង ដើម្បីខ្ចីប្រាក់តាមបណ្ដាញសង្គម។ ក្នុងករណីដែលប្រជាពលរដ្ឋជួបប្រទះបញ្ហា ដូចជាការលួចយកគណនីហ្វេសប៊ុក ឬបោកប្រាស់តាមបណ្ដាញសង្គមផ្សេងៗ ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្ដឹងបាន នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលមានអាសយដ្ឋាននៅក្រសួងមហាផ្ទៃ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ