រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តម្រូវឲ្យគណបក្សចំនួនពីរប្តូរឈ្មោះចេញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់មន្ត្រីក្រោមឱវាទ របស់លោកឲ្យពិភាក្សាជាមួយគណបក្សចំនួនពីរ ធ្វើការផ្លាស់ប្តូរឈ្មោះរបស់គណបក្សទាំងនោះចេញ ដើម្បីកុំឲ្យមានការភាន់ច្រឡំនឹងឈ្មោះរបបដឹកនាំប្រទេស។ ជាការឆ្លើយតប តំណាងគណបក្សទាំងពីរអះអាងថា ឈ្មោះគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និង គណបក្សខ្មែរសាធារណរដ្ឋគឺគ្រាន់តែជាឈ្មោះរបស់គណបក្សប៉ុណ្ណោះ។
ពីខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែកញ្ញា នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហាញការយល់ឃើញថា ឈ្មោះរបស់គណបក្សទាំងពីរនេះ គឺមិនបានបង្ហាញពីរបបនយោបាយរបស់គណបក្សនោះទេ ក៏ប៉ុន្តែមនុស្សមួយចំនួនមានការព្រួយបារម្ភថា បើគណបក្សទាំងពីរនេះឈ្នះ អាចនឹងមានការដូររបប ពីរបបរាជានិយម ទៅជារបបសាធារណរដ្ឋ។ ដូច្នេះត្រូវតែមានការដូរឈ្មោះរបស់គណបក្សទាំងពីរនេះចេញ។
ជាការកត់សម្គាល់ ការអះអាងរបស់ លោក ស ខេង ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានបញ្ចប់ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។ ជាការបោះឆ្នោត ដែលគណបក្សទាំងពីរនេះ បានចូលរួមផងដែរ តែមិនទទួលបានអាសនៈសោះឡើយ ខណៈគណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈក្នុងសភាទាំង១២៥ ។ ការបោះឆ្នោត ដែលមិនមានវត្តមានអតីតគណបក្សសង្គ្រោះជាតិចូលរួមនេះ គឺរងការរិះគន់ពីសហគមន៍អន្តរជាតិ ពិសេសអាមេរិក និងសហភាពអឺរ៉ុប។
បើតាមប្រធានគណបក្សខ្មែរសាធារណរដ្ឋ លោក លន់ ឫទ្ធិ ការគិតថាគណបក្សរបស់លោកឈ្នះអាចនឹងដូររបបដឹកនាំទៅជារបបសាធារណរដ្ឋវិញនោះ ជារឿងមិនត្រឹមត្រូវទេ ហើយគណបក្សរបស់លោកគោរពតាមរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ។ លោកបញ្ជាក់ថា ខ្មែរសាធារណរដ្ឋនាពេលនេះ គឺគ្រាន់តែជាឈ្មោះរបស់គណបក្សតែប៉ុណ្ណោះ ហើយថា គណបក្សរបស់លោក មិនមានបំណងណាមួយក្នុងការដូរឈ្មោះគណបក្សបច្ចុប្បន្ននេះទេ។
ដោយឡែក លោក ចាន់ យ៉េត អនុប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ បានអះអាងថា បើមានការស្នើឲ្យគណបក្សរបស់លោកដូរឈ្មោះ នោះគណបក្សរបស់លោកនឹងជជែកពិភាក្សាផ្ទៃក្នុងជាមុនសិន ហើយនឹងប្រាប់ទៅកាន់ក្រសួងមហាផ្ទៃវិញ។ លោកបញ្ជាក់ថាសាធារណរដ្ឋប្រជាធិបតេយ្យគ្រាន់តែជាឈ្មោះរបស់គណបក្សប៉ុណ្ណោះ ហើយលក្ខខន្តិកៈរបស់គណបក្សគឺគោរពរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ