កម្ពុជា-សំណង់

សំណង់​មិន​ស្រប​ច្បាប់​នៅ​តំបន់​អង្គរ​បាន​រុះរើ​ចេញ​ប្រមាណ ២៥% ហើយ

អាជ្ញាធរ​ជាតិ​​អប្សរា ចុះ​រុះរើ​សំណង់​នៅ​តំបន់​អង្គរ
អាជ្ញាធរ​ជាតិ​​អប្សរា ចុះ​រុះរើ​សំណង់​នៅ​តំបន់​អង្គរ @APSARA Athourity

ក្រោយ​ពី​ចំណាត់​ការ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប ​និង​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​រុះរើ​សំណង់​នៅ​តំបន់​អង្គរ​រួច​មក ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ស្ម័គ្រ​ចិត្ត​រុះ​រើ​ខ្លួន​ឯង ដើម្បី​ជៀស​វាង​ការ​ខូច​ខាត​ ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ធ្ងន់​ធ្ងរ។ បើ​គិត​ចាប់​ពី​ថ្ងៃ​ម្សិល​មិញ រហូត​មក​ដល់​ថ្ងៃ ១៤ សីហា សកម្មភាព​រុះរើ​សំណង់​ខុស​ច្បាប់ មាន​ជាង ៦០​ករណី ដែល​ជា​ការ​រុះ​រើ​របស់​កង​កម្លាំង​ចំរុះ និង ៤០​ទៅ ៥០​ករណី ផ្សេង​ទៀត គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត​រុះរើ​របស់​ប្រជាពលរដ្ឋ។

ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយ៖ តាន់ គឹមច័ន្ទវាសនា​ និងទី កញ្ញា

លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ស្ថានភាព​ការ​រុះរើ​សំណង់​មិន​ស្រប​ច្បាប់​ដំណើរ​ការ​ជា​ប្រក្រតី ដោយ​សារ​តែ​ប្រជាពលរដ្ឋ​បាន​ភ្ញាក់​រលឹក​ក្នុង​ការ​រុះរើ​ដោយ​ខ្លួន​ឯង ដូច្នេះ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​កង​កម្លាំង​ចំរុះ​ចុះ​រុះរើ​នោះ​ទេ តែ​ប្រជាពលរដ្ឋ​អាច​ស្នើ​សុំ​កម្លាំង​ឲ្យ​ជួយ​រុះរើ​បាន ដោយ​រក្សា​ទ្រព្យ​សម្បត្តិ​របស់​គាត់។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ប្រជាពលរដ្ឋ​ស្ម័គ្រ​ចិ​ត្តរុះ​រើ​ដោយ​ខ្លួន​ឯង អាជ្ញាធរ​អនុញ្ញាត​អោយ ១ ទៅ​២ ថ្ងៃ​បន្ថែម​ទៀត ក្នុង​ការ​រុះរើ។

អ្នក​នាំ​ពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ថា សំណង់​មិន​ស្រប​ច្បាប់​នៅ​ក្នុង​តំបន់​អង្គរ​សរុប​មាន​ជាង​៥០០​សំណង់ ក្នុង​នោះ​មាន​ការ​រុះ​រើ​បាន​ជិត​១០០​ករណី ស្មើ​ប្រមាណ​២៥% ដែល​រួម​បញ្ចូល​ទាំង​ការ​រុះរើ​ដោយ​សមត្ថកិច្ច​ពាក់​ព័ន្ធ និង​ការ​ស្ម័គ្រ​ចិត្ត។

ដោយ​ឡែក អ្នកស្រី វិន សាដា​ ដែល​ជា​ប្រជាពលរដ្ឋ​សាង​សង់​ផ្ទះ​នៅ​ភូមិ​រហាល បាន​ត្អូញ​ត្អែរ​ថា អ្នក​ស្រី​មិន​អស់​ចិត្ត​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​នោះ​ទេ ដោយ​អះអាង​ថា អ្នក​ស្រី​នៅ​តែ​ចង់​តវ៉ា​ដើម្បី​អោយ​មាន​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់ ដោយ​ហេតុ​ថា មុន​នឹង​អ្នក​ស្រី​សាង​សង់​ផ្ទះ​អ្នក​ស្រី​បាន​សុំ​ការ​អនុញ្ញាត​ពី​មេភូមិ​ចាស់ តែ​ការ​អនុញ្ញាត​នេះ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ពី​អាជ្ញាធរ​នោះ​ទេ។

គួរ​រំលឹក​ថា អាជ្ញាធរ​អប្សរា រួម​នឹង​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ជូន​ដំណឹង​ចំនួន​ពីរ​លើក​រួច​មក​ដែល​លើក​ទី​១ ក្នុង​ខែ​កក្កដា ហើយ​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​០១​ ខែ ​សីហា ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​នាំ​គ្នា​ទៅ​សាង​សង់​សំណង់​ខុស​ច្បាប់​នៅ​តំបន់​ អង្គរ​កាល​ពី​ពេល​កន្លង​ទៅ។ សេចក្ដី​ជូន​ដំណឹង​ទាំង​ពីរ​លើក​នោះ បាន​បញ្ជា​ឲ្យ រុះរើ​ចេញ​ដោយ​ខ្លួន​ឯង​មុន​នឹង​ចំណាត់​ការ​ចុង​ក្រោយ​ដោយ​អាជ្ញាធរ​នៅ​ថ្ងៃ ​ទី​១០ ខែ​សីហា​នេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI