កម្ពុជានិងចិន ប្តេជ្ញាធ្វើសមយុទ្ធនាគមាសដូចការគ្រោងទុក បើទោះបីកំពុងប្រឈមនឹងមេរោគកូរ៉ូណា
ចុះផ្សាយនៅថ្ងៃ៖
កម្ពុជា និង ចិន បានប្រកាសអះអាងឱ្យដឹងដូចគ្នាកាលពីថ្ងៃចន្ទថា សមយុទ្ធយោធានាគមាស ឆ្នាំ២០២០ រវាងកងទ័ពកម្ពុជា និងកងទ័ពចិន នឹងធ្វើឡើងដូចការគ្រោងទុកនៅក្នុងខែមីនានេះ បើទោះបីមេរោគកូរ៉ូណាឫ Covid-19កំពុងវាយលុកនៅក្នុងប្រទេសចិនក៏ដោយ។ ការប្រកាសអះអាងដូចគ្នានេះ ធ្វើឡើងបន្ទាប់ពីអាមេរិក និងកូរ៉េខាងត្បូងបានប្រកាសពន្យារពេលធ្វើសមយុទ្ធយោធារួមគ្នា ដោយសារតែបញ្ហាឆ្លងរីករាលដាលនៃមេរោគកូរ៉ូណា ឫ Covid-19។
«គ្មានស្អីប្រែប្រួលទេ» នេះ គឺជាបញ្ជាក់ច្បាស់របស់លោកទៀ បាញ់ ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាចំពោះការរៀបចំធ្វើសមយុទ្ធនាគមាសរវាងកម្ពុជានិងចិននៅក្នុងខែមីនា ឆ្នាំ២០២០នេះទៅកាន់ក្រុមអ្នកសារព័ត៌មាន។ ក្រុមអ្នកសារព័ត៌មានដែលបានចោទសួររូបលោកនៅក្រោយពិធីប្រគល់ និងទទួលសម្ភារការពារទប់ស្កាត់មេរោគកូរ៉ូណាថ្មី ឬ Covid-19របស់ក្រសួងការពារជាតិទៅឱ្យស្ថានទូតចិនប្រចាំនៅកម្ពុជា។ បើតាមលោកទៀ បាញ់ បើទោះបីចិនកំពុងបន្តរងនូវការវាយប្រហារពីមេរោគឆ្លងកូរ៉ូណាយ៉ាងណាក៏ដោយ ក៏វាមិនអាចមកផ្អាកគម្រោងការ និងដំណើរការកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនបានទេ។
ចំណែក លោកវ៉ាង វិនធាន ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងភ្នំពេញវិញ ក៏បានបញ្ជាក់ច្បាស់ៗដូចគ្នានេះដែរ។ លោកឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា បើទោះបីមេរោគកូរ៉ូណាឫCovid-19 មានភាពកាចសាហាវខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែវាមិនមកអាចរារាំងកិច្ចសហប្រតិបត្តិការ និង ការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងចិន និងកម្ពុជាបានឡើយ។ លោកសង្កត់ធ្ងន់ថា សមយុទ្ធនាគមាសឆ្នាំ២០២០ រវាងកងទ័ពចិន និងកម្ពុជា នឹងប្រព្រឹត្តទៅតាមផែនការនាពេលខាងមុខនេះ។
ជាការកត់សម្គាល់ ការប្តេជ្ញាបន្តរៀបចំឱ្យបាននូវសមយុទ្ធនាគមាសរវាងកម្ពុជា និងចិនដោយមិនខ្លាចពីមេរោគឆ្លងកូរ៉ូណានេះ គឺផ្ទុយនឹងសហរដ្ឋអាមេរិក និងកូរ៉ូខាងត្បូង។ សហរដ្ឋអាមេរិក និងកូរ៉ូខាងត្បូងកាលពីពេលថ្មីៗនេះ បានចេញមកប្រកាសរួមគ្នាដោយពន្យារពេលការធ្វើសមយុទ្ធយោធានៅក្នុងឆ្នាំនេះដោយមិនកំណើតពេលវេលា។ តាមកូរ៉េខាងត្បូង ការពន្យារពេលនេះ គឺដើម្បីសុវត្ថិភាពមន្រ្តីយោធានៃប្រទេសទាំងពីរ បន្ទាប់ពីយោធាកូរ៉េខាងត្បូងមួយចំនួនបានឆ្លងមេរោគកូរ៉ូណានេះ។
សូមបញ្ជាក់ថា យោធាកម្ពុជា និងចិន នឹងធ្វើសមយុទ្ធយោធារួមគ្នានៅពាក់កណ្តាលខែមីនា ខាងមុខនេះ នៅក្នុងស្រុកជុំគិរី ខេត្តកំពត។ សមយុទ្ធយោធានេះ នឹងធ្វើឡើងក្រោមប្រធានបទ «ប្រឆាំងភេរវកម្ម និងកិច្ចការមនុស្សធម៌»ដោយមានវិញ្ញាសារដូចជា ការប្រឆាំងភេរវកម្ម ការរំដោះចំណាប់ខ្មាំង ការសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ និងការបំពេញភារកិច្ចក្រោមឆត្រអង្គការសហប្រជាជាតិ។ សមយុទ្ធយោធានេះ នឹងមានការប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌធំៗដូចជា រថក្រោះ រថពាសដែក កាំភ្លើងធំ កាំភ្លើងត្បាល់និងឧទ្ធម្ភាគចក្រជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ